Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ត្រូវការផលិតផលប្រេងកាត នឹងកើនឡើងពី ៤,៨លានតោននៅឆ្នាំ២០៣០ និងដល់ ៨,៣លានតោននៅឆ្នាំ២០៤០

ភ្នំពេញ៖ យោងតាមសន្និសីទប្រេង ឧស្ម័ន និងថាមពលនៅកម្ពុជា ឆ្នាំ២០២២ ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា តាមការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា (ERIA) តម្រូវការផលិត​ផលប្រេងកាតក្នុងប្រទេសកម្ពុជា នឹងកើនឡើងពី ២,៨លានតោននៅឆ្នាំ២០២០ ទៅដល់ ៤,៨លានតោននៅឆ្នាំ២០៣០ និងបន្តកើនដល់ ៨,៣លានតោននៅឆ្នាំ២០៤០ ដែលទាមទារឱ្យមានឱកាសវិនិយោគជាច្រើនថែមទៀតលើវិស័យនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់។

សន្និសីទប្រេង ឧស្ម័ន និងថាមពល នៅកម្ពុជាឆ្នាំ២០២២ បានរៀបចំធ្វើនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ពីថ្ងៃទី២៧ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២២ ដែលសហការរៀបចំដោយលោក Jeffrey Leung ប្រធានក្រុមហ៊ុន Gas Academy Pte. Ltd និងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនទាំងក្នុង និងក្រៅប្រទេស។

ឯកឧត្តម ស៊ុយ សែម បានលើកទឹកចិត្តដល់វិនិយោគិន ដើម្បីឆ្លើយតបនូវវឌ្ឍនភាពនៃសភាពការណ៍ពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជាពិសេសដោយស្ដែងចេញនូវវិធានការណ៍ និងអន្ត​រាគមន៍ ជាច្រើនទាំងលើទិដ្ឋភាពគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ក្នុងវិស័យប្រេងកាត និងថាមពល និងលើវិធានការអនុវត្តជាក់ស្តែងសម្រាប់ជាមូលដ្ឋានដល់ការវិនិយោគប្រកបដោយស្ថេរភាព និងកាត់បន្ថយនូវហានិភ័យនានាជាយថាហេតុរបស់វិនិយោគិនបរទេស។

រាជរដ្ឋាភិបាល ក៏បានលើកទឹកចិត្តដល់វិស័យឯកជនជាតិ និងអន្តរជាតិ ដើម្បីបង្កើនការវិនិយោគ ដូចជា ការធ្វើអាជីវកម្មលើការចម្រាញ់ ការនាំចូល ការស្ដុក ការដឹកជញ្ជូន និង ការលក់ចែកចាយ ប្រេងកាត និងផលិត​ផល​ប្រេងកាត ដើម្បីធានាការផ្គត់ផ្គង់ប្រេង និងឧស្ម័នដល់អ្នកប្រើប្រាស់ និងការអភិវឌ្ឍវិស័យផ្សេងៗទៀត។

សូមបញ្ជាក់ថា រាជធានី/ខេត្តទាំង២៥ និងទីតាំងសេដ្ឋកិច្ច ទាំងអស់នៅកម្ពុជា ទទួលបានការផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធបណ្តាញជាតិ ដោយការប្រើប្រាស់ថាមពល ប្រេង ហើយភូមិចំនួនជាង៩៧% ទទួលបានការផ្គត់ផ្គង់ពីបណ្ដាញចែកចាយអគ្គិសនី និងលំនៅដ្ឋានចំនួនជាង៨៤% ទទួលបានការភ្ជាប់បណ្តាញប្រើប្រាស់៕

×