Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីប៉ុនប៉ងមនុស្សឃា.តលើស្ត្រីម្នាក់ ៖ តុលាការចោទប្រកាន់នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាបចំនួន៣បទល្មើស

spot_img

ភ្នំពេញៈ តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានសម្រេចចោទប្រកាន់នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប លោក សោម សមស័ក្តិ ចំនួន៣បទល្មើស ពាក់ព័ន្ធករណីហឹង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាតលើស្ត្រីម្នាក់ នឹងបានបញ្ជូនសំណុំរឿង ទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។ សំណុំរឿងនេះ មានអភិបាលរងខេត្តសៀមម្នាក់ជាអ្នកអន្តរាគមន៍ជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងជាមួយជនរងគ្រោះ ក្នុងការសម្របសម្រួលដោះស្រាយបញ្ចប់រឿង។ រហូតចេញលិខិតអញ្ជើញសមត្ថកិច្ចពាក់ព័ន្ធចូលមកប្រជុំសម្របសម្រួលលើករណីនេះទាំងដែលសំណុំរឿងមួយនេះ តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប កំពុងដំណើរការតាមនីតិវិធី។

លោកស្រី សាត ធីតា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានប្រាប់សារព័ត៌មាននៅថ្ងៃទី៦ ខែសីហានេះថា ឈ្មោះ សោម សមស័ក្តិ ត្រូវបានតំណាងអយ្យការ សម្រេចចោទប្រកាន់ពីបទ “ជេរប្រមាថ ហិង្សាដោយចេតនា និងប៉ុនប៉ងមនុស្សឃាត”។ បច្ចុប្បន្នសំណុំរឿងលោក សោម សមស័ក្តិ កំពុងស្ថិងក្នុងការអនុវត្តនីតិវិធីរបស់ចៅក្រមស៊ើបសួរ។
លោក យិន ស្រាង ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តសៀមរាប មិនអាចសុំការអត្ថាធិប្បាយបញ្ជាក់បន្ថែមលើករណីនេះបានទេ ដោយទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកទទួល។

ចំណែកលោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ក៍មិនអាចសុំការបកស្រាយបានដែរ ព្រោះទូរស័ព្ទចូលមិនមានអ្នកទទួល។

ទាក់ទងករណីនេះ ស្ត្រីរងគ្រោះឈ្មោះ ផាត់ សុជឿន បានដាក់ពាក្យបណ្តឹងប្តឹងលោក សោម សមសក្តិ នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប ទៅសាលាដំបូងខេត្តសៀមរាប ពីបទជេរប្រមាថជាសាធារណ: បទប្រើអំពើហឹង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត តាមរយៈបើករថយន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក នៅចំណុចផ្សារ អាស៊ី កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញដីកាកោះហៅលោក សោម សមសក្តិ ឲ្យចូលខ្លួនទៅបំភ្លឺនៅតុលាការចំនួន២ដងរួចមកហើយ តែលោកសោម សមសក្តិ មិនបានចូលទៅតាមដីកាទេ ដោយដាក់ពាក្យសុំពន្យា ។
ស្ត្រីរងគ្រោះបានអះអាងថា នៅមុនពេលកើតហេតុពួកគាត់មានគ្នា៨ទៅ៩ នាក់ញាំអាហារនៅផ្សារទំនើប អាស៊ី ត្រង់ចំណុចក្រោយព្រះអង្គចេកព្រះអង្គចម ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប។ លុះពេលចេញមក ដល់ខាងមុខ វេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២២ ឈ្មោះ ស័ក្ត ដែលជាជនដៃដល់បានវាយសង្កត់ក្បាលលោកម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម ដែលរួមដំណើរជាមួយគាត់(ស្ត្រីរងគ្រោះ)ជាច្រើនដង។ ខណ:នោះរូបគាត់(ជនរងគ្រោះ)បាននិយាយថា មេចក៏វាយក្បាលគាត់ចឹង គាត់ចាស់ជាង វាយរបៀបហ្នឹងមិនសមទេ។ ភ្លាមនោះជនដៃដល់បានជេរប្រមាថទៅលើរូបគាត់ ហើយវាយមកលើផ្ទៃមុខផ្នែកក្បាលរបស់គាត់១ដៃនិងបន្តជេរប្រមាថរហូតផ្អើលដល់សមត្ថកិច្ចមកជួយអន្តរាគមន៍។
ស្ត្រីរងគ្រោះបន្តថា ពេលក្រុមសមត្ថកិច្ចមកដល់កន្លែងកើតហេតុ ជនដៃដល់បានបើករថយន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ចេញមួយសន្ទុះ ហើយបើកត្រឡប់មកបំបុករូបគាត់ បំណងសម្លាប់។ ប៉ុន្តែសំណាង ដោយសាម៉ូតូរបស់ប៉ូលិសនៅបាំងពីមុខ ទើបបុកត្រូវម៉ូតូរបស់ប៉ូលិបណ្តាលអោយដួលខ្ទេច ហើយដួលសង្កត់ជើងរបស់គាត់បណ្តាលអោយរងរបួសស្រាល ទើបជនបង្កបើករថយន្តគេចខ្លួនតែម្តង។

ស្ត្រីរងគ្រោះ បញ្ជាក់ថា រវាងរូបគាត់ និងជនបង្កពុំដែលស្គាល់គ្នាសោះឡើយ ប៉ុន្តែជនរូបនេះ បែជាមកប៉ុនប៉ងធ្វើឃាតលើរូបគាត់ទៅវិញ អីចឹងហើយទើបសម្រេចដាក់ពាក្យបណ្តឹង ដើម្បីស្វែងរកយុត្តិធម៍។ចំណែកពាក្យបណ្តឹងដែលប្តឹងនៅដំណាក់កាលប៉ូលិស រូបគាត់មិនទាន់ទាមទារសំណងទេ គឺសុំអោយតែអនុវត្តទៅតាមច្បាប់។

តុលាការកំពុងតែដំណើរការនីតិវិធីសំណុំរឿងព្រហ្មទណ្ឌករណីនាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប ពាក់ព័ន្ធករណីហឹង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាតលើស្ត្រីម្នាក់ ស្ថិតក្នុងដៃតុលាការនៅឡើយ ស្រាប់តែមានអភិបាលរងខេត្តសៀមរាបម្នាក់ចេញមមកអន្តរាគមន៍សម្របសម្រួលដោយបានហៅមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធមកប្រជុំសម្របសម្រួលលើករណីនេះទៅវិញ។ ដែលការចេញលិខិតអញ្ជើញនេះ បានធ្វើឲ្យមន្ត្រីនៅសាលាខេត្តសៀមរាបមួយចំនួនមានការងឿញឆ្ងល់យ៉ាងខ្លាំង។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានចុះហត្ថលេខាលើលិខិតអញ្ជើញគូភាគីក្នុងសំណុំរឿងព្រហ្មទណ្ឌមកសម្របសម្រួល ទាំងដែលសំណុំរឿងមួយនេះ តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប កំពុងដំណើរការតាមនីតិវិធី។
បើយោងតាមលិខិតអញ្ជើញលេខ៧៥៥/២២ ល.អ.ជ របស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញលោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត សូមចាត់អញ្ជើញ ៖ -លោក ស្នងការរងនគរបាលខេត្តទទួលផនព្រហ្មទណ្ឌ , ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល , មន្ត្រីជំនាញ ដើម្បីចូលរួមកិច្ចប្រជុំសម្របសម្រួលករណីវិវាទរវាងឈ្មោះ សោម សមសក្តិ និងឈ្មោះ ផាត់ សុជឿន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២វេលាម៉ោង៖ ០៨ ៖ ៣០នាទីព្រឹក បន្ទប់ប្រជុំលេខ២ សាលាខេត្តសៀមរាប។

មន្ត្រីរដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ផាត់ សុជឿន ដែលជាដើមបណ្តឹង មិនចូលរួមកិច្ចប្រជុំសម្របសម្រួលជាមួយលោកសោម សមសក្តិ នោះទេ ហើយកិច្ចប្រជុំ ក៏ត្រូវបានរំសាយតែម្តង។
មន្ត្រីដដែលបានបន្តថា ក្នុងការមិនចូលទៅបំភ្លឺនៅដំណាក់កាលអយ្យការទាំង២លើកនេះ លោកសោម សមសក្តិ បានស្វះស្វែងរកការអន្តរាគមន៍ពីសំណាក់ថ្នាក់ដឹកនាំសាលាខេត្តសៀមរាប ឲ្យសម្របសម្រួលបញ្ចប់រឿងជាមួយដើមបណ្តឹង ដើម្បីគេចវេសពីការទទួលទោសតាមផ្លូវច្បាប់។

មន្ត្រីនៅសាលាខេត្តសៀមរាបមួយចំនួនបានលើកឡើងថា តើលោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប សំអាងលើច្បាប់អ្វីដែលចេញមុខសម្របសម្រួលក្នុងរឿងព្រហ្មទណ្ឌទាំងដែលតុលាការកំពុងដំណើរការនីតិវិធី៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×