អាមេរិក ៖ ប្រធានសភាអាមេរិក លោកស្រី ណេនស៊ី ប៉េឡូស៊ី (Nancy Pelosi) បាននិយាយនៅក្នុង twitter របស់លោកស្រីដែលបង្ហោះនៅថ្ងៃអាទិត្យម្សិលមិញនេះថា ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វីក លោកស្រីនឹងទៅឈប់សំចតនៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន ជាកន្លែងដែលលោកស្រីនឹង «រៀបចំកិច្ចប្រជុំកម្រិតខ្ពស់» នៅទីនោះ ដោយមិនបង្ហាញវត្តមាននៅកោះតៃវ៉ាន់នោះទេ ដែលរូបភាពនេះបានបង្ហាញនូវសញ្ញាកាត់បន្ថយកម្ដៅនៃសង្គ្រាមចិត្តសាស្ត្រ រវាងអាមេរិក និងចិន។
បើតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការប្រកាសដំណឹងបែបនេះ របស់លោកស្រី ណេនស៊ី ប៉េឡូស៊ី កើតឡើងចំពេលមានសង្គ្រាមពាក្យសម្តីកាន់តែខ្លាំងឡើង ជុំវិញពាក្យចចាមអារ៉ាមដែលថា ប្រធានសភាអាមេរិករូបនេះ នឹងទៅទស្សនកិច្ចកោះតៃវ៉ាន់, ហើយត្រូវបានភាគីចិនព្រមានខ្លាំងៗថា ខ្លួននឹងចាត់វិធានការជាក់ស្តែង ឬដោយកម្លាំងដើម្បីការពារគោលការណ៍ចិនតែមួយ។

គួរបញ្ជាក់ថា ផែនការដ៏មាន សក្ដានុពលនៃដំណើរទស្សនកិច្ច របស់ប្រធាន រដ្ឋសភា អាមេរិក លោកស្រី Nancy Pelosi ទៅ កាន់តំបន់ អាស៊ី ជាពិសេស ឥណ្ឌូប៉ាស៊ីហ្វិក ក្នុង ខែ សីហា ឆ្នាំ២០២២នេះ ដែលក្នុងនោះមានពាក្យចចាមអារ៉ាមថា នឹងទៅកាន់កោះតៃវ៉ាន់ផងដែរនោះ បាន ជំរុញ ឱ្យមានការឆ្លើយតបយ៉ាងប្រទូសរ៉ាយ ពីប្រទេសចិន ដោយអ្នកនាំពាក្យក្រសួងការបរទេសចិន បានព្រមានថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹង «ចាត់វិធានការឆ្លើយតប យ៉ាងចាស់ដៃម៉ឺងម៉ាត់» និង «ចាត់វិធានការប្រឆាំង» ប្រសិនបើលោកស្រី Pelosi បានធ្វើដំណើរទៅកាន់កោះ តៃវ៉ាន់ មែននោះ។
ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទសប្ដាហ៍មុន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចៅ លីជៀន (Zhao Lijian ) បានបញ្ជាក់នៅក្នុង កាសែត Financial Times ថា ការព្រមានរបស់ចិន គឺ «ខ្លាំងនិងធំធេង» ជាងមុនប្រឆាំងដំណើរទស្សនកិច្ចដ៏មានសក្តានុពល របស់ប្រធានរដ្ឋ សភាសហរដ្ឋអាមេរិកនៅពេលប្រទេសចិនមិនសប្បាយចិត្តនឹងគោលនយោបាយ របស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់។
ស្រប់ពេលដែលកម្ដៅចិត្តសាស្ត្រ ឬអាចហៅថា សង្រ្គាមត្រជាក់ចាប់ផ្ដើមកម្រើកឡើងតិចៗរវាងអាមេរិក និងចិន នេះ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅថ្ងៃសុក្រមុននេះ បានប្រកាសថា ទីក្រុងមូស្គូគាំទ្រចំពោះ «គោលនយោបាយចិនតែមួយ» របស់ទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានទទួលរងការព្រមាន ជុំវិញបញ្ហាដែនកោះមួយនេះ។
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ កន្លងមក បានឱ្យដឹងថា លោក ឡាវរ៉ូវ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងតាស្កិន នៃប្រទេសអ៊ូសបេគីស្ថាន ថា «ជំហររបស់យើង ជុំវិញអត្ថិភាពនៃប្រទេសចិនតែមួយគត់ គឺពុំមានការប្រែប្រួលឡើយ ហើយយើងមិនមានបញ្ហាអ្វី ក្នុងការប្រកាន់ខ្ជាប់គោលការណ៍ នៃអធិបតេយ្យរបស់ចិននោះទេ។
អ្វីដែលធ្វើឲ្យបញ្ហាតៃវ៉ាន់ត្រឡប់មកធូរស្រាលបន្តិចវិញ នៃនយោបាយអាមេរិក និងចិននេះ គឺចាប់តាំងពីយប់ថ្ងៃទី២៨ ខែកក្កដា តាមម៉ោងក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកតាមការណាត់, ដោយប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានធ្វើការពិព្រោះពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ដោយស្មោះអំពីទំនាក់ទំនងរវាងចិន និងអាមេរិក ព្រមទាំងបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។
គ្រានោះ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវការវិនិច្ឆ័យខុសឆ្គងរបស់អាមេរិកចំពោះទំនាក់ទំនងរវាងចិន និងអាមេរិក ព្រមទាំងការយល់ច្រឡំចំពោះការអភិវឌ្ឍរបស់ចិន ហើយបានអធិប្បាយនូវកិច្ចការសំខាន់ពីគោលជំហរជាគោលការណ៍របស់ចិនក្នុងបញ្ហាតៃវ៉ាន់, តៃវ៉ាន់ គឺជាផ្នែកមួយរបស់ចិន តៃវ៉ាន់ និងចិន គឺតែមួយ, ដូច្នេះហើយ តាំងពីការចរចាគ្នានោះមក ក៏ឃើញថាប្រធានសភាអាមេរិក លោកស្រី ណេនស៊ី ប៉េឡូស៊ី បានបន្ទន់ឥរិយាបថនៃដំណើរទស្សនកិច្ច ដែលថា ឆ្ពោះទៅកាន់តៃវ៉ាន់ផងនោះ ត្រូវបានចាត់ទុកជាពាក្យចចាមអារ៉ាមទៅវិញ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN










