ភ្នំពេញ៖ ការដាក់ចេញការធានារ៉ាប់រងយានយន្តឯកជនជាកាតាព្វកិច្ច អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា ឯកឧត្តម ប៊ូ ច័ន្ធភីរូ បានអះអាងថា ការដាក់ចេញច្បាប់ធានារ៉ាប់រងនេះ មិនមែនជាបន្ទុកចំពោះម្ចាស់យានយន្តនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺជាការជួយដោះស្រាយបន្ទុកផ្នែកហិរញ្ញវត្ថុ ចំពោះម្ចាស់យានយន្ត នៅពេលដែលមានគ្រោះថ្នាក់កើតឡើង។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ប៊ូ ច័ន្ធភីរូ បានបញ្ជាក់ថា រាជរដ្ឋាភិបាល មានគម្រោងអនុវត្តច្បាប់ស្តីពីការធានារ៉ាប់រងនេះ តាំងពីឆ្នាំ២០១៤មកម្ល៉េះ ប៉ុន្តែដោយសារយានយន្តមានច្រើនប្រភេទ នាំឲ្យត្រូវការពេលវេលាសិក្សាឲ្យបានស៊ីជម្រៅ ថាតើត្រូវចាប់ផ្តើមលើប្រភេទណាមុន និងប្រភេទណាក្រោយ។

ឯកឧត្តម បានបន្តថា កម្ពុជាខាតបង់ថវិកាជាង ៣០០លានដុល្លារ ក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរ។ហើយនេះគឺជាបង្រៀនសន្សំប្រាក់មួយ សម្រាប់ប្រជាពលរដ្ឋ ដែលជាម្ចាស់យានយន្តយកទៅដោះស្រាយ នៅពេលមានគ្រោះថ្នាក់កើតឡើង ហើយកាតាព្វកិច្ចបង់ធានារ៉ាប់រង គឺជាឧបករណ៍មួយ ដើម្បីជួយទៅដល់ប្រព័ន្ធសន្តិសុខសង្គម និងជួយដល់ប្រជាពលរដ្ឋ ទទួលបានបន្ទុកហានិភ័យគ្រោះថ្នាក់ ដែលផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រង តាមរយៈការទិញធានារ៉ាប់រង ពីក្រុមហ៊ុនធានារ៉ាប់រងនេះ។

គួរបញ្ជាក់ថា កម្ពុជា បច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៨ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ចំនួន១៨, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤, និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៦ កំពុងធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រង នៅកម្ពុជា៕