Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេសចិន ÷ មជ្ឈដ្ឋានអន្តរជាតិមើលឃើញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិក ពិតជាលូកដៃកកូរកកាយផ្ទៃក្នុងរបស់ចិន

spot_img

ចិន ៖ សហរដ្ឋអាមេរិក ត្រូវបានមជ្ឈដ្ឋានអន្តរជាតិមើលឃើញច្បាស់ថា កំពុងលូកដៃចូលកកូរកកាយផ្ទៃក្នុងរបស់ចិនយ៉ាងគឃ្លើន ខណ:ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណេនស៊ី ប៉េឡូស៊ី នៅថ្ងៃពុធម្សិលមិញនេះ បានរឹងរូសឆ្ពោះដំណើរទៅដល់តៃវ៉ាន់ ហើយនិយាយចំហថា ដំណើរទស្សនកិច្ចរបស់លោកស្រី គឺពិតជាបានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិក នឹងមិនបោះបង់ចោលតៃវ៉ាន់ឡើយ ខណៈលោកស្រីចាប់ផ្ដើមជំនួបជាមួយមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន ទន្ទឹមគ្នានឹងរដ្ឋាភិបាលចិន បញ្ជាក់យ៉ាងច្បាស់ថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិន ឬថា ផ្នែកនៃតៃវ៉ាន់ គឺ ចិនតែមួយ។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឈរនៅក្បែរ លោកស្រី សៃ អ៉ីងវិន លោកស្រី ប៉េឡូស៊ី ប្រធានសភាតំណាងរាស្ត្រអាមេរិក បាននិយាយមាំទាំថា នៅថ្ងៃនេះ ប្រតិភូរបស់យើង បានធ្វើដំណើរមកតៃវ៉ាន់ គឺដើម្បីបញ្ជាក់យ៉ាងច្បាស់ថា យើងនឹងមិនបោះបង់ចោលការប្ដេជ្ញាចិត្តរបស់យើងចំពោះតៃវ៉ាន់ឡើយ ហើយយើងពិតជាមានមោទនភាពចំពោះទំនាក់ទំនងមិត្តភាព យូរអង្វែងរបស់យើង។

គួរបញ្ជាក់ថា ប្រវត្តិ ទឹកដី ចិន និង តៃវ៉ាន់ វាមានដំណើររឿងដូចតទៅ… ចិន បាន រង សង្គ្រាម ស៊ីវិល នៅ ឆ្នាំ ១៩៤៩ ជា សង្គ្រាម រវាង ក្រុម អ្នកជាតិ និយម លោក ចៀង កាយចៀក និង ក្រុមអ្នកគាំទ្រ លោក ម៉ៅ សេទុង។ កាលណោះ កងទ័ព មេដឹកនាំ ជាតិ និយម ចៀង កាយចៀក បាន ច្បាំង ចាញ់ ក្រុម ម៉ៅនិយម, ហើយគ្រានោះប្រជាជន ចិន ប្រមាណ ២លាន នាក់ ដែល គាំទ្រ លោក ចៀង កាយចៀក បាន រត់ ភៀសទៅ កាន់កោះ តៃវ៉ាន់ និង បាន ប្រកាស បង្កើត សាធារណរដ្ឋ ចិន ដែលគេគិតថា គ្រាន់តែជាតំបន់អប្បគមន៍មួយប៉ុណ្ណោះ។ ចាប់ តាំងពី ពេលនោះ មក ប្រជាជន នៅតៃវ៉ាន់ និង ប្រជាជន ចិន ដីគោក តែង ទាមទារ ថា ខ្លួន ជា ម្ចាស់ ប្រទេស ចិន រៀងៗខ្លួន។

ជាការឆ្លើយតបទៅនឹងទង្វើរបស់សហរដ្ឋអាមេរិក លោក វ៉ាង យី ប្រធានក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានប្រកាសព័ត៌មានជាឱឡារិកថា ដំណើរទស្សនកិច្ចរបស់ លោកស្រី ណេនស៊ី ប៉េឡូស៊ី ប្រធានសភាតំណាងរាស្ត្រអាមេរិក ទៅកាន់តៃវ៉ាន់របស់ចិន គឺជាទង្វើយ៉ាងគឃ្លើន ដោយមិនអើពើនឹងការតវ៉ាយ៉ាងម៉ឺងម៉ាត់របស់ភាគីចិន។ ទង្វើនេះបានល្មើសយ៉ាងធ្ងន់ធ្ងរចំពោះគោលការណ៍ចិនតែមួយ បំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពចិន ដែលជាការបង្កហេតុនយោបាយទាំងចំហ បង្កអមិត្តជាមួយចិន។ ករណីនេះបានញ៉ាំងឱ្យប្រជាជនចិន ខឹងសម្បាយ៉ាងខ្លាំង និងធ្វើឱ្យសហគមន៍អន្តរជាតិប្រឆាំងជាទូទៅ។

លោក វ៉ាង យី សង្កត់ធ្ងន់ថា អាមេរិកកុំស្រមើស្រមៃពីការបំផ្លាញ ការស្តារ និងអភិវឌ្ឍរបស់ប្រទេសចិនឱ្យសោះ, អាមេរិកកុំស្រមើស្រមៃពីការលេងល្បែង ប្រកួតប្រជែងភូមិសាស្ត្រឱ្យសោះ, អាមេរិកកុំស្រមើស្រមៃពីការប្រែ ស ទៅជា ខ្មៅ ឱ្យសោះ, អាមេរិកកុំស្រមើស្រមៃថា ចង់រារាំងបុព្វហេតុបង្រួបបង្រួមជាតិរបស់ប្រទេសចិនឱ្យសោះ។

តៃវ៉ាន់ ជាចំណែកមួយរបស់ចិន ការសម្រេចការបង្រួបបង្រួមជាតិទាំងស្រុង ជាភាពចាំបាច់នៃប្រវត្តិសាស្រ្តរបស់ចិន, បញ្ហាតៃវ៉ាន់កើតឡើងដោយសារ ភាពទន់ខ្សោយនៃប្រទេសកាលនោះ តែវាមុខជានឹងត្រូវបានដោះស្រាយទន្ទឹមគ្នា នឹងការស្តារភាពរុងរឿង នៃប្រជាជាតិឡើងវិញជាក់ជាមិនខានរបស់ចិន។

អាមេរិក អះអាងថា ភាគីចិនបាននិងកំពុងធ្វើឱ្យស្ថានការណ៍ឡើងកម្តៅ ប៉ុន្តែការពិត គឺភាគីអាមេរិក ជាអ្នកបង្កហេតុមុនគេលើបញ្ហាតៃវ៉ាន់។ ភាគីអាមេរិក នៅបានអះអាងតៀតថា ប្រទេសចិនស្វែងរកការបង្រួបបង្រួមជាតិ ជាការគំរាមកំហែងចំពោះតៃវ៉ាន់ ក៏ប៉ុន្តែបញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។

ក្រឡេកទៅមើលទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergey Lavrov) បាននិយាយថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណេនស៉ី ប៉េឡូស៉ី (Nancy Pelosi) នៅឯកោះតៃវ៉ាន់ គឺជាការប៉ុនប៉ងដោយចេតនារបស់ទីក្រុងវ៉ាស៉ីនតោន ដើម្បីធ្វើឲ្យប្រទេសចិនមានការខឹងសម្បា។
លោក ឡារ៉ូវ បានគូសបញ្ជាក់ថា ខ្ញុំមើលមិនឃើញមានហេតុផលណាផ្សេងទៀតឡើយ ដើម្បីបង្កើតការរំខាន កកូរកកាយផ្ទៃក្នុងចិនបែបនេះ ដែលនៅសុខៗ គឺកើតចេញមកតែម្តង (ដំណើរទស្សនកិច្ចប្រធានសភាតំណាងរាស្ត្រអាមេរិកទៅកាន់តៃវ៉ាន់) ហើយទាំងពួកគេដឹងយ៉ាងជាក់ច្បាស់ថា វាមានអត្ថន័យយ៉ាងណា សម្រាប់ប្រទេសចិន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×