Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តជំរុញឲ្យសិស្សានុសិស្សភៀសសឹកជាង២០០០នាក់ត្រូវខិតខំរៀនសូត្រអនាគតយើងខ្លាំងទើបគេមិនមើលងាយ

ខេត្តកំពង់ចាម: “សូមក្មួយៗប្រែក្លាយនៅការឈឺចាប់ទៅជាការខិតខំរៀនសូត្រឲ្យបានពូកែធ្វើយ៉ាងណាយើងខ្លាំងទើបគេមិនមើលងាយមួយវិញទៀតបើក្មួយណាស្ម័គ្រចិត្តនៅបន្តការសិក្សានៅកំពង់ចាម រៀនដល់ថ្នាក់ទី១២ប្រឡងជាប់បាននិទ្ទេស A នោះនឹងមានផ្ដល់រង្វាន់ជូន។”នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តក្នុងឱកាសជួបសំណេះសំណាលផ្ដល់សម្ភារៈការសិក្សាដល់សិស្សភៀសសឹកជាង៣០០នាក់ ដែលធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ នាព្រឹកថ្ងៃទី២៩ធ្នូ ឆ្នាំ២០២៥។ ជាមួយនោះក៏មានការចូលរួមពីប្រធានមន្ទីរអាជ្ញាធរមូលដ្ឋានលោកគ្រូ អ្នកគ្រូ រាប់រយនាក់។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍លើកឡើងថា: ក្រោយពីមានការជួបប្រជុំរវាងថ្នាក់ដឹកនាំកម្ពុជានិងថៃដែលបានធ្វើឡើងជាបន្តបន្ទាប់រហូតដល់មានកិច្ចព្រមព្រៀងបទបាញ់ដែលមានរយៈពេល៧២ម៉ោង បានធ្វើឲ្យស្ថានភាពនៅតាមបន្ទាត់ព្រំដែនមកដល់ពេលនេះ គឺមានភាពស្ងប់ស្ងាត់ល្អគួរឱ្យកត់សម្គាល់។ ជាមួយនោះសូមឱ្យពូមីងលោកតា លោកយាយ សូមមានជំនឿជឿជាក់លើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំដោយសម្ដេចតេជោប្រធានព្រឹទ្ធសភា សម្ដេចបវរធិបតីគឺបានខិតខំប្រឹងប្រែងដោះស្រាយតាមរយៈច្បាប់អន្តរជាតិនិងការទូតធ្វើយ៉ាងណាឱ្យសន្តិភាពបានវិលត្រឡប់មកវិញ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា កន្លងមកដោយសារតែមានបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃគឺធ្វើឲ្យផ្ទះរបស់បងប្អូនពលរដ្ឋដែលនៅកៀកព្រំដែនត្រូវបានបង្ខំចិត្តបិទទ្វារ ដោយនាំប្ដីប្រពន្ធព្រមទាំងកូនៗធ្វើដំណើរមកកន្លែងសុវត្ថិភាពឆ្ងាយ ដូចជាមករស់នៅបណ្ដោះអាសន្នតាមផ្ទះសាច់ញាតិនៅក្នុងខេត្តកំពង់ចាមគិតរហូតមកដល់ពេលនេះមានជាង៧០០០គ្រួសារស្មើមនុស្សជាង២ម៉ឺននាក់ ។ ស្របតាមការណែនាំរបស់សម្ដេចបវរធិបតីគឺឲ្យអាជ្ញាធរខេត្ត ត្រូវតែបន្តការយកចិត្តទុកដាក់គឺតាមដានដល់បងប្អូនភៀសសឹកទោះបីទៅដល់ទីណាក៏ដោយគឺអាជ្ញាធរមូលដ្ឋាន ត្រូវយកស្បៀងឬម្ហូបអាហារចែកជូនដល់ពួកគាត់ធ្វើយ៉ាងណាកុំឱ្យខ្វះខាត។ កត្តានេះហើយដែលក្មួយៗត្រូវបានរត់តាមឪពុកម្ដាយចោលសាលាមិនបានរៀនសូត្រដូច្នេះអាជ្ញាធរខេត្តបានដាក់គោលការណ៍ដោយឱ្យប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តត្រូវតែទទួលសិស្សចាប់ពីថ្នាក់កម្រិតមត្តេយ្យរហូតដល់ថ្នាក់ទី១២ ឲ្យទទួលបានការសិក្សាបន្តដូចគេឯងដែលគិតរហូតមកដល់ពេលនេះចំនួនសិស្សភៀសសឹកមានជាង២០០០នាក់ដែលត្រូវបានចុះឈ្មោះរៀននៅក្នុងខេត្តកំពង់ចាម។

អភិបាលខេត្តបានបញ្ជាក់ថាចំពោះសម្ភារៈសិក្សាដែលត្រូវចែកជូននាឱកាសនេះគឺមានកាតាប សៀវភៅនិងប៊ិចត្រូវបានចែកជូនទាំងអស់ដោយមិនប្រកាន់គ្រួសារមានជីវភាពធូរធារឬខ្វះខាតនោះទេ។តែពេលខាងមុខអាជ្ញាធរត្រូវបន្តតាមដានមើលបន្ថែមទៀតសម្រាប់កូនសិស្សដែលមានជីវភាពខ្វះខាតចាំបាច់ត្រូវតែជួយទំនុបបម្រុងឲ្យបានរៀនសូត្រចប់ចុងចប់ដើម។ សូមពូមីងមេត្តាជឿទុកចិត្តលើប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីគឺបានប្រឹងប្រែងដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ហើយនៅចុងក្រោយនេះ មានតំណាងប្រទេសទាំងពីរបានជួបដោះស្រាយគ្នានៅមហាយក្សចិន សង្ឃឹមថាស្ថានភាពវិលត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញ។ដូច្នេះពូមីងអាចអញ្ជើញត្រឡប់ទៅកាន់លំនៅឋានវិញក្នុងពេលដែលមានស្ថានភាពល្អ ហើយក្មួយៗក៏អាចត្រឡប់ទៅបន្តការសិក្សាតាមសាលារៀនរបស់ខ្លួនរៀងៗខ្លួន ចំណែកខ្លះទៀតបើចង់សិក្សានៅក្នុងខេត្តកំពង់ចាមគឺមន្ទីរអប់រំបើកសិទ្ធិសេរីភាពឱ្យព្រោះថានៅខេត្តកំពង់ចាមសម្បូរទៅដោយធនធានមនុស្ស ហើយវិទ្យាល័យហ៊ុន សែន ព្រៃទទឹងនេះគឺសម្បូរទៅដោយមន្ត្រីរាជការធ្វើធំទៀតផង៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×