Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារកណ្តាលអាមេរិក ដំឡើងអត្រាការប្រាក់តក់ក្រហល់ ជាការជំរុញឱ្យតម្លៃប្រេងឆៅក្នុងទីផ្សារអន្តរជាតិកើនឡើង

ភ្នំពេញ ៖ បើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានផ្សាយឱ្យដឹងកាលពីម្សិលមិញថា វិទ្យាស្ថានប្រេងអាមេរិកបានឱ្យដឹងនៅថ្ងៃអង្គារថា ស្តុកប្រេងឆៅបានធ្លាក់ចុះចំនួន ៤លានបារ៉ែល ដែលជាចំនួនច្រើនជាងការព្យាករណ៍ ៤ដង, ដូច្នេះ បានធ្វើឲ្យតម្លៃប្រេងឆៅកើនឡើង ១ដុល្លារក្នុងមួយបារ៉ែល កាលពីថ្ងៃពុធ ខណៈដែលមានសេចក្តីរាយការណ៍ថា ស្តុកប្រេងនៅអាមេរិកមានកម្រិតទាប និងមានការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុប ព្រមទាំងការដំឡើងអត្រាការប្រាក់ដោយធនាគារក្តាលអាមេរិក ក៏ធ្វើឱ្យប៉ះពាល់ដល់តម្លៃសេវាផ្សេងៗផងដែរ។

បើតាមការដកស្រង់សម្ដីរបស់ លោក Stephen Brennock ដែលបម្រើការងារឱ្យក្រុមហ៊ុនឈ្មួញជើងសារប្រេង PVM ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឱ្យដឹងទៀតថា ករណីប្រេងឆៅកំពុងកើនឡើងតម្លៃនេះ គឺគួបផ្សំនឹងការសម្រេចចិត្តរបស់ធនាគារកណ្តាលអាមេរិកអំពីអត្រាការប្រាក់ថ្ងៃនេះ, ហើយប្រាកដណាស់ថា ជាអារម្មណ៍វិនិយោគិនក្នុងការជួញដូរប្រេងឆៅ គឺផ្តោតសំខាន់ទៅលើសហរដ្ឋអាមេរិក បើធនាគារកណ្ដាលរបស់អាមេរិកផ្ដោតទៅលើការដំឡើងអត្រាការប្រាក់ហើយនោះ គឺបានជះឥទ្ធិពលដល់ការឡើងថ្លៃប្រេងឆៅ និងសេវាផ្សេងៗជាមិនខាននោះទេ។

ប៉ុន្មានថ្ងៃនេះ លំហូរឧស្ម័នតាមរយៈបំពង់ Nord Stream 1 ពីប្រទេសរុស្ស៊ី បានធ្លាក់ចុះដល់មួយភាគប្រាំនៃសមត្ថភាពរបស់បំពង់បង្ហូរឧស្ម័ននេះកាលពីថ្ងៃពុធ ខណៈដែលក្រុមហ៊ុន Eni របស់ប្រទេសអ៊ីតាលីបាននិយាយថា ក្រុមហ៊ុននឹងទទួលបានបរិមាណឧស្ម័នទាបពីក្រុមហ៊ុន Gazprom របស់រុស្ស៊ី ហើយក៏មានការរំពឹងទុកផងដែរថា ធនាគារកណ្តាលអាមេរិកនឹងប្រកាសពីការដំឡើងអត្រាការដ៏តក់ក្រហល់ក្នុងអត្រា ០,៧៥ភាគរយ។ កត្តាទាំងអស់នេះបានជួយជំរុញឱ្យតម្លៃប្រេងឆៅក្នុងទីផ្សារអន្តរជាតិកើនឡើង។

សូមបញ្ជាក់ថា តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ៩១សេន ឬ ០,៩ភាគរយដល់ ១០៥,៣១ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ WestTexas Intermediate (WTI) របស់អាមេរិកបានកើនឡើង ១,១៦ដុល្លារ ឬ ១,២ភាគរយ ដល់ ៩៦,១៤ដុល្លារ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×