Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

IMF ព្រមានពីអតិផរណាខ្ពស់ គំ.រាមកំ.ហែងដល់សេដ្ឋកិច្ចពិភពលោក

រដ្ឋធានីវ៉ាស៊ីនតោន៖ ឥទ្ធិពល នៃសង្គ្រាមរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន ហើយការធ្លាក់ចុះផលិតផលក្នុងស្រុកសរុបរបស់ចិន និង រុស្ស៊ី ទើបមូលនិធិរូបិយវត្ថុអន្ដរជាតិ ហៅកាត់ IMF បានកាត់បន្ថយនូវការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោករបស់ខ្លួន ធ្លាក់ចុះមកដល់ ៣,២ភាគរយ ចំពេលមានការព្រមាន អំពីអតិផរណាកើនខ្ពស់ ហើយនឹងធ្វើឲ្យឱនភាពសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង។

សារព័ត៌មានរបស់អាល្លឺម៉ង់ DW បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៦ ខែកក្កដា ថា IMF កាលពីថ្ងៃអង្គារ បានកាត់បន្ថយនូវការព្យាករណ៍ អំពីកំណើនសេដ្ឋកិច្ចរបស់ពិភពលោក ដោយព្រមាន អំពីហានិភ័យ នៃអតិផរណាកើនឡើងខ្លាំង ចំពេលសង្គ្រាមនៅអ៊ុយក្រេន កំពុងតែបន្ដ។ ករណីនេះ អាចនឹងរុញច្រានសេដ្ឋកិច្ចរបស់ពិភពលោក ឲ្យធ្លាក់ចូល ទៅក្នុងឱនភាព ប្រសិនបើគ្រប់គ្រងមិនបាន។

មូលនិធិរូបិយវត្ថុអន្ដរជាតិ បានបញ្ជាក់ នៅក្នុងការធ្វើបច្ចុប្បន្នភាព នៃទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួន ថា កំណើនផលិតផលក្នុងស្រុកសរុប ហៅកាត់ GDP របស់ពិភពលោក នឹងធ្លាក់ចុះ ដល់ ៣,២ភាគរយ នៅក្នុងឆ្នាំ២០២២ ខណៈការព្យាករណ៍ កាលពីខែមេសា ៣,៦ភាគរយ។ IMF បានបន្ថែម ថា GDP របស់ពិភពលោក ពិតជាបានធ្លាក់ចុះ នៅក្នុងត្រីមាសទី២ ដោយសារតែការធ្លាក់ចុះ GDP នៅក្នុងប្រទេសចិន និង រុស្ស៊ី។

IMF បានកាត់បន្ថយនូវការព្យាករណ៍ អំពីកំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៣របស់ខ្លួន មកនៅត្រឹម ២,៩ភាគរយ ខណៈការព្យាការណ៍ នៅខែមេសា ប៉ាន់ប្រមាណ ៣,៦ភាគរយ ដោយសាតែឥទ្ធិពល នៃគោលនយោបាយរឹតបន្ដឹងរូបិយវត្ថុ។.

មូលនិធិ IMF បានបន្ថែមថា ការព្យាករណ៍ចុងក្រោយរបស់ខ្លួន គឺ «មិនមានភាពប្រាកដប្រជា» ហើយវាអាចប្រឈមនឹងហានិភ័យ កាន់តែខ្លាំងឡើង ពីសង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។ ឥទ្ធិពល នៃសង្គ្រាម រវាងប្រទេសជិតខាងទាំង២នេះ ជំរុញឱ្យតម្លៃថាមពល និងអាហារឡើងថ្លៃខ្ពស់។ កត្ដាទាំងនេះ នឹងធ្វើឱ្យអតិផរណា កាន់តែឡើងខ្ពស់ ហើយវាបង្កប់នូវការរំពឹងទុក អំពីអតិផរណា រយៈពេលវែង ដែលនាំឲ្យមានការរឹតបន្តឹងនូវគោលនយោបាយរូបិយវត្ថុ បន្ថែមទៀត៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×