ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅហ្សឺណែវ មានការសោកស្តាយយ៉ាងខ្លាំង ចំពោះរបាយការណ៍របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សស្តីពី “ស្ថានភាពនៃសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា” ដែលពោរពេញទៅដោយខ្លឹមសារលម្អៀង ជ្រើសតែមួយជ្រុង បុរេនិច្ឆ័យ និងមិនផ្អែកលើមូលដ្ឋានត្រឹមត្រូវ ព្រមទាំងការសន្និដ្ឋានមានចរិតនយោបាយ ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបង្ហាញជូននូវចំណុចខុសឆ្គងមួយចំនួននៃរបាយការណ៍ខាងលើ ដូចតទៅ៖
ទី១៖ ការអះអាងថា អ្នកសារព័ត៌មាននៅកម្ពុជា ទទួលរងនូវការបៀតបៀន ការគាបសង្កត់ និងអំពើហិង្សាក្នុងទម្រង់ផ្សេងៗ គឺជាការសន្និដ្ឋានលម្អៀង និងជ្រើសរើសតែមួយជ្រុង។ ការពិត វិស័យសារព័ត៌មាននៅប្រទេសកម្ពុជា មានភាពរស់រវើក តាមរយៈវត្តមាននៃប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីនិងឌីជីថល ជាង២.០០០ អង្គភាព រួមទាំងប្រព័ន្ធផ្សព្វផ្សាយរិះគន់រាជរដ្ឋាភិបាល យ៉ាងសកម្ម។ ច្បាប់ស្តីពីរបបសារព័ត៌មានរបស់កម្ពុជា ធានាការសម្ងាត់នៃប្រភពព័ត៌មាន រក្សាឯករាជ្យភាព និងហាមឃាត់មិនឱ្យមានការត្រួតពិនិត្យមុនពេលបោះពុម្ពផ្សាយ។ កម្ពុជាគាំពារអ្នកសារព័ត៌មានវិជ្ជាជីវៈ ដែលមិនបំពានសិទ្ធិអ្នកដទៃ និងមិនបំភ្លៃការពិត។ ការអនុវត្តច្បាប់ លើអ្នកសារព័ត៌មាននិង អង្គភាពដែលបំពានច្បាប់ មិនអាចបកស្រាយថា ជាការរឹតត្បិត សេរីភាព សារព័ត៌មាន ឡើយ។
ទី២៖ របាយការណ៍ខាងលើពុំបានប្រកាន់យកវិធីសាស្រ្តដែលមានលក្ខណៈ សត្យានុម័ត អព្យាក្រឹត និងមិនជ្រើសតែមួយជ្រុង។ យោបល់របស់រាជរដ្ឋាភិបាល ដែលបានផ្ញើជូនការិយាល័យឧត្តមស្នងការ មិនត្រូវបានឆ្លុះបញ្ចាំងឱ្យបានគ្រប់ជ្រុងជ្រោយ ពេញលេញ និងត្រឹមត្រូវនោះទេ។ ឧទាហរណ៍មួយគឺ ការដកស្រង់ខុសចំពោះព័ត៌មានរបស់រាជរដ្ឋាភិបាល នៅក្នុងកថាខណ្ឌទី៥៤ នៃរបាយការណ៍ ដែលទាក់ទងនឹងស្ថានភាពនៃសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន។ ការពិតនោះគឺថា កិច្ចពិភាក្សាលើសេចក្តីព្រាង ច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន “បានបញ្ចប់រួចរាល់” ក្នុងកម្រិតក្រុមការងារបច្ចេកទេសរវាងក្រសួងពាក់ព័ន្ធ។ ប៉ុន្តែគួរឱ្យសោកស្ដាយ របាយការណ៍របស់អង្គការសហប្រជាជាតិ ដែលគេថា មានស្តង់ដារខ្ពស់ អាចជឿទុកចិត្តបាន និងមានសុចរិតភាព បែរជាអះអាងថា កិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ “មិនទាន់ត្រូវបានបញ្ចប់នៅទ្បើយ” ក្នុងកម្រិតក្រុមការងារបច្ចេកទេស ទៅវិញ។ ដូចសព្វដងដែរ ការិយាល័យឧត្តមស្នងការ តែងតែព្រងើយកន្តើយ ចំពោះធាតុចូលរបស់រាជរដ្ឋាភិបាល។

ទី៣៖ វិធីសាស្រ្តស្រាវជ្រាវដែលមិនបានរៀបចំឱ្យត្រឹមត្រូវ កាន់តែធ្វើឱ្យរបាយការណ៍ខាងលើ បាត់បង់បន្ថែមទៀតនូវភាពអាចជឿទុកចិត្ត ។ អ្នកសារព័ត៌មាន ពលរដ្ឋដើរតួជាអ្នកសារព័ត៌មាន និងបុគ្គ លិកប្រព័ន្ធផ្សព្វផ្សាយ សរុបចំនួន៦៥រូប ដែលត្រូវបានជ្រើសរើសដោយគ្មានលក្ខណៈវិទ្យាសាស្រ្ត សម្រាប់ការសម្ភាសន៍និងស្ទង់មតិ ពុំតំណាងដោយត្រឹមត្រូវ ឱ្យទស្សនៈរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចំនួនជិត៦.០០០ នាក់ ដែលកំពុងអនុវត្តភារកិច្ចរបស់ពួកគេដោយសេរី នៅទូទាំងប្រទេស ហើយតួលេខនេះមិនទាន់រាប់បញ្ចូលនូវចំនួនពលរដ្ឋដើរតួជាអ្នកសារព័ត៌មាន នៅឡើយ។
ទី៤៖ ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អះអាងថា បានប្រមូលព័ត៌មាន ពីប្រភពដែលគួរឱ្យទុកចិត្តបាន ប៉ុន្តែបដិសេធមិនបញ្ជាក់ឱ្យបានលម្អិត។ ការិយាល័យឧត្តមស្នងការ ក៏ទទួលស្គាល់ផងដែរនូវការពឹងផ្អែកលើរបាយការណ៍របស់អង្គការមិនមែនរដ្ឋាភិបាលដែលទទួលមូលនិធិពីបរទេស និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ រួមទាំងវិទ្យុអាស៊ីសេរី។ នោះហើយជាមូលហេតុ ដែលរបាយការណ៍ខាងលើរបស់ការិយាល័យឧត្តមស្នងការ ពុំបានទទួលស្គាល់នូវវិធានការវិជ្ជមានជាច្រើន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីធានាថា សារព័ត៌មានអាចរាយការណ៍ដោយសេរី និងសុវត្ថិភាព។ ក្នុងចំណោមវិធានការទាំងនោះ រួមមាន ការដកបទបរិហារកេរ្តិ៍តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ចេញពីបទល្មើសព្រហ្មទណ្ឌ ជំនួយផ្នែកច្បាប់ដែលផ្តល់ដោយក្រសួងព័ត៌មាន និងក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន ដល់អ្នកសារព័ត៌មានដែលមានទំនាស់ផ្លូវច្បាប់ និងការចាត់បញ្ចូលអ្នកសារព័ត៌មាន ទៅក្នុងក្រុមអាទិភាពដែលទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃនិងគ្មានការរើសអើង ។ល។
ទី៥៖ ការថ្លែងថា អ្នកសារព័ត៌មាននៅកម្ពុជា កំពុងធ្វើការក្នុងបរិយាកាសកាន់តែលំបាកខ្លាំងឡើង ក្នុងការ
ទទួលបានព័ត៌មានពីប្រភពសាធារណៈ គឺជាបុរេនិច្ឆ័យ។ ខណៈពេលរង់ចាំការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន រាជរដ្ឋាភិបាលបានចាត់វិធានការនានា ដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានព័ត៌មានជាសាធារណៈ។ ក្នុងចំណោមនោះ រួមមាន ការបង្កើតអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងការតែងតាំងអ្នកនាំពាក្យតាមក្រសួងស្ថាប័ននីមួយៗ។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបាន រៀបចំសន្និសីទសារព័ត៌មាន ជាប្រចាំស្តីពី ប្រធានបទគ្រប់វិស័យ ដែលផ្ដល់ឱកាសឱ្យអ្នកសារព័ត៌មាន ទទួលបានដោយផ្ទាល់និងភ្លាមៗនូវប្រភព ព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោ យ។
ទី៦៖ ការចោទប្រកាន់ថា បទប្បញ្ញត្តិជាច្រើនត្រូវបានអនុម័ត ដើម្បីរឹតបន្តឹងលំហសង្គមស៊ីវិល និងសេរីភាពសារព័ត៌មាន គឺពុំផ្អែកលើមូលដ្ឋានត្រឹមត្រូវ។ ការពិត រាល់ច្បាប់និងលិខិតបទដ្ឋានគតិយុត្តទាំងអស់ ដែលបានអនុម័ត រួមទាំងក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩ គឺប្រកាន់ខ្ជាប់នូវគោលការណ៍នីត្យានុកូលភាព ភាពចាំបាច់ និងសមាមាត្រ ដោយមានគោលបំណងតែមួយគត់ គឺដើម្បីសង្គ្រោះអាយុជីវិត ការពារពលរដ្ឋដែលគោរពច្បាប់ ប្រមូលចំណូលជាតិ និងទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។
ជាទីបញ្ចប់ កម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាករេ ក្នុងការលើកកម្ពស់ និងការពារសេរីភាពនៃការបញ្ចេញមតិ និងសារព័ត៌មាន ដែលស្របតាមច្បាប់ ហើយកិច្ចការនេះគឺជាដំណើរការកំពុងប្រព្រឹត្តទៅជាបន្តបន្ទាប់ មិនមែនជាលំហាត់គ្រាន់តែគូសដើម្បីឆ្លើយទេ។ ជំនួសឱ្យការរៀបចំរបាយការណ៍ ដែលមានចំណុចខុសឆ្គង និងចរិតនយោបាយ ការិយាល័យឧត្តមស្នងការ គួរបង្វែរការយកចិត្តទុកដាក់ និងប្រើប្រាស់នូវធនធានមិនច្រើនរបស់ខ្លួន ទៅដោះស្រាយនិន្នាការដ៏គួរឱ្យព្រួយបារម្ភនៃបញ្ហាប្រឈមសិទ្ធិមនុស្ស ដូចជា ការប្រើសំដីស្អប់ខ្ពើម ការបង្កាច់បង្ខូច ការផ្សព្វផ្សាយព័ត៌មានមិនពិត ការអុចអាល និងការញុះញង់ឱ្យមានការបះបោរ ដែលជ្រកក្រោមស្លាកនៃសេរីភាព នៃការបញ្ចេញមតិ។ ការិយាល័យឧត្តមស្នងការនេះ បាន រក្សាភាពស្ងប់ស្ងាត់ គួរឱ្យភ្ញាក់ផ្អើលចម្លែក ចំពោះបញ្ហាប្រឈមខាងលើ ដោយសារហេតុផល ជាក់លាក់មួយចំនួន៕ រក្សាសិទ្ធិដោយៈចេស្តារ