Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ចេញព្រះរាជក្រម ប្រកាសឱ្យប្រើប្រាស់ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០

ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នេះ បានចេញព្រះរាជក្រមប្រកាសឱ្យបើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដែលរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នាសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៤ ។

សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានព្រឹទ្ធសភាអនុម័តដោយសំឡេងគាំទ្រ ៥៧សំឡើងលើ៥៧សំឡេង។

ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះត្រូវបានធ្វើឡើងនៅក្នុងគោលបំណងសំខាន់ចំនួនពីរ ទី១.ធានាឲ្យស្ថាប័នកំពូលរបស់ជាតិ ពិសេសស្ថាប័ននីតិប្រតិបត្តិដែលមានបេសកកម្មដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តភាពនៃគ្រប់កាលៈទេសៈ និងទី២. ធានាការពារនិងថែរក្សាឲ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថេរភាពនយោបាយរបស់ប្រទេសជាតិ នៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសម្រាប់ជាឧត្តមប្រយោជន៍ជាតិ សេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូល។
.
ឯកឧត្តម ម៉ម ប៊ុននាង បានបញ្ជាក់ថា “ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនេះ គឺធ្វើឡើងយ៉ាងត្រឹមត្រូវស្របតាមគោលការណ៍ និងនីតិវិធីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជារបបដឹកនាំប្រទេសតាមបែបរបបសភានិយម ព្រមទាំងជាការលើកកម្ពស់នូវគោលការណ៍និងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលប្រជាជនកម្ពុជាបង្ហាញឆន្ទៈ និងប្រើសិទ្ធិអំណាចរបស់ខ្លួនតាមរយៈការបោះឆ្នោត ស្របតាមគោលការណ៍ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ និងបទដ្ឋានគតិយុត្តជាធរមានរបស់ជាតិ”។

អ្នកនាំពាក្យព្រឹទ្ធសភាបានអះអាងថា “ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនេះ ក៏ដូចជាការធ្វើវិសោធនកម្មទាំង៩លើកកន្លងទៅ គឺសុទ្ធតែបានធ្វើឡើងដើម្បីការពារឧត្តមប្រយោជន៍របស់ជាតិ ជាពិសេសការបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងការធានាឲ្យស្ថាប័នរបស់រដ្ឋមានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូនមិនជាប់គាំង និងធានាបាននៅនិរន្តភាពនៃគ្រប់កាលៈទេសៈទាំងអស់”។

គួរបញ្ជាក់ថា សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ កាលពី ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ ថ្មី ( មួយ ) មាត្រា ៨៩ មាត្រា ៩៨ ថ្មី មាត្រា ១០២ ថ្មី មាត្រា ១១៩ ថ្មី ( មួយ ) និង មាត្រា ១២៥ ថ្មី នៃ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ ថ្មី និង មាត្រា ៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវ ដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ ក្នុងសំឡេង ១០៥ លើ ១០៦ សំឡេង ៕ រក្សាសិទ្ធិដោយៈចេស្តារ

×