រដ្ឋធានីវ៉ាស៊ីនតោន៖ កន្លងមក នៅសហរដ្ឋអាមេរិក មានតែគណបក្សធំ ចំនួន២ សម្រាប់ការប្រកួតប្រជែងគ្នា ដើម្បីដឹកនាំប្រទេស ប៉ុន្ដែឥឡូវនេះ ក្រុមអ្នកនយោបាយជាច្រើន មកពីគណបក្សផ្សេងគ្នា បានឯកភាពបង្កើតបក្សថ្មី សម្រាប់ផ្លាស់ប្ដូររបត់ដឹកនាំ ចេញពីប្រព័ន្ធបក្សនយោបាយសព្វថ្ងៃ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ថា អតីតមន្ត្រី មកពីគណបក្សសាធារណរដ្ឋ និង ប្រជាធិបតេយ្យ រាប់សិបនាក់ នៅថ្ងៃព្រហស្បតិ៍ នឹងប្រកាស ពីគណបក្សនយោបាយជាតិថ្មីមួយទៀត ដើម្បីអំពាវនាវដល់អ្នកបោះឆ្នោត រាប់លាននាក់ ដែលស្រងាកចិត្តជាមួយនឹងប្រព័ន្ធគ្រប់គ្រងរបស់គណបក្ស ចំនួន២ នៅសហរដ្ឋអាមេរិក។

សមាជិកស្ថាបនិកគណបក្សនយោបាយថ្មីនេះ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters ថា គណបក្សថ្មី ទើបនឹងបង្កើតថ្មីនេះ ឈ្មោះ «ដំណើរឆ្ពោះទៅមុខ» (Forward) នឹងមានសហប្រធានជាលើកដំបូង ដោយអតីតបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ គឺ លោក អេនឌ្រូ យ៉ាង (Andrew Yang) និង លោកស្រី គ្រីស្ទីន ថូត វីតមេន (Christine Todd Whitman) អតីតអភិបាលរដ្ឋញូវជើស៊ី (New Jersey) មកពីគណបក្សសាធារណរដ្ឋ។ គណបក្សថ្មីទី៣របស់សហរដ្ឋអាមេរិក នេះ នឹងក្លាយជាក្តីសង្ឃឹម ជាជម្រើសថ្មី ចេញពីគណបក្សសាធារណរដ្ឋ និង ប្រជាធិបតេយ្យ ដែលគ្រប់គ្រងសហរដ្ឋអាមេរិក នាពេលនេះ។
មេដឹកនាំគណបក្ស នឹងរៀបចំព្រឹត្តិការណ៍ ជាបន្តបន្ទាប់ នៅក្នុងទីក្រុង ចំនួន២ នារដូវស្លឹកឈើជ្រុះ ដើម្បីចាប់ផ្តើមវេទិការបស់ខ្លួន ទាក់ទាញការគាំទ្រ ហើយរៀបចំការសម្ពោធជាផ្លូវការ នៅទីក្រុងហ៊ូស្តុន (Houston) នៅថ្ងៃទី២៤ ខែកញ្ញា ហើយក៏ជាសន្និបាតថ្នាក់ជាតិ លើកដំបូង នៅក្នុងទីក្រុងធំមួយ របស់សហរដ្ឋអាមេរិក នៅរដូវក្តៅឆ្នាំក្រោយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN










