ឥណ្ឌូនេស៊ី-ចិន ៖ ក្នុងដំណើរទស្សនកិច្ចការងាររយៈពេលបីថ្ងៃ ជើងទីមួយរបស់លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី ទៅកាន់ប្រទេសចិន និងគ្រាដែលបានជួបប្រជុំជាមួយ លោក Xi Jinping កាលពីថ្ងៃអង្គារ នៅទីក្រុងប៉េកាំង ផងនោះ លោក Widodo បានសម្តែងក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចនេះ នឹងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ។
បើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ដំណើរទស្សនកិច្ចដែលធ្វើឡើងតបតាមការអញ្ជើញរបស់ លោកស៊ី ជិនពីង ប្រធានាធិបតីចិន លោក Joko Widodo បាននិយាយថា ចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ឥណ្ឌូនេស៊ី, យើងត្រូវតែបំពេញភាពជាដៃគូនេះ ជាមួយនឹងកិច្ចសហប្រតិបត្តិការដែលមានអត្ថប្រយោជន៍ សម្រាប់ប្រទេសរបស់យើង ហើយក្នុងពេលតែមួយសម្រាប់តំបន់ និងពិភពលោកទាំងមូល។

ជាការឆ្លើយតប ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា លោក Widodo គឺជាប្រមុខរដ្ឋដំបូងគេដែលភាគីចិនបានទទួលបន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដោយសង្កត់ធ្ងន់ថា នេះគឺគ្រប់គ្រាន់ហើយដើម្បីបញ្ជាក់ថា តើទំនាក់ទំនងរវាងភាគីទាំងពីរមានភាពស្និទ្ធស្នាលប៉ុណ្ណា ហើយយើងនឹងពង្រឹងភាពស្និទ្ធស្នាលនេះដើម្បីផលប្រយោជន៍រួម។
ការពង្រឹងទំនាក់ទំនងរវាងចិន និងឥណ្ឌូនេស៊ីនេះ ត្រូវបានមជ្ឈដ្ឋានអន្តរជាតិមើលឃើញថា ជាឱកាសក្ដោបយកអាស៊ីប៉ាស៊ីហ្វិចរបស់ចិន ដើម្បីឥទ្ធិពលនយោបាយពិភពលោក ខណៈមហាអំណាចសហរដ្ឋអាមេរិក កំពុងតែផ្ដោតការយកចិត្តទុកដាក់លើបញ្ហានេះផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









