Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ស្នើឲ្យមានការកំណត់គោលដៅថ្មី ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពជា ចិន ឲ្យកើនដល់ ១៥ពាន់លានដុល្លារនៅពេលខាងមុខ

spot_img

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យមានការកំណត់គោលដៅថ្មីដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន ឲ្យកើនដល់ ១៥ពាន់លានដុល្លារ នាពេលខាងមុខនេះ។

ការស្នើឡើងនេះ នៅក្នុងជំនួបពិភាក្សាជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសសាធារណ​រដ្ឋប្រជាមានិតចិន។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្វីដែលកម្ពុជា ចង់ឃើញថ្វីដ្បិតមកដល់ពេលឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន បានឡើងដល់ជាង ១១ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២២ ទើបតែមកដល់រយៈពេល ៧ខែនេះ ទំហំពាណិជ្ជកម្មរបស់យើង ឡើងដល់ជាង ៩ ពាន់លានដុល្លារទៅហើយ ហើយអ្វីដែលជាគោលដៅថ្មីរបស់ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងចិន សម្ដេច បានស្នើឱ្យឡើងទៅដល់ ១៥ពាន់លានដុល្លាររវាងកម្ពុជា និងចិន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មូលហេតុដែលសម្ដេចបានស្នើ ដោយសារយើងមានទី១) យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ដែលបានចូលជាធរមានហើយ, ទី២)ដោយសារយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងកូរ៉េ ហើយទី៣) យើងមានភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ ដែលហៅថាអាសីប ដែលបានចូល ជាធរមានកាលពីខែមករា ឆ្នាំ២០២២ ផងដែរ។

សម្តេចតេជោ ក៏បានស្នើឲ្យចិនបន្តជួយកម្ពុជា តាមរយៈការនាំចូលនូវកសិផល និងផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានដូចជា អង្ករ ផ្លែមៀនជាដើម ហើយនិងបណ្ដាផលិតផលកសិកម្មផ្សេងៗទៀត ដោយសារតម្រូវការនៅទីផ្សារចិនមានច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ស្នើឲ្យប្រទេសចិន បន្តបង្កើនការវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខនេះ បង្កើនចំនួនជើងហោះហើររវាងប្រទេសទាំងពីរ ដើម្បីជួយជំរុញវិស័យទេសចរណ៍ឱ្យមានសកម្មភាពឡើងវិញផងដែរ។

ក្រៅពីនេះទៀត សម្ដេច ក៏បានស្នើឱ្យចិន ពិចារណាជួយដល់វិស័យថាមពល ដែលជាវិស័យសំខាន់របស់ប្រទេសកម្ពុជា ដើម្បីគាំទ្រដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងស្ថានភាពដែលមានផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន។ ថាមពលនេះ គឺមានសារៈសំខាន់ផងដែរ។

ឆ្លើយតបទៅនឹងសំណើរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី, លោក វ៉ាង យី បានគូសបញ្ជាក់ថា ចិននឹងផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់ប្រទេសកម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់សម្តេចតេជោដែលបន្តមានឆន្ទៈក្នុងការគាំទ្រពីនយោបាយចិនតែមួយ ហើយជាពិសេសទៀត គឺលោកបានគូសបញ្ជាក់ថា ចិននឹងធ្វើអ្វីៗ នឹងព្យាយាមជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេសនេះ។

គួរបញ្ជាក់ថា បើតាមលោកវ៉ាង យីរដ្ឋមន្ត្រីការបរទេសចិន បានលើកឡើងថា ប្រទេសចិន ជាទីផ្សារធំ ដូច្នេះហើយអាចមានតម្រូវការច្រើន។ ពាក់ព័ន្ធនឹងជើងហោះហើរ លោកបានមានប្រសាសន៍ថា ជើងយន្តហោះ បានត្រឡប់មកធម្មតាវិញហើយ ហើយចិន នឹងពិចារណាក្នុងការបង្កើនជើងហោះហើររវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធនឹងវិស័យថាមពល ភាគីចិន និងពិនិត្យមើលលើករណីនេះ ហើយនឹងសិក្សារួមគ្នា ដើម្បីជំរុញក្នុងវិស័យថាមពលនេះដែរ៕ ​

spot_img
×