Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-សិង្ហបុរី សម្លឹងឃើញការបង្កើនផ្លូវអាកាស ដើម្បីតភ្ជាប់ដំណើរភ្ញៀវទេសចរ និងពង្រីកសេដ្ឋកិច្ច

spot_img

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សារវាង លោក ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ ជាមួយ លោក ថុង អ៉ីដវីន (Tong Edwin) រដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ភាគីទាំងពីរបានលើកឡើងពីការជំរុញបង្កើនជើងហោះហើរជាមួយគ្នាបន្ថែមទៀត ដើម្បីទាក់ទាញកំណើនទេសចរអន្តរជាតិមកកាន់កម្ពុជា ពិសេសត្រៀមលក្ខណៈក្នុងការដឹកជញ្ជូនអ្នកដំណើរ និងត្រៀមទទួលភ្ញៀវទេសចរនៅពេលស៉ីហ្គេមម្ចាស់ផ្ទះកម្ពុជាឆ្នាំ២០២៣ ឈានមកដល់។

លោក ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ បានប្រាប់អ្នកសារព័ត៌មានក្រោយជំនួបពិភាក្សានេះថា នៅពេលព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេមឆ្នាំ២០២៣ ឈានចូលមកដល់ នឹងមានតម្រូវការធ្វើដំណើរមកកាន់កម្ពុជាកាន់តែច្រើន ដែលរាជរដ្ឋាភិបាលចាំបាច់ត្រូវជំរុញបង្កើនការហោះហើរពីបរទេស ក្នុងនោះកម្ពុជាសម្លឹងឃើញច្រកផ្លូវអាកាសដ៏ចម្បងមួយក្នុងការដឹកជញ្ជូនទេសចរ នោះគឺការបង្កើនជើងហោះហើរជាមួយសិង្ហបុរី។

ពេលនេះ ភាគីទាំងពីរបានលើកឡើងអំពីការតភ្ជាប់ជើងហោះហើរត្រង់ កម្ពុជា-សិង្ហបុរី របស់ក្រុមហ៊ុនអាកាចរណ៍សិង្ហបុរី (Singapore Airline) និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត ដែលជាកត្តាសំខាន់ក្នុងការជំរុញទេសចរអន្តរជាតិមកកាន់កម្ពុជា ខណៈសិង្ហបុរី គឺជាច្រកផ្លូវអាកាសដ៏សំខាន់ក្នុងការនាំភ្ញៀវទេសចរអន្តរជាតិទៅកាន់ប្រទេសនានាក្នុងតំបន់ និងសាកលលោក។

លោក ទិត ចន្ថា បានលើកឡើងថា ស្របពេលជាមួយព្រឹត្តិការណ៍កីឡាស៉ីហ្គេម កម្ពុជាបានប្រកាសដាក់ឆ្នាំ២០២៣ ជាឆ្នាំទស្សនាកម្ពុជា (Visit Cambodia 2023) ដើម្បីជួយជំរុញកំណើនភ្ញៀវទេសចរ សកម្មភាពសេដ្ឋកិច្ចសង្គមនៅទូទាំងប្រទេស, ដូច្នេះ សិង្ហបុរីនឹងក្លាយជាប្រទេសដើរតួយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជា ដោយសារប្រទេសនេះជាសមាជិកអាស៊ានផង ហើយតភ្ជាប់ជើងហោះហើរមកពីជុំវិញពិភពលោកជាមួយកម្ពុជា។

សូមបញ្ជាក់ថា ភាពល្អប្រសើរឡើងវិញនេះ គឺដោយសាររាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងសភាពការណ៍កូវីដ-១៩ល្អប្រសើរ ធ្វើឲ្យកម្ពុជាមានលទ្ធភាពពេញលេញបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ក្នុងនោះមានការបង្កើនជើងហោះហើរមកកាន់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជាផងដែរ ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ, ហើយបើតាមរបាយការណ៍បង្ហាញថា រយៈពេល៦ខែ ឆ្នាំ២០២២នេះ មានភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាប្រមាណជាងកន្លះលាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ៥លាននាក់ទៀត ដូច្នេះ ធ្វើឱ្យកម្ពុជាមានសុវត្ថិភាពចំពោះសុខុមាលភាពរបស់ប្រជាជន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×