Wednesday, August 17, 2022

គយនិងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២២ ប្រមូលចំណូលបាន ប្រមាណ ១ ២៩៥,៤ លានដុល្លារ

spot_img

ឯកឧត្ដមបណ្ឌិត គុណ ញឹម បានថ្លែងថា គយនិងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២២ ប្រមូលចំណូលបាន ៥ ២៥៩,៥ ប៊ីលានរៀល (ស្មើនឹងប្រមាណ ១ ២៩៥,៤ លានដុល្លារអាមេរិក) កើនឡើងប្រមាណ ១២% ធៀបនឹងចំណូលប្រមូលបានក្នុងឆមាសទី១ ឆ្នាំ២០២១។

នារសៀលថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានប្រារព្ធកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានធ្វើសេចក្តីរាយការណ៍ពីលទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២២ ដែលក្នុងនោះ អគរ ប្រមូលចំណូលបាន ៥ ២៥៩,៥ ប៊ីលានរៀល (ស្មើនឹងប្រមាណ ១ ២៩៥,៤ លានដុល្លារអាមេរិក) កើនឡើងប្រមាណ ១២% ធៀបនឹងចំណូលប្រមូលបានក្នុងឆមាសទី១ ឆ្នាំ២០២១។ លទ្ធផលនេះ គឺសម្រេចបាន ៥០,២% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើគិតតាមប្រភេទពន្ធនិងអាករ ឃើញថា អាករពិសេសមានចំនួន ១ ៩៧៧,៧ ប៊ីលានរៀល (ត្រូវជា ៣៧,៩%នៃចំណូលសរុប), អាករលើតម្លៃបន្ថែមមានចំនួន ១ ៩៩៦ ប៊ីលានរៀល (ត្រូវជា ៣៧,៦% នៃចំណូលសរុប), ពន្ធគយមានចំនួន ៩៨៩,៨ ប៊ីលានរៀល (ត្រូវជា ១៨,៨% នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមានចំនួន ១៨៩,៤ ប៊ីលានរៀល (ត្រូវជា ៣,៦% នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ១០៦,៦ ប៊ីលានរៀល (ត្រូវជា ២,១% នៃចំណូលសរុប)។ ចំពោះចំណូលតាមក្រុមទំនិញ ឃើញថា យានយន្តនិងគ្រឿងចក្រមានចំនួន ២ ៣៧១,៥ ប៊ីលានរៀល (ត្រូវជា ៤៥,១% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ១ ៤៥៦,១ ប៊ីលានរៀល (ត្រូវជា ២៧,៧% នៃចំណូលសរុប), ផលិតផលតេលសិលាមានចំនួន ១ ១១០,៣ ប៊ីលានរៀល (ត្រូវជា ២១,១% នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៣២១,៦ ប៊ីលានរៀល (ត្រូវជា ៦,១% នៃចំណូលសរុប)។

ទំហំនៃការនាំចេញក្នុងឆមាសទី១ ឆ្នាំ២០២២ ធៀបនឹងឆមាសទី១ ឆ្នាំ២០២១ មានដូចខាងក្រោម៖
•ការនាំចេញផលិតផលកាត់ដេរមានចំនួន ៦ ៥៦១,៩ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១ ៨៤០,៦ លានដុល្លារអាមេរិក ស្មើនឹង ៣៩%,
•ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានចំនួន ២ ៦៥៩,១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៧៥៩,៤ លានដុល្លារអាមេរិក ស្មើនឹង ៤០%,
•ការនាំចេញកសិផលមានចំនួន ១ ៧៤១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៦០,៥ លានដុល្លារអាមេរិក ស្មើនឹង ១០,២% ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ៣៦៨,៣ លានដុល្លារអាមេរិក ថយចុះប្រមាណ ៥៦,៨ លានដុល្លារអាមេរិក (១៣,៤%), ការនាំចេញអង្ករមានតម្លៃ ២០៤ លានដុល្លារអាមេរិក ថយចុះប្រមាណ ០,២ លានដុល្លារអាមេរិក (០,១%), កៅស៊ូនាំចេញមានតម្លៃ ១៨១,៧ លានដុល្លារអាមេរិក កើនឡើងប្រមាណ ២៤,១ លានដុល្លារអាមេរិក (១៥,៣%), និងកសិផលផ្សេងទៀតមានតម្លៃ ៥២៣,៦ លានដុល្លារអាមេរិក កើនឡើង ៨៥,១ លានដុល្លារអាមេរិក (១៩,៤%)។

បន្ថែមពីលើការងារប្រមូលចំណូល អគរ ក៏សម្រេចបាននូវវឌ្ឍនភាពល្អប្រសើរលើការងារសំខាន់ៗមួយចំនួន ដែលមានចែងក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២២ ដូចជា៖ (១). ការពង្រឹងការងារបច្ចេកទេសនិងការអនុវត្តច្បាប់, (២). ការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ, (៣). ការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម, (៤). ការងារសវនកម្មនិងការគ្រប់គ្រងហានិភ័យ, (៥). ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើទំនើបកម្មនិងសាមញ្ញកម្មនីតិវិធីគយ, (៦). ការធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននានា, និង (៧). ការអភិវឌ្ឍធនធានមនុស្សនិងស្ថាប័ន។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរលើគ្រប់ការដ្ឋានការងារ។

ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងឆមាសទី២ ឆ្នាំ២០២២ និងរយៈពេលបន្តបន្ទាប់ខាងមុខ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យ អគរ បន្តអនុវត្តប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង ៥ ចំណុចរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលគយ អគារសាលាជាតិគយ និងអគារសារមន្ទីរគយ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ និងមតិណែនាំទាំង ៨ ចំណុចរបស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆ្នាំ២០២១ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ និងបានផ្ដល់សេចក្ដីណែនាំ សម្រាប់ការអនុវត្តការងារចំពោះមុខមួយចំនួនរួមមាន៖ (១).ពង្រឹងប្រសិទ្ធភាពការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធនិងបន្លំពន្ធ (២).ពង្រឹងការងារគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ទាំងទំនិញដែលមានលក្ខណៈជាបញ្ញើប្រៃសណីយ៍ និងទំនិញនាំចូលតាមមាត់ច្រកផ្សេងៗ, (៣).បង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធលើកការងារប្រឆាំងការសម្អាតប្រាក់ (AML), (៤). បន្តពង្រឹងយន្តការកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មគយ, ការជំរុញការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ដំណាក់កាលទី៣, ការកែលម្អគុណភាពសេវា,ជំរុញការកែទម្រង់មុតស្រួចដោយសហការជាមួយផ្នែកឯកជន និងដៃគូពាក់ព័ន្ធក្នុងការធ្វើសាមញ្ញកម្មនីតិវិធីគយដោយរក្សាទុកក្នុងកម្រិតអប្បបរមា ជាពិសេសលើការនាំចេញ, (៥). អនុវត្តឱ្យបានសកម្មនូវផែនការសកម្មភាពនៃក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការងារគយ, (៦). បង្កើនកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងបណ្តាអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និង (៧). បន្តជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដល់កិច្ចប្រតិបត្តិការគយ និងរកដីរៀបចំកន្លែងត្រួតពិនិត្យទំនិញឲ្យបានសមរម្យជាពិសេសនៅមាត់ច្រកសំខាន់ៗ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី