Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខៗស្រាប់តែ លោកប្រធានាធិបតី ចូ បៃដិន បបួលរុស្ស៊ីបង្កើតក្របខ័ណ្ឌថ្មីគ្រប់គ្រងអាវុធនុយក្លេអ៊ែរ

អាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយក្នុងបណ្ដាញសារព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ី ដើម្បីចរចាបង្កើតក្របខ័ណ្ឌថ្មី សម្រាប់ការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ដែលនឹងជំនួសឲ្យសន្ធិសញ្ញាកាត់បន្ថយអាវុធជាយុទ្ធសាស្ត្រ ហៅកាត់ថា New START។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik កាលពីថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក ចូ បៃដិន បានទទូចថា រុស្ស៊ីគួរតែបង្ហាញការត្រៀមខ្លួនសហការជាមួយក្រុងវ៉ាស៊ីនតោនក្នុងវិស័យគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាថ្មីទៀតហើយ បើទោះបីស្ថានភាពនយោបាយ និងសេដ្ឋកិច្ច កំពុងតានតឹងរវាងគ្នា និងគ្នាក៏ដោយ។

បើតាមក្រុមមន្ត្រីអ្នកតាមដានអំពីសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ បាននិយាយថា ទីក្រុងមូស្គូ មិនមែនជាភាគីតែមួយគត់ ដែលលោក បៃដិន ចង់ឃើញនៅតុចរចានោះទេ, គេថែមទាំងបាននិយាយទៅដល់ទីក្រុងប៉េកាំងផងដែរ ក្នុងនាមជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ពោលគឺ ប្រទេសចិនក៏ត្រូវតែចូលរួមក្នុងកិច្ចពិភាក្សាគ្រប់គ្រងចំនួនក្បាលអាវុធនុយក្លេអ៊ែរនេះ។

គួររំលឹកថា ប្រទេសចិន បារាំង រុស្ស៊ី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក៏ស្ថិតក្នុងចំណោមរដ្ឋចំនួន ១៩១ ដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ (NPT), នៅក្រោមកិច្ចព្រមព្រៀងនេះ ពួកគេត្រូវតែកាត់បន្ថយការស្តុកទុកក្បាលគ្រាប់នុយក្លេអ៊ែររបស់ពួកគេ ដែលហួសកាលបរិច្ឆេទ ដូច្នេះចំនួនក្បាលគ្រាប់នុយក្លេអ៊ែរនៅបណ្តាប្រទេសទាំងនេះ បាន កាត់បន្ថយ ចំនួន ក្បាល គ្រាប់ ដែល រក្សាទុក ក្នុង ប្រទេស ទាំងនោះ ចាប់តាំងពី ទសវត្សរ៍ ឆ្នាំ១៩៧០ និង១៩៨០ ព្រោះតែវាហួសកាលបរិច្ឆេទ។

បើយោងទៅតាមសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក បានអះអាងថា ប្រទេសរុស្ស៊ី មានក្បាលគ្រាប់នុយក្លេអ៊ែរ ចំនួន ៥៩៧៧ ដែលជាអាវុធដ៏មានថាមពលបំផុត
បង្កឱ្យមានការប្រល័យលោក។

ក្រុមអ្នកតាមដានបញ្ហានយោបាយអន្តរជាតិជាច្រើន បានលើកជាសំណួរថា ចាប់តាំងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមក សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលរាប់ទៅមិនក្រោម ៣០ ប្រទេសនោះទេ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ហ៊ុមព័ទ្ធសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ី និងផ្ដល់ជាលុយមហាសាល ស្បៀងអាហារ ព្រមទាំងសព្វាវុធទំនើបៗទៅដល់អ៊ុយក្រែនដើម្បីប្រឆាំងរុស្ស៊ី ដែលនេះត្រូវបានគេមើលឃើញថា ជាការបញ្ឆេះភ្លើងសង្គ្រាមជាមួយរុស្ស៊ី រហូតធ្វើឲ្យប្រធានាធិបតី លោក ពូទីន អត់ទ្រាំមិនបាន ក៏បញ្ជាឱ្យកងកម្លាំងរក្សាអាវុធនុយក្លេអ៊ែរ ត្រៀមប្រតិបត្តិការគ្រប់កាលៈទេសៈ ចុះហេតុអ្វីសហរដ្ឋអាមេរិក មកបបួលរុស្ស៊ីឱ្យចូលក្របខ័ណ្ឌថ្មី New START សម្រាប់ការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ នាពេលនេះទៅវិញ?!

គួរបញ្ជាក់ថា ដោយសារតែមានការដាក់សម្ពាធទណ្ឌកម្មសេដ្ឋកិច្ចខ្លាំងក្លាមនិងហ៊ុមព័ទ្ធនយោបាយអន្តរជាតិពីបណ្ដាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលមានបក្សសម្ព័ន្ធប្រមាណ ៣០ ប្រទេសនោះ បានបង្ខំចិត្តធ្វើឲ្យប្រធានាធិបតីរុស្ស៊ី លោក ផ្លាឌីមៀរ ពូទីន បញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ីរៀបចំដំឡើងអាវុធនុយក្លេអ៊ែរ និងត្រៀមការប្រកាសអាសន្ន «ពិសេស» សម្រាប់ការចុចប៊ូតុងបញ្ជាបាញ់នុយក្លេអ៊ែរគ្រប់ពេល ជុំវិញជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលធ្វើឱ្យមានការព្រួយបារម្ភជុំវិញពិភពលោក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×