រដ្ឋធានីតៃប៉ិ៖ ជាមួយនឹងសកម្មភាពយោធារបស់កម្លាំងកងទ័ពរំដោះប្រជាជនចិន កំពុងតែបំភិតបំភ័យ នៅជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រី ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក មកកាន់តៃវ៉ាន់ នោះ រដ្ឋាភិបាលក្រុងតៃប៉ិ ក៏បានអះអាងថា កងទ័ពតៃវ៉ាន់ កំពុងតែស្ថិតក្នុងស្ថានភាពត្រៀមជើងការខ្ពស់ ដើម្បីធ្វើឲ្យប្រជាជន មានទំនុកចិត្តឡើងវិញ។
សារព័ត៌មាន US News បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៣ ខែសីហា ថា គណៈរដ្ឋមន្រ្ដីរបស់ក្រុងតៃប៉ិ បានបញ្ជាក់ កាលពីថ្ងៃពុធ ថា កងទ័ពតៃវ៉ាន់ បានបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួន។ ជាមួយគ្នានេះ អាជ្ញាធរ នឹងរៀបចំផែនការធានាសុវត្ថិភាព និង ស្ថិរភាព នៅជុំវិញដែនកោះមួយនេះ ក្រោយពេលចិនបានប្រកាស អំពីសមយុទ្ធយោធា ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការមកដល់ទីក្រុងតៃប៉ិ របស់ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក លោកស្រី ណានស៊ី ផែឡូស៊ី (Nancy Pelosi) ។
គណៈរដ្ឋមន្ត្រីរបស់តៃវ៉ាន់ បានធានាថា ប្រជាពលរដ្ឋរបស់ខ្លួន គួរតែមានអារម្មណ៍ ជឿជាក់ឡើងវិញ ហើយថា មូលនិធិស្ថិរភាពជាតិ សម្រាប់ទីផ្សារភាគហ៊ុន នឹងឃ្លាំមើលស្ថានការណ៍យ៉ាងដិតដល់ និង ប្រតិកម្ម នៅក្នុងលក្ខណៈទាន់ពេលវេលា៕រក្សាសិទ្ធិដោយ ៖ សារាយSN


















