ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រមកំបាំងមុខ និង បានសម្រេចផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ សម សេរី ភេទ ប្រុស ជាប្រធានរណសិរ្សរំដោះជាតិខ្មែរ ( Khmer National Liberation Front) (KNLF) ដែលមានមូលដ្ឋាននៅប្រទេស Denmark ដាក់ពន្ធនាគារ កំណត់ ០៩ ឆ្នាំ និង ៦ ខែ និង ពិន័យជាប្រាក់ចំនួន ៣ លានរៀល បន្ថែមពីលើទោស ជាប់ពន្ធនាគាររបស់គាត់ ពីមុនៗ ជាប់ទាក់ទងនឹងបទល្មើស រួមគំនិតក្បត់ជាតិ និង អំពើញ៉ុះញ៉ង់ បង្កឱ្យមានអស្ថេរភាពធ្ងន់ធ្ងរដល់សង្គម ប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា ចន្លោះឆ្នាំ ២០១៧ និង ឆ្នាំ ២០១៩។
លោកឃុន សូណា ជាប្រធានចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងនៅក្នុងអង្គសវនាការថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទឈ្មោះ សម សេរី ត្រូវបានតំណាងអយ្យការចោទប្រកាន់ចំនួន ២ បទល្មើសផ្សេងគ្នា រួមមាន: បទ រួមគំនិតក្បត់ តាមបញ្ញត្តិ មាត្រា ៤៥៣ និង បទ: ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា កន្លងមក ឈ្មោះ សម សេរី ក៏ធ្លាប់ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសទោសកំបាំងមុខ ដាក់ពន្ធនាគារ យ៉ាងតិច ២០ ឆ្នាំ នូវ បទល្មើសឧក្រិដ្ឋជាច្រើន មានដូចជា ការបង្កើតចលនាកងកម្លាំងអាវុធខុសច្បាប់, រួមគំនិតក្បត់ និង អំពើញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ជាដើម ក្នុងចេតនា ដើម្បីផ្តួលរលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ៕ រក្សាសិទ្ធិដោយ: ចន្ទា ភា