Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុងមូស្គូចោទអះអាងថា សហរដ្ឋអាមេរិក ចូលប្រឡូកដោយផ្ទាល់ក្នុងសង្គ្រាមអ៊ុយក្រែន

spot_img

រដ្ឋធានីមូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា សហរដ្ឋអាមេរិក កំពុងតែចូលមកជាប់ពាក់ព័ន្ធដោយផ្ទាល់នឹងជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន បើទោះជាក្រុងវ៉ាស៊ីនតោន បានតែងតែអះអាងជាដដែលៗថា ក្រុងវ៉ាស៊ីនតោន មិនចង់ប្រឈមមុខដោយផ្ទាល់ជាមួយនឹងក្រុងមូស្គូយ៉ាងណាក្ដី។

សារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៣ ខែសីហា ថា រុស្ស៊ី កាលពីថ្ងៃអង្គារ បានចោទប្រកាន់ ដល់សហរដ្ឋអាមេរិក អំពីការជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងសង្រ្គាមអ៊ុយក្រែន ខណៈកប៉ាល់ទី១ ដឹកគ្រាប់ធញ្ញជាតិ ចេញពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ឆ្ពោះទៅកាន់ទីផ្សារពិភពលោក ចាប់តាំងពីការផ្ទុះសង្គ្រាមឈ្លានពានរបស់ក្រុងម៉ូស្គូ បានបោះយុថ្កា ដោយសុវត្ថិភាព នៅឆ្នេរសមុទ្រតួកគី បន្ទាប់ពីការធ្វើដំណើរ ដោយគ្មានជួបប្រទះនឹងបញ្ហាអ្វី។

រុស្ស៊ី បានបញ្ជាក់ថា ក្រុងមូស្គូ កំពុងតែឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក វ៉ាឌីម ស្គីប៊ីតស្គី (Vadym Skibitsky) អនុប្រធានចារកម្មយោធារបស់អ៊ុយក្រែន អំពីវិធីដែលក្រុងគៀវ (Kyiv) ប្រើប្រាស់ប្រព័ន្ធរ៉ុក្កែត HIMARS បាញ់ចម្ងាយឆ្ងាយ ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក តាមអ្វីដែលគាត់ហៅថា រូបភាពផ្កាយរណបដ៏ល្អ និង ព័ត៌មានពេលវេលាជាក់ស្តែង។

លោក វ៉ាឌីម ស្គីប៊ីតស្គី (Vadym Skibitsky) អនុប្រធានចារកម្មយោធារបស់អ៊ុយក្រែន បានប្រាប់ដល់សារព័ត៌មានរបស់ចក្រភពអង់គ្លេស Telegraph ថា មានការពិគ្រោះយោបល់ រវាងមន្ត្រីចារកម្មសហរដ្ឋអាមេរិក និង អ៊ុយក្រែន មុនពេលមានការវាយប្រហារ ហើយថា ក្រុងវ៉ាស៊ីនតោន មានសិទ្ធិវេតូ លើគោលដៅ ដែលបានគ្រោងទុក បើទោះជាគាត់បាននិយាយថា មន្ត្រីសហរដ្ឋអាមេរិក មិនផ្តល់ព័ត៌មានពីគោលដៅនានា ដោយផ្ទាល់ក៏ដោយ។

ក្រសួងការពារជាតិរុស្ស៊ី ដឹកនាំដោយមិត្តដ៏ជិតស្និទ្ធរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន ជាប់ពាក់ព័ន្ធនឹងជម្លោះដោយផ្ទាល់ នៅក្នុងប្រទេសអ៊ុយក្រែន បើទោះជាមានការអះអាងម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិក កំពុងតែកំណត់តួនាទីរបស់ខ្លួន ជុំវិញការផ្គត់ផ្គង់សព្វាវុធ ព្រោះក្រុងវ៉ាស៊ីនតោន មិនចង់ឱ្យមានការប្រឈមមុខដាក់គ្នា ដោយផ្ទាល់ជាមួយក្រុងមូស្គូ យ៉ាងណាក្ដី។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «សកម្មភាពទាំងអស់នេះ មិនអាចប្រកែកបាន ព្រោះក្រុងវ៉ាស៊ីនតោន កំពុងតែធ្វើផ្ទុយពីការអះអាងរបស់សេតវិមាន និង មន្ទីរបញ្ចកោណ ដោយសារសហរដ្ឋអាមេរិក ចូលមកជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងជម្លោះនៅអ៊ុយក្រែន»។

ដោយឡែក អ៊ុយក្រែន និង បណ្ដាប្រទេសបស្ចិមលោក បានចោទប្រកាន់រុស្ស៊ី អំពីការអនុវត្ដន៍នូវការវាយប្រហារដោយមីស៊ីលបង្កគ្រោះមហន្ដរាយ ដល់គោលដៅស៊ីវិល ស្ទើរជារៀងរាល់ថ្ងៃ។ ប៉ុន្ដែភាគីជម្លោះទាំង២ តែងតែបដិសេធការកំណត់គោលដៅទៅលើជនស៊ីវិល៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×