Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានសភាអាមេរិក នៅតែទៅដល់ តៃវ៉ាន់ ប្រកបដោយជោគជ័យ ក្រោមការប្រុងជើងការខ្ពស់រវាងយោធាចិន-អាមេរិក

តៃវ៉ាន់ ៖ ទីបំផុតយន្តហោះរបស់ លោកស្រីនណេនស៊ី ប៉េឡូសុី ប្រធានសភាអាមេរិក ត្រូវបានបណ្ដាញផ្សព្វផ្សាយអន្តរជាតិ រាយការណ៍ថា បានចុះចតនៅអាកាសយាន្តដ្ឋានតៃប៉ិ នៃកោះតៃវ៉ាន់, ហើយថា ប្រធានសភាអាមេរិករូបនេះ បានធ្វើដំណើរចេញពីព្រលានយន្តហោះទៅកាន់គោលដៅប្រកបដោយសុវត្ថិភាព កាលពីរាត្រីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បន្សល់ទុកកងកម្លាំងយោធាចិន-អាមេរិក សម្លក់សម្លឹងដាក់គ្នាឥតហ៊ានប៉ប្រិចភ្នែក។

បណ្ដាញព័ត៌មាននានារបស់អន្តរជាតិ ផ្សព្វផ្សាយថា ខណ:យន្ដហោះរបស់ លោកស្រី ណេនស៊ី ប៉េឡូស៊ី ប្រធានសភាអាមេរិក បានហោះចូលក្នុងដែនការពារអាកាសតៃវ៉ាន់ហើយ និងថា អគាររដ្ឋសភា យាន់ (Yuan) របស់តៃវ៉ាន់ កំពុងក្រាលព្រំក្រហមរង់ចាំទទួលលោកស្រីប្រធានសភាអាមេរិក រូបនេះ ក៏បានធ្វើឲ្យកងកម្លាំងចិន និងអាមេរិចដំឡើងសាច់ដុំដាក់គ្នា ត្រៀមជើងការខ្ពស់គ្រប់វិនាទី។

ហេតុការណ៍ធ្វើឱ្យមនុស្សស្ទើរទូទាំងពិភពលោកបុកពោះនេះ កើតឡើងនាយប់ថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២, ហើយថា កងកម្លាំងសព្វាវុធរបស់ចិន បានធ្វើការចល័ត ទៅកាន់ខេត្តហ៊្វូជាន (Fujian) ស្ថិតនៅទល់មុខកោះតៃវ៉ាន់ មុនពេលដំណើរទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ី ដែលត្រូវបានគេអះអាងថា នឹងទៅកាន់កោះតៃវ៉ាន់នេះ។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន RT នាយប់ថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា ចំណែកភាគីអាមេរិកវិញ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយជប៉ុនរាយការណ៍ថា យន្ដហោះចម្បាំងអាមេរិក ចំនួន ១៣គ្រឿង ក្នុងនោះ មានយន្ដហោះប្រយុទ្ធ ៨គ្រឿង និងយន្ដហោះសម្រាប់ចាក់សាំង ៥គ្រឿង បានហោះចេញពីមូលដ្ឋានទ័ពក្នុងប្រទេសជប៉ុន ដើម្បីតាមដានសភាពការណ៍, ប៉ុន្តែក្រុមអ្នកតាមដានខ្លះ និយាយថា យន្ដហោះទាំងនេះអាចនឹងហោះអមដំណើរ លោកស្រី ប៉េឡូស៊ី ទៅកាន់ទីក្រុងតៃប៉ិនោះហើយ។

ដោយឡែក ស្របពេលជាមួយគ្នានេះដែរ នាវាចម្បាំងអាមេរិក ចំនួន ៤គ្រឿង បានតម្រង់ទិសឆ្ពោះទៅកាន់កោះតៃវ៉ាន់ ជាការអមដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានសភានៅទីនោះ។

បើតាមសារព័ត៌មានចិន CGTN បានរាយការណ៍ថា កងទ័ពអាកាសចិនបានចល័តក្រុមយន្តហោះចម្បាំង Su-35 របស់ខ្លួន ហោះហើរឆ្លងកាត់តំបន់ច្រកសមុទ្រតៃវ៉ាន់ ខណៈយន្តហោះរបស់ លោកស្រីប្រធានសភាអាមេរិក ណេនស៉ី ប៉េឡូស៉ី បានចុះចតដោយសុវត្ថិភាព នៅឯអាកាសយានដ្ឋាននៃទីក្រុងតៃប៉ិ លើកោះតៃវ៉ាន់ នាយប់ថ្ងៃអង្គារម្សិលមិញ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×