រដ្ឋធានីវ៉ាស៊ីនតោន៖ នៅក្នុងរយៈពេលត្រឹមតែ១ត្រីមាសចុងក្រោយនេះ ក្រុមហ៊ុនធំៗ ចំនួន៤ រកបានប្រាក់ចំណូល ជិត៥១ពាន់លានដុល្លារសហរដ្ឋអាមេរិក ពីប្រេង និង ឧស្ម័ន ដោយស្ទើរកើនឡើងទ្វេដង រហូតធ្វើឲ្យប្រធានអង្គការសហប្រជាជាតិ បានស្ដីបន្ទោស ដល់ក្រុមហ៊ុនទាំងនោះ ហើយជំរុញឲ្យរដ្ឋាភិបាលនានា នៅលើពិភពលោក ត្រូវប្រមូលពន្ធ ពីប្រាក់ចំណេញរបស់ក្រុមហ៊ុន ចំពេលមានវិបត្ដិថាមពល កាន់តែខ្លាំងឡើង។
សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២ ថា លោក អេនតូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហរប្រជាជាតិ បានថ្កោលទោស ចំពោះ«ការលោភលន់ហួសប្រមាណ» របស់ក្រុមហ៊ុនប្រេង និងឧស្ម័ន ក៏ដូចជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ពួកគេ ហើយគាត់បានជំរុញឱ្យរដ្ឋាភិបាល នៅទូទាំងពិភពលោក «ត្រូវតែប្រមូលពន្ធលើប្រាក់ចំណេញ ដែលលើសទាំងនេះ» ដើម្បីគាំទ្រ និង ជួយដល់ប្រជាជន ងាយរងគ្រោះបំផុត។
ប្រមុខអង្គការសហប្រជាជាតិ បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន កាលពីថ្ងៃពុធ ថា «ការលោភលន់ហួសប្រមាណ ជារឿងអសីលធម៌ សម្រាប់ក្រុមហ៊ុនប្រេង និង ឧស្ម័ននានា ដើម្បីបង្កើនកំណត់ត្រាប្រាក់ចំណេញ ពីវិបត្ដិថាមពលនេះ ដោយកេងពីនៅលើខ្នងរបស់ប្រជាជន និង សហគមន៍ក្រីក្របំផុត ដោយការចំណាយប្រាក់យ៉ាងច្រើន ជុំវិញបញ្ហាអាកាសធាតុ»។
ក្រុមហ៊ុនប្រេងដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ចំនួន២ គឺ ក្រុមហ៊ុនអែក្សុនម៉ូប៊ីល (Exxon Mobil Corp) និង ឆែវរ៉ុន (Chevron Corp) រួមជាមួយក្រុមហ៊ុនសែល (Shell) មានមូលដ្ឋាន នៅចក្រភពអង់គ្លេស និង ក្រុមហ៊ុនតូតាល់អេណឺជីs (TotalEnergies) របស់បារាំង ទាំង៤នេះ រកបានប្រាក់ចំណូល ជិត៥១ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងត្រីមាសចុងក្រោយនេះ។ ប្រាក់ចំណូលទាំងនេះ កើនឡើង ជិតទ្វេដង បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

លោក អេនតូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា «ខ្ញុំសូមជំរុញឱ្យរដ្ឋាភិបាលទាំងអស់ នៅលើពិភពលោក ត្រូវតែយកពន្ធលើប្រាក់ចំណេញលើសទាំងនេះ ហើយយកមកប្រើប្រាស់ជាមូលនិធិ សម្រាប់ជួយគាំទ្រដល់ប្រជាជន ងាយរងគ្រោះបំផុត នៅក្នុងគ្រាដ៏លំបាក។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមជំរុញដល់មនុស្ស នៅគ្រប់ទីកន្លែង ផ្ញើសារយ៉ាងច្បាស់លាស់ ទៅកាន់ក្រុមហ៊ុនឧស្សាហកម្មឥន្ធនៈហ្វូស៊ីល និង អ្នកផ្តល់ហិរញ្ញប្បទានរបស់ពួកគេ ថា ការលោភលន់ហួសប្រមាណនេះ កំពុងដាក់ទណ្ឌកម្ម មកលើប្រជាជនក្រីក្របំផុត និង ងាយរងគ្រោះបំផុត ខណៈកំពុងតែបំផ្លាញពិភពលោក តែមួយគត់របស់យើង»។
អ្នកនយោបាយ និង អ្នកតស៊ូមតិអតិថិជន បានរិះគន់ដល់ក្រុមហ៊ុនប្រេង សម្រាប់ការប្រមូលទុន លើការខ្វះខាតការផ្គត់ផ្គង់ ជាសាកល សម្រាប់ការបង្កើនប្រាក់ចំណេញ និង ទាញយកផលប្រយោជន៍ ពីអ្នកប្រើប្រាស់។ ដោយឡែក ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានថ្លែង កាលពីខែមិថុនា ថា ក្រុមហ៊ុន Exxon និង ក្រុមហ៊ុនផ្សេងៗទៀត កំពុងតែរកលុយចំណេញ បានច្រើនជាងមុន ខណៈតម្លៃប្រេងឥន្ធនៈ កំពុងតែកើនឡើង នៅក្នុងកំណត់ត្រាថ្មីមួយ៕រក្សាសិទ្ធិដោយ ៖ សារាយSN





