រុស្ស៊ី ៖ រដ្ឋាភិបាលរុស្ស៊ី កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសថា ទីក្រុងមូស្គូនឹងដកខ្លួនចេញពីគម្រោងស្ថានីយអវកាសអន្តរជាតិ (ISS) នៅក្រោយឆ្នាំ២០២៤ ដោយផ្តោតលើការកសាងស្ថានីយផ្ទាល់ខ្លួន ចំពេលមានភាពតានតឹងខ្លាំង ជាមួយបណ្ដាប្រទេសលោកខាងលិច ជុំវិញការប្រ.យុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន។
បើតាមការចេញផ្សាយរបស់សារព័ត៌មាន Wasington Post នៅថ្ងៃអង្គារ ទី២៦ ខែកក្ដដា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានទីភ្នាក់ងារអវកាសរុស្ស៉ី Roscosmos ដែលទើបតែងតាំងថ្មី គឺ លោក Yuri Borisov បានប្រកាសពីការសម្រេចចិត្តបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយនិយាយថា ទីភ្នាក់ងារអវកាសរុស្ស៊ីនឹងផ្តោតលើការសាងសង់ស្ថានីយគន្លងគោចរផ្ទាល់ខ្លួនវិញ ល្អប្រសើរជាងចូលរួមជាមួយដៃគូអន្តរជាតិក្នុងស្ថានភាពបែបនេះ។

ទោះជាយ៉ាងនេះក៏ដោយ បើតាមទីភ្នាក់ងារអវកាសអាមេរិក NASA និងដៃគូអន្តរជាតិផ្សេងទៀតវិញ គេសង្ឃឹមថា នឹងបន្តដំណើរការស្ថានីយអវកាសជាមួយរុស្ស៊ីរហូតដល់ឆ្នាំ២០៣០ ខណៈដែលរុស្ស៊ីពេលនេះបានបង្ហាញពីការដកខ្កួន ជាមួយនឹងការប្តេជ្ញាចិត្តមិននៅជាមួយគ្នាលើសពីឆ្នា២០២៤នោះឡើយ។
សូមបញ្ជាក់ថា ស្ថានីយអវកាសអន្តរជាតិ ISS ដែលកំពុងដំណើរការរួមគ្នាជាមួយបណ្ដាប្រទេសមហាអំណាចនេះ ត្រូវបានគ្រប់គ្រងរួមដោយទីភ្នាក់ងារអវកាសរបស់រុស្ស៊ី សហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន និងកាណាដា។ បំណែកដំបូងត្រូវបានបា.ញ់បង្ហោះចូលក្នុងគន្លងតារាវិថីក្នុងឆ្នាំ១៩៩៨ ហើយស្ថានីយនេះត្រូវបានរស់នៅជាបន្តបន្ទាប់ អស់រយៈពេលជិត២២ឆ្នាំមកហើយ, វាត្រូវបានប្រើដើម្បីធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រក្នុងទំនាញសូន្យ និងសាកល្បងឧបករណ៍ សម្រាប់ការធ្វើដំណើរក្នុងលំហនាពេលអនាគត ដើម្បីទៅស្រាវជ្រាវស្វែងរកភពផ្សេងៗទៀត។
ចាប់តាំងពីពេលបង្កើតឡើងដំបូង រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ គោលដៅចម្បងបំផុត នៃស្ថានីយ៍អវកាសអន្តរជាតិនេះ គឺធ្វើជាមន្ទីរពិសោធន៍ ដើម្បីសិក្សាលម្អិតអំពីដំណើរវិវឌ្ឍ នៃជីវិតក្រៅឥទ្ធិពល នៃកម្លាំងទំនាញផែនដី ជាពិសេសសិក្សាអំពីផលប៉ះពាល់ដល់សុខភាព របស់មនុស្សនៅក្នុង ការស្នាក់នៅក្នុងទីអវកាសរយៈពេលវែង ដែលនេះវាគឺជាចំណុចដ៏សំខាន់បំផុត នៅក្នុងបេសកកម្មនាថ្ងៃអនាគត ដើម្បីបញ្ជូនមនុស្សទៅកាន់ភពអង្គារ ឬទៅកាន់ទីកន្លែងឆ្ងាយៗផ្សេងទៀត ដែលការធ្វើដំណើរ ត្រូវចំណាយពេលយូរដល់ទៅរាប់ខែ ឬរហូតដល់ទៅរាប់ឆ្នាំ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN







