ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា កម្ពុជាបានអនុម័តម្រោងវិនិយោគរបស់សឹង្ហបុរី ចំនួន ១២៧គម្រោង ក្នុងទំហំទឹកប្រាក់១.៥៣ប៊ីលានដុល្លារអាមេរិក គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះនៅកម្ពុជា។

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ CDC និងសហព័ន្ធធុរកិច្ចសឹង្ហបុរី (SBF) ការគាំទ្រពីស្ថានទូតសឹង្ហបុរីប្រចាំនៅកម្ពុជា និងស្ថានទូតកម្ពុជាប្រចាំនៅសិង្ហបុរី បានរៀបចំសិក្ខាសាលាស្វែងយល់ពីកម្ពុជា៖ «ការយល់ដឹងពីកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា»។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានលើកឡើងថា «គិតត្រឹមខែមិថុនា ឆ្នាំ២០២២ គម្រោងវិនិយោគរបស់សឹង្ហបុរីដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងកំពុងមានប្រតិបត្តិការមានចំនួន ១២៧គម្រោង ក្នុងវិស័យទេសចរណ៍ កម្មន្តសាល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងទៀត ក្នុងទឹកប្រាក់សរុបប្រមាណឹ១,៥៣ ប៊ីលានដុល្លារអាមេរិក»។

ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅកម្ពុជា បានឲ្យដឹងថា សឹង្ហបុរីស្ថិតក្នុងចំណោមវិនិយោគិនបរទេសធំជាងគេទាំង៥របស់កម្ពុជា ដោយការវិនិយោគគ្របដណ្តប់លើវិស័យនានារួមមាន អចលនទ្រព្យ, ថាមពល, ពាណិជ្ជកម្មនិងចែកចាយ, ម្ហូបអាហារ/អ្នកប្រើប្រាស់, ការអប់រំ និងហិរញ្ញវត្ថុ។ ប្រទេសទាំងពីរមានការតភ្ជាប់ជើងហោះហើរចំនួន ៣៥ជើង ក្នុងមួយសប្តាហ៍។

លោកជំទាវ តែវ ឡាយឆេង ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅកម្ពុជា បានបន្ថែមថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស មានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅអាស៊ី កម្ពុជាបានងើបចេញពីជំងឺកូវីដ១៩ បន្ទាប់ពីបានសម្រេចដោយជោគជ័យនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយត្រូវបានរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចដែលមានកម្រិតខ្ពស់ដូចមុន។
ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ CDC បានថ្លែងថា «បរិស្ថានវិនិយោគនៅកម្ពុជា មានភាពអំណោយផលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់រង់ចាំទទួលការវិនិយោគរបស់សឹង្ហបុរី ដើម្បីច្បាមយកនូវកាលានុវត្តភាពដ៏លើសលុប ក្នុងវិស័យកសិចំណីអាហារ, សេវាកម្ម និងកម្មន្តសាល។
ឯកឧត្តម បន្តថា ការវិនិយោគសឹង្ហបុរីនៅកម្ពុជា ពិតជាមានសារៈសំខាន់ សូមអំពាវនាវឱ្យមានការវិនិយោគកាន់តែច្រើនថែមទៀត ពីវិនិយោគិនសក្តានុពលសឹង្ហបុរី ដែលនឹងរួមចំណែកដល់ការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាបានយ៉ាងឆាប់រហ័ស»។
ឯកឧត្តម បានថ្លែងអំណរគុណដល់ធុរជនសឹង្ហបុរី ដែលបានជ្រើសយកកម្ពុជា ក្នុងការបណ្តាក់ទុននាពេលកន្លងមក៕