អ៊ុយក្រែន ៖ មន្ត្រីជាន់ខ្ពស់ការពារជាតិអ៊ុយក្រែន បានប្រាប់បណ្ដាញសារព័ត៌មានថា ទីក្រុងកៀវបានតាមដានជាប់ រាល់ការវាយប្រហារដោយមីស៉ីល និងតាមផ្លូវអាកាស ដែលរុស្ស៉ីបានធ្វើឡើងប្រឆាំងមកលើអ៊ុយក្រែន ហើយអាជ្ញាធរអ៊ុយក្រែនដឹងច្បាស់ណាស់ អំពីទីតាំងទាំងអស់នៅក្នុងប្រទេសរុស្ស៉ី ព្រោះថា ការវាយប្រហារបធ្វើឡើងចេញពីរចំណុចណា ចំណុចនោះហើយ គឺជាទីតាំងរបស់រុស្ស៊ី, ករណីនេះ ទីក្រុងកៀវមានឆន្ទៈនយោបាយគ្រប់គ្រាន់ ដើម្បីបើកការវាយប្រហារប្រឆាំងគោលដៅទាំងនោះ ប្រសិនបើមានការចាំបាច់តម្រូវឱ្យធ្វើយ៉ាងដូច្នោះ។
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន RT កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា លោក អាឡិចស៉ី ដានីឡូវ (Aleksey Danilov) ប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិរបស់អ៊ុយក្រែន បានព្រមានថា ទីក្រុងកៀវនឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការវាយប្រហារទៅលើទឹកដីរបស់ប្រទេសរុស្ស៉ី ប្រសិនបើវាជារឿងចាំបាច់។

ប្រធានក្រុមប្រឹក្សាសន្តិសុខអ៊ុយក្រែនរូបនេះ បានសង្កត់ថា ប្រសិនបើរដ្ឋាភិបាលចាំបាច់ កងទ័ពអ៊ុយក្រែននឹងមិនស្ទាក់ស្ទើរឡើយ ក្នុងចេញបញ្ជាដើម្បីកម្ទេចទីតាំងទាំងនោះរបស់រុស្ស៊ី។
ក្រុមអ្នកតាមដានបានមើលឃើញថា កន្លងមក ក្រុមមន្រ្តីអ៊ុយក្រែនមួយចំនួនបានបង្ហើបថា កងទ័ពអ៊ុយក្រែនអាចនឹងប្រើប្រាស់ប្រព័ន្ធបាញ់ផ្លោងរ៉ុក្កែត ដែលទទួលបានពីលោកខាងលិច វាយប្រហារទៅលើគោលដៅនៅតំបន់ឧបទ្វីបគ្រីមៀ។
ប៉ុន្តែ ជាការឆ្លើយតប ទីក្រុងមូស្គូបាននិយាយថា អ៊ុយក្រែននឹងត្រូវតបស្នងតម្លៃដ៏ធ្ងន់ធ្ងរ ប្រសិនបើហ៊ានវាយប្រហារលើគ្រីមៀ, រីឯអតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) បានព្រមានថា ទីក្រុងមូស្គូអាចនឹងឆ្លើយតប តាមរយៈការវាយប្រហារទ្រង់ទ្រាយធំ ដោយដាក់គោលដៅលើថ្នាក់ដឹកនាំរបស់អ៊ុយក្រែន ប្រសិនបើរឿងនោះពិតជាកើតឡើងមែន ហើយថា វាមិនមែនជាប្រតិបត្តិការយោធាទៀតនោះទេ គឺជាសង្គ្រាមពេញទីតែម្ដង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









