ទំព័រហ្វេសប៊ុកនគរបាលចរាចរណ៍ផ្លូវគោកថៃ នៅវេលាម៉ោង ៩:២៩នាទី យប់ថ្ងៃទី៣១ ខែកក្កដា បានបង្ហោះថា ទទួលបានព័ត៌មានបឋម ពីករណីបាក់ធ្នឹមស្ពានអាកាសត្រង់គីឡូម៉ែត្រលេខ ៣៤ លើផ្លូវ រ៉ាម៉ា២ បានសង្កត់លើរថយន្ត៤គ្រឿង យ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្សស្លាប់ និងរបួសច្រើននាក់។ ហើយពេលនេះសមត្ថកិច្ច កំពុងដោះស្រាយបញ្ហាអូសរថយន្តចេញពីធ្នឹមនោះ និងជួយសង្គ្រោះអ្នករងរបួស។
នាយកដ្ឋានផ្លូវជាតិបានសរសេរសារបន្ថែមថា ស្ពានដែលបានរៀបរាប់ខាងលើនេះ ជាគម្រោងកែលម្អស្ពាន u-turn នៅមុខមន្ទីរពេទ្យវិបហារ៉ាម។ ដំបូងឡើយមនុស្សម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស។
ដោយឡែក ខាងការិយាល័យទំនាក់ទំនងសាធារណៈខេត្តសាមុតសាខន ដោយយោងតាមក្រុមវេជ្ជបណ្ឌិត Mahachai HD News បានរាយការណ៍ថា ធ្នឹមស៊ីម៉ងត៍ប្រវែងជាង ១០ ម៉ែត្រ ទម្ងន់ប្រហែល ៥ តោន នៃស្ពាន U-turn ដែលបច្ចុប្បន្នត្រូវបានបិទដើម្បីថែទាំ បានធ្លាក់សង្កត់លើរថយន្តជាច្រើនគ្រឿង នៅលើផ្លូវ Rama 2 ឆ្ពោះទៅកាន់ទីក្រុងបាងកក បណ្តាលឱ្យមនុស្សម្នាក់ (ជាអ្នកបើកបរ) ស្លាប់នៅនឹងកន្លែងកើតហេតុ និងមនុស្ស៣នាក់ទៀត រងរបួស។ ចំណែករថយន្ត៤គ្រឿងរងការខូចខាត។
បន្ទាប់ហេតុការណ៍បានកើតឡើង សមត្ថកិច្ច និងក្រុមសង្គ្រោះ បានជួយសង្រ្គោះអ្នករងរបួស និងយកអ្នកស្លាប់ចេញពីគំនរបាក់បែកនៃធ្នឹមស៊ីម៉ងត៍ ដោយប្រើរថយន្តស្ទូចដើម្បីលើកវាចេញ។ ទាក់ទងមូលហេតុនៃការបាក់ធ្នឹមនេះ គេនៅមិនទាន់ដឹងនៅឡើយទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













