Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុងប៉េកាំង មិនជ្រើសរើសយកការធ្វើសង្គ្រាមជាមួយសហរដ្ឋអាមេរិក ជុំវិញដំណើរទស្សនកិច្ចនៅតៃវ៉ាន់

រដ្ឋធានីវ៉ាស៊ីនតោន៖ នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក នៅលើកោះតៃវ៉ាន់ បានធ្វើឲ្យចិនខឹងសម្បាយ៉ាងខ្លាំង ប៉ុន្ដែក្រុងប៉េកាំង មិនបានបញ្ជាកងទ័ពឲ្យរំខាន់ដល់យន្ដហោះរបស់លោកស្រីនោះឡើយ ដោយគ្រាន់តែចាត់ទុកជាដំណើរទស្សនកិច្ចប្រកបដោយគ្រោះថ្នាក់បំផុត ហើយធ្វើឲ្យទំនាក់ទំនងការទូត រវាងប្រទេសមហាអំណាចទាក់ធ្លាក់ចុះកាន់តែខ្លាំងឡើយ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីរាត្រី ថ្ងៃអង្គារ ទី២ ខែសីហា ថា ក្រុងប៉េកាំង បានថ្លែងថា អ្នកនយោបាយរបស់សហរដ្ឋអាមេរិក កំពុងតែប្រលែងលេងជាមួយនឹងភ្លើង ដោយសារតែលោកស្រី ណានស៊ី ផែឡូស៊ី (Nancy Pelosi) ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក កាលពីរាត្រី ថ្ងៃអង្គារ បានទៅដល់តៃវ៉ាន់ ចំពេលមានទំនាក់ទំនង កាន់តែតានតឹងឡើង រវាងសហរដ្ឋអាមេរិក និង ចិន។

រដ្ឋាភិបាលក្រុងប៉េកាំង បានថ្កោលទោសយ៉ាងខ្លាំង ដល់ដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi មកកាន់តៃវ៉ាន់ ដោយចាត់ទុកជាដំណើរទស្សនកិច្ចប្រកបដោយគ្រោះថ្នាក់បំផុត។ ចិន បានព្រមានថា ដំណើរទស្សនកិច្ចរបស់មន្រ្ដីកំពូលរបស់សហរដ្ឋអាមេរិក មកដែនកោះមួយនេះ កំពុងតែគំរាមកំហែង ដល់ស្ថិរភាព នៅក្នុងតំបន់។

បណ្ដាញព័ត៌មានអន្ដរជាតិ គ្រប់គ្រងដោយរដ្ឋរុស្ស៊ី RT បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១ ខែសីហា ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ សហរដ្ឋអាមេរិក បានដកខ្លួន ចេញពីកិច្ចព្រមព្រៀងសន្តិសុខជាមួយបច្ចាមិត្តសំខាន់ៗរបស់ខ្លួន ដោយបានកំណត់ នៅក្នុងសកម្មភាពកើនឡើង មិនអាចគ្រប់គ្រងបាន។

ក្រុងវ៉ាស៊ីនតោន បានធ្វើឱ្យជនជាតិអាមេរិក ស្ថិតនៅលើផ្លូវ ឆ្ពោះទៅរកសង្រ្គាម ជាមួយប្រទេសបច្ចាមិត្តជាច្រើន ដូចជា រុស្ស៊ី និង អ៊ីរ៉ង់ ជាដើម។ ប៉ុន្ដែឥឡូវនេះ ក្រុងវ៉ាស៊ីនតោន ក៏កំពុងតែបោះជំហាន ឆ្ពោះទៅរកសង្រ្គាម ដោយជាយថាហេតុ ជាមួយនឹងប្រទេសចិន ដោយការបោះបង់ចោលនូវគោលនយោបាយចិនតែមួយ។ ចំណែក ក្រុងប៉េកាំង ក៏កំពុងតែព្រមាន អំពីការឆ្លើយតបផ្នែកយោធា ដែលមិនធ្លាប់មានពីមុនមក ប្រសិនបើលោកស្រី ណានស៊ី ផែឡូស៊ី (Nancy Pelosi) ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក ធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅតៃវ៉ាន់ តាមការគ្រោងទុកនោះ។

សហរដ្ឋអាមេរិក និង ចិនបានបង្កើតនូវទំនាក់ទំនងការទូតពេញលេញ នៅក្នុងទសវត្សរ៍ ឆ្នាំ ១៩៧០ ខណៈរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្តូរនូវការទទួលស្គាល់ការទូតរបស់ខ្លួន ចេញពីទីក្រុងតៃប៉ិ ទៅកាន់ទីក្រុងប៉េកាំង។ ជាមួយគ្នានេះដែរ ក្រុងវ៉ាស៊ីនតោន ក៏បានប្តេជ្ញាចិត្ត ចំពោះគោលនយោបាយចិនតែមួយ ដែលចែងថា មានប្រទេសចិនតែមួយ ហើយតៃវ៉ាន់ ជាផ្នែកមួយ នៃប្រទេសមហាយក្ស នៅអាស៊ីមួយនេះ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក កំពុងតែជួយពង្រឹងសមត្ថភាព ដល់កងទ័ពតៃវ៉ាន់ នៅក្នុងការដើរតួ ជារដ្ឋឯករាជ្យមួយ តាមរយៈផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ទំនើបៗ សម្រាប់ការពារទឹកដីរបស់ពួកគេ។ ដូច្នេះ សម្រាប់៤ទសវត្សរ៍កន្លងមកនេះ សន្ដិភាព រវាងសហរដ្ឋអាមេរិក និង មហាយក្សចិន បានឈរលើគោលនយោបាយមិនច្បាស់លាស់ ជាយុទ្ធសាស្ត្រ ទៅលើស្ថានភាពរបស់តៃវ៉ាន់។

សហរដ្ឋអាមេរិក និងចិន បានជាប់ពាក់ព័ន្ធក្នុង«ឧបសគ្គរារាំង» គ្រប់ពេលវេលា។ ចំណែកក្រុងវ៉ាស៊ីនតោន បានខិតខំ រារាំងដល់ក្រុងប៉េកាំង បញ្ចៀសនូវការបង្រួបបង្រួមជាតិ ដោយការបង្ខិតបង្ខំដល់តៃវ៉ាន់។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក ក៏តែងតែផ្គត់ផ្គង់គ្រឿងសព្វាវុធទំនើបៗ ដល់ដែនកោះមួយនេះ ដើម្បីបង្កើននូវសមត្ថភាពការពារ ខណៈចិនធ្វើឱ្យតៃវ៉ាន់ គិតទ្វេដង អំពីការបំបែកខ្លួនជាផ្លូវការ ក្រោមការគំរាមកំហែង ពីអន្តរាគមន៍យោធា មកលើដែនកោះមួយនេះ។ ប៉ុន្ដែស្របពេលក្រុងប៉េកាំង កាន់តែរឹងមាំ និង មានអានុភាពខ្លាំងក្លាផ្នែកយោធាផងនោះ ការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក បានរារាំងដល់ប្រទេសចិន នៅក្នុងការប្រើប្រាស់កម្លាំងទ័ព ជំនួសមកវិញនូវការបង្កហេតុ។

ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ក្រុងប៉េកាំង មើលឃើញនូវការបន្តកិច្ចខិតខំប្រឹងប្រែងរារាំងដល់គោលនយោបាយចិនតែមួយ នៅក្នុងបរិបទកាន់តែទូលំទូលាយ ជុំវិញការស្ទាក់ស្ទើររបស់សហរដ្ឋអាមេរិក នៅក្នុងការសម្របខ្លួន ទៅនឹងពហុប៉ូលរបស់ពិភពលោក ហើយការដោះស្រាយទំនាក់ទំនងជាមួយមហាអំណាចផ្សេងៗទៀត។

លើសពីនេះទៀត សហរដ្ឋអាមេរិក បាន និង កំពុងតែបង្កើននូវកិច្ចសហប្រតិបត្ដិការយោធាជាមួយនឹងតៃវ៉ាន់ កាន់តែខ្លាំងឡើង ខណៈក្រុងវ៉ាស៊ីនតោន បានជំរុញឱ្យមានការពង្រីកតំណាងរបស់តៃវ៉ាន់ នៅក្នុងប្រព័ន្ធអន្តរជាតិ ជាឧទាហរណ៍ ដោយគាំទ្រដល់ការចូលរួមរបស់តៃវ៉ាន់ នៅក្នុងប្រព័ន្ធរបស់អង្គការសហប្រជាជាតិ ជាដើម។ ការដាក់កំហិតលើការផ្លាស់ប្តូរជាផ្លូវការ ជាមួយក្រុងតៃប៉ិ ត្រូវបានបន្ធូរបន្ថយ ហើយមន្ត្រីរបស់សហរដ្ឋមេរិកជាច្រើននាក់ ក៏បានទៅធ្វើទស្សនកិច្ច នៅលើដែនកោះមួយនេះ ជាញឹកញាប់ ជាងពេលមុនៗ។ នេះជាអ្វីដែលសមាជិកសភាសហរដ្ឋអាមេរិកមួយចំនួន បានសាទរថា វាជាការគាំទ្រ ចំពោះអធិបតេយ្យភាពរបស់តៃវ៉ាន់។

ជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បាននិយាយស្តីបន្ទោស អំពីគោលនយោបាយចិនតែមួយ និង អំពាវនាវដល់តៃវ៉ាន់ ឲ្យប្រកាសឯករាជ្យ។ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសជាច្រើនលើករួចមកហើយ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះថា ក្រុងវ៉ាស៊ីនតោន នឹងការពារតៃវ៉ាន់ ប្រសិនបើចិនហ៊ានលើកកងទ័ព វាយប្រហារទៅលើដែនកោះមួយនេះ។ ការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ធ្វើឲ្យមានការស្រាយ អំពីគោលនយោបាយមិនច្បាស់លាស់ ជាយុទ្ធសាស្ត្រ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ អំពីរបៀប ដែលសហរដ្ឋអាមេរិក នឹងឆ្លើយតប។

ព្រឹត្ដិការណ៍ទាំងនេះ បានកើតឡើង ខណៈការប្រកួតប្រជែងផ្នែកយោធា និង សេដ្ឋកិច្ច កំពុងតែកើនឡើង គួបផ្សំនឹងកិច្ចខិតខំប្រឹងប្រែង កាន់តែទូលំទូលាយ នៅក្នុងការធ្វើឱ្យចិន មានអស្ថិរភាពផ្ទៃក្នុង។ ទោះជាយ៉ាងណាក៏ដោយ ដូចរាល់លើក ក្រុងវ៉ាស៊ីនតោន តែងតែប្រកាសថា សហរដ្ឋអាមេរិក មិនស្វែងរកការប្រឈមមុខដាក់គ្នាជាមួទីក្រុងប៉េកាំង នោះឡើយ។ ប៉ុន្តែក្រុងវ៉ាស៊ីនតោន គ្រាន់តែឈរលើតម្លៃរបស់សហរដ្ឋអាមេរិក តែប៉ុណ្ណោះ។ នេះគឺស្របគ្នាជាមួយនឹងគោលគំនិតយ៉ាងទូលំទូលាយ នៃអនុត្តរភាពរបស់សហរដ្ឋអាមេរិក ដែលនៅក្នុងនោះមានទាំងគោលនយោបាយដ៏អាក្រក់ សម្រាប់ជំរុញសកលភាវូបនីយកម្ម គាំទ្រដោយសប្បុរសសម្រាប់លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ផងដែរ។

ឥឡូវនេះ លោកស្រី ណានស៊ី ផែឡូស៊ី (Nancy Pelosi) ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក កំពុងតែធ្វើដំណើរបំពេញទស្សនកិច្ច នៅក្នុងទ្វីបអាស៊ី រួមមាន ប្រទេសសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និង ជប៉ុន …ជាដើម។ ជាមួយគ្នានេះ គេរំពឹងថា លោកស្រី នឹងទៅធ្វើទស្សនកិច្ច នៅលើកោះតៃវ៉ាន់ នៅក្នុងសប្តាហ៍នេះ។ នេះជាការធ្វើដំណើរលើកដំបូងរបស់មន្រ្ដីជាន់ខ្ពស់ជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។

តើក្រុងប៉េកាំង គួរបកស្រាយ និង ឆ្លើយតបយ៉ាងណា ចំពោះដំណើរទស្សនកិច្ចនេះ? តើលោកស្រី Pelosi គ្រាន់តែបញ្ឆោត ដើម្បីទាក់ទាញនូវការយកចិត្តទុក ឬមួយនេះជាផ្នែកមួយ នៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងបំបែកតៃវ៉ាន់ ជាបណ្តើរៗ ពីប្រទេសចិន ឬយ៉ាងណា?

ដោយឡែក ក្រុងប៉េកាំង បានព្រមាន អំពីផលវិបាកធ្ងន់ធ្ងរបំផុត ប្រសិនបើលោកស្រី Pelosi ធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅតៃវ៉ាន់។ ប្រការនេះ នាំឱ្យមនុស្សជាច្រើនជឿថា ក្រុងប៉េកាំង គ្រាន់តែនិយាយបំភិតបំភ័យ និង គំរាមកំហែងតែប៉ុណ្ណោះ ព្រោះថា ការប្រថុយប្រថាននឹងសង្គ្រាមជាមួយក្រុងវ៉ាស៊ីនតោន ជុំវិញដំណើររបស់មន្រ្ដីជាន់ខ្ពស់លំដាប់ទី២របស់សហរដ្ឋអាមេរិក មិនមានលក្ខណៈសមាមាត្រ ឬសមហេតុផលនោះឡើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×