Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានិងនីហ្សេរីយ៉ា ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច , នីហ្សេរីយ៉ា កំពុងប្រឈមមុខ នឹងកង្វះការផ្គត់ផ្គង់ស្បៀងអាហារ បណ្តាលមកពីវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន

spot_img

ភ្នំពេញ ៖ លោកជំទាវ Folakemi I. Akinleye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា បាន ស្នើភាគីទំាងពីរ( កម្ពុជានិងនីហ្សេរីយ៉ា) ធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ស្របពេលបច្ចុប្បន្ននេះ នីហ្សេរីយ៉ា កំពុងប្រឈមមុខនឹងកង្វះការផ្គត់ផ្គង់ស្បៀងអាហារ ដែលបណ្តាលមកពីវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។

នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ឱក ប៊ុង រដ្ឋលេខាធិការ តំណាង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Folakemi I. Akinleye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា អមដោយសហការី។

ជាកិច្ចចាប់ផ្តើម ឯកឧត្ដមរដ្ឋលេខាធិការ បានទទួលស្វាគមន៍លោកជំទាវ Folakemi I. Akinleye យ៉ាងកក់ក្តៅ និងសម្តែងការអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ាប្រចាំកម្ពុជា និងគាំទ្រយ៉ាងពេញលេញក្នុងអាណត្តិបំពេញបេសកកម្មរបស់លោកជំទាវ ដែលពិតជានឹងធ្វើឱ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យរវាងកម្ពុជា-នីហ្សេរីយ៉ា កាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមក ដល់ប្រជាជននៃប្រទេសទាំងពីរ។

លោកជំទាវ បានជម្រាបជូនថា បច្ចុប្បន្ននេះនីហ្សេរីយ៉ាកំពុងប្រឈមមុខនឹងកង្វះការផ្គត់ផ្គង់ស្បៀងអាហារ ដែលបណ្តាលមកពីវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងស្នើភាគីទំាងពីរធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-នីហ្សេរីយ៉ា នៅមានទំហំតិចតួចនៅឡើយ ដែលមានឱកាសដើម្បីជំរុញនិងពង្រីកពាណិជ្ជកម្មទ្វេភាគីបន្ថែមនាពេលខាងមុខ តាមរយៈការបង្កើនការដោះដូរមុខទំនិញសំខាន់ៗ និងការវិនិយោគលើវិស័យសក្តានុពលរវាងភាគីទាំងពីរ។ ឯកឧត្តម បានលើកឡើងថា កម្ពុជាស្វាគមន៍រាល់វិនិយោគិន និងធុរជនបរទេសដែលមកបណ្តាក់ទុននៅកម្ពុជា រួមទាំងវិនិយោគិននីហ្សេរីយ៉ាផងដែរ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាមាននីតិវិធីងាយស្រួល ដែលបម្រើដល់សកម្មភាពធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើបទបង្ហាញសង្ខេបស្តីពីវឌ្ឍនភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជាពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន ជូនលោកជំទាវឯកអគ្គរដ្ឋទូត។ តាមរយៈបទបង្ហាញនេះ លោកជំទាវឯកអគ្គរដ្ឋទូត មានចំណាប់អារម្មណ៍ទាក់ទងការអភិវឌ្ឍន៍ នៅតំបន់សេដ្ឋកិច្ចពិសេស, កសិកម្ម និងវិនិយោគ និងបានស្នើភាគីទាំងពីរពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគ តាមរយៈការពិនិត្យលទ្ធភាពវិនិយោគរួមគ្នាលើវិស័យអាទិភាព ដើម្បីបម្រើសេចក្តីត្រូវការទៅវិញទៅមក និងការដោះដូរពាណិជ្ជកម្មទ្វេភាគី។

ឯកឧត្ដមរដ្ឋលេខាធិការ គាំទ្រលើសំណើនេះ ដែលភាគីទាំងពីរគួរធ្វើការរួមគ្នាដើម្បីពង្រីកពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងស្នើឱ្យភាគីនីហ្សេរីយ៉ាពិចារណានាំចូលទំនិញបន្ថែមពីកម្ពុជាក្រៅពីទំនិញសក្តានុពលដែលកម្ពុជានាំចេញទៅកាន់ពិភពលោក(សម្លៀកបំពាក់,ស្បែកជើង,កង់,សម្ភារៈធ្វើដំណើរ) រួមមាន៖ អង្ករ ដំឡូងមី ផ្លែមៀន ស្វាយ និងមុខទំនិញដទៃទៀត។ ឯកឧត្តម បានស្នើឱ្យមានដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ទាំងស្ថាប័នរដ្ឋនិងឯកជននីហ្សេរីយ៉ាទាំងកម្រិតរដ្ឋមន្ត្រី និងថ្នាក់មន្ត្រីបច្ចេកទេស ដើម្បីស្វែងយល់ពីបរិយាកាសធុរកិច្ច និងវិនិយោគ និងវិស័យសក្តានុពលគួរវិនិយោគរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-នីហ្សេរីយ៉ា ក្នុងឆ្នាំ២០១៨ (នាំចេញ ៥៩៧ ពាន់ដុល្លារ, នាំចូល ៥៣៥ ពាន់ដុល្លារ), ឆ្នាំ២០១៩(នាំចេញ ២៤៦ ពាន់ដុល្លារ, នាំចូល ៥០២ ពាន់ដុល្លារ), ឆ្នាំ២០២០ (នាំចេញ ៤៦៤ ពាន់ដុល្លារ, នាំចូល ៣៥ ពាន់ដុល្លារ), ឆ្នាំ២០២១ (នាំចេញ ១៥៣ ពាន់ដុល្លារ, នាំចូល ៣៥៧ ពាន់ដុល្លារ) និងឆ្នាំ២០២២ (៦ខែដើមឆ្នាំ) (នាំចេញ ១២២ ពាន់ដុល្លារ, នាំចូល ១៩៩ ពាន់ដុល្លារ) ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២១ កើនឡើង ២% ធៀបនឹងឆ្នាំ២០២០៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×