ជាការពិតណាស់ នៅតាមតំបន់ខ្លះ សេវាទូរស័ព្ទ ឬ អុីនធើរណែត គឺពុំមានគ្រប់គ្រាន់នោះទេ ពោលគឺសឹងតែមិនអាចប្រើប្រាស់បានតែម្តង។ ក្នុងនោះ ជាពិសេស នៅតាមប្លុកបុរីជាច្រើន គេតែងឮសូរប្រជាពលរដ្ឋ រអ៊ូរទាំយ៉ាងខ្លាំង ទាក់ទងរឿង «គ្មាន» សេវាទូរស័ព្ទ។ ទាក់ទងករណីនេះ ពួកគាត់បាននិយាយថា រាល់ថ្ងៃ ពិតជាសំខាន់ណាស់ ដែលមនុស្សត្រូវទាក់ទងគ្នាក្នុងការធ្វើជំនួញ ដោះស្រាយបញ្ហាផ្សេងៗ ទំនាក់ទំនងជាមួយសាច់ញាតិ បងប្អូនតាមទូរស័ព្ទ ចុះបើទូរស័ព្ទអត់សេវា សួរថាតើនៅពេលមានគ្រោះហេតុអ្វីមួយកើតឡើង តើរកអន្តរាគមន៏ទាន់សភាពការបានទេ?។
ដោយសារតែបញ្ហានេះ នៅតែកើតឡើង និងហាក់គ្មានសង្ឃឹមទៅលើក្រុមហ៊ុនទូរស័ព្ទ ដោះស្រាយចំពោះបញ្ហាខ្សោយសេវាទូរស័ព្ទនេះ ទើបប្រជាពលរដ្ឋមួយចំនួន បានសម្រេចចិត្តរិះរកវិធីដោះស្រាយដោយខ្លួនឯង ដោយពួកគាត់ត្រូវចំណាយទិញឧបករណ៍បង្កើនសេវាទូរស័ព្ទ អស់លុយមួយគគោក។
តែយ៉ាងណាមិញ ក្រោយពីបានឃើញប្រជាពលរដ្ឋ នាំគ្នាប្រើប្រាស់ឧបករណ៍ជំនួយបង្កើនសេវាទូរស័ព្ទច្រើន ស្រាប់តែថ្មីៗនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសេចក្តីជូនដំណឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឲ្យប្រជាពលរដ្ឋបញ្ឈប់ប្រើប្រាស់ ឬ រុះរើឧបករណ៍ពង្រីកសេវានេះជាបន្ទាន់ ដោយក្រសួងបានអះអាងថា វាបានបង្កការរំខាន់ និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័តនៅក្នុងតំបន់នោះ។
ជាមួយការជូនដំណឹងស្នើឲ្យប្រជាពលរដ្ឋរុះរើ ឬ ដកចេញឧបករណ៍បង្កើនសេវាទូរស័ព្ទនេះ ក្រសួងក៏បានព្រមានដល់អ្នកពាក់ព័ន្ធនាំចូលឧបករណ៍បង្កើនសេវាទូរស័ព្ទគ្រប់ប្រភេទ ត្រូវបញ្ឈប់ជាបន្ទាន់ ពុំនោះទេនឹងចាត់វិធានការតាមផ្លូវច្បាប់។
តែទោះជាយ៉ាងណា ក្រោយពីបានឃើញក្រសួងព្រមានបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋជាអ្នកប្រើប្រាស់បណ្តាញសង្គម ផ្ទុះការហួសចិត្តយ៉ាងខ្លាំងតែម្តង និងបានបញ្ចេញមតិលើកឡើងឲ្យក្រសួងបានដឹងថា៖ «គេមិនដាក់ឧបករណ៍នោះដើម្បីរំខានទេ បើក្រសួងចេះគ្រប់គ្រងសេវាកម្មទូរគមនាគមន៍ដូចប្រទេសគេ គ្មានអ្នកណាឆ្កួតទៅចំណាយលុយចោលទេ និងដាក់ឲ្យទើសទែងទេ, នៅបុរីខ្ញុំចូលផ្លុកគ្មានសេវាទាក់ទងគ្នាទេបងអើយ គ្រប់ប្រព័ន្ធ, បើដឹងថាក្រុមហ៊ុនខ្លួនអន់ខំកែលំអរទៅ កុំចោទពលរដ្ឋដូចខ្ញុំអ្នកប្រើប្រាស់អី ព្រោះក្រុមហ៊ុនលោកអន់ពេក ទើបធ្វើឲ្យពលរដ្ឋទិញឧបករណ៍ជំនួយ, តាមបុរីមួយចំនួនគ្មានសេវាប្រើ អត់អុីនធើណេត តើខាងប្រៃសនីយ៍គិតបែបណាដែរ?…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


