ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីប៉ុន្មានថ្ងៃមុននេះ បានថ្លែងប្រាប់រដ្ឋមន្ត្រីការបរទេសជប៉ុនដោយផ្ទាល់ថា ការដាក់ទណ្ឌលើប្រទេសរុស្ស៉ី ក្នុងសង្គ្រាមនៅអ៊ុយក្រែន មិនមែនបង្កការលំបាកតែប្រទេសរុស្ស៉ីមួយនោះទេ គឺបង្កការលំបាកដល់ពិភពលោកទាំងមូល រួមទាំងកម្ពុជាផងដែរ, ចំណែកឯសហរដ្ឋអាមេរិកក៏ទទួលស្គាល់ដែរថា សង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែននេះ នឹងធ្វើឱ្យមនុស្ស ៤០លាននាក់ជួបគ្រោះទុរ្ភិក្ស ហើយតំបន់អាហ្វ្រិកនឹងរងផលប៉ះពាល់ខ្លាំងជាងគេ។
ក្នុងជំនួបពិភាក្សាជាមួយ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក់ព័ន្ធបញ្ហានៅអ៊ុយក្រែន ជាការពិត សង្គ្រាមជារឿងមួយ ការដាក់ទណ្ឌកម្មជារឿងមួយទៀត។ ការដាក់ទណ្ឌកម្មនេះទៀតសោត មានផលប៉ះពាល់យ៉ាងខ្លាំង មិនមែនប៉ះពាល់តែរុស្ស៉ីនោះទេ គឺប៉ះពាល់ទាំងអឺរ៉ុបផង ទាំងពិភពលោកផង និងកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការលើកឡើងនេះ គឺជាការគិតគូររបស់ប្រទេសតូចមួយ តែស្មើភាព ស្មើសិទ្ធិ, ព្រោះថា អ្នក មានសិទ្ធិនិយាយ ខ្ញុំក៏មានសិទ្ធិគិតគូរ និងនិយាយដែរ ប្រទេសខ្ញុំក៏មានការលំបាករបស់ខ្ញុំទាក់ទងគ្នាដែរ, មានឱកាសនិយាយហើយ ត្រូវតែនិយាយ ព្រោះជួបមុខផ្ទាល់ហើយ និយាយដើម្បីយល់ចិត្តគ្នា, ដើម្បីឱ្យយល់ពីផលលំបាកនៃប្រទេសតូចៗ។ បញ្ហានេះ យើងធ្លាប់បានលើកឡើងនៅតាមវេទិកាសាធារណៈជាច្រើនរួចមកហើយ ឱ្យមានការពិនិត្យឡើងវិញលើវិធានការទណ្ឌកម្មនេះ។
សូមបញ្ជាក់ថា ប្រទេសរុស្ស៉ី បានចាប់ផ្តើមបើកប្រតិបត្តិការយោធាវាយលុកចូលប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ជាការឆ្លើយតបប្រឆាំងនឹងរុស្ស៊ី បណ្ដាប្រទេសអឺរ៉ុប សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិផង បានសម្រេចរួមគ្នាដាក់ចេញវិធានការទណ្ឌកម្មលើប្រទេសរុស្ស៉ី។ ប្រទេសជប៉ុន ក៏បានប្រកាសដាក់ទណ្ឌកម្មលើរុស្ស៉ីផងដែរ។ វិធានការទណ្ឌកម្មនេះ មិនមែនជះឥទ្ធិពលអាក្រក់តែរុស្ស៉ីប៉ុណ្ណោះទេ ក៏បានជះឥទ្ធិពលអាក្រក់លើផ្នែកសេដ្ឋកិច្ចដល់ប្រទេសនានានៅលើពិភពលោកផងដែរ។
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២ បានបង្ហាញថា អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាស់ ហ្គ្រីនហ្វៀល (Linda Thomas-Greenfield) នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថា សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន នឹងធ្វើឱ្យមនុស្ស ៤០លាននាក់ជួបគ្រោះទុរ្ភិក្ស ហើយតំបន់អាហ្វ្រិកនឹងរងផលប៉ះពាល់ខ្លាំងជាងគេ។
បើតាម លោកស្រី ហ្គ្រីនហ្វៀល បញ្ជាក់ថា សហរដ្ឋអាមេរិក បានរៃអង្គាសប្រាក់ចំនួន ៤.៥ពាន់លានដុល្លារសម្រាប់សន្តិសុខស្បៀងអាហារ នៅឯកិច្ចប្រជុំ G7 , ហើយក្នុងចំណោមថវិកាទាំងនេះមានការចូលរួមចំណែកពីសហរដ្ឋអាមេរិកជាង ២.៧៦ពាន់លានដុល្លារ។ លោកស្រី បន្ថែមថា សហរដ្ឋអាមេរិកក៏មានផែនការផ្ដល់ ជំនួយមនុស្សធម៌បន្ថែម ១៥០លានដុល្លារផងដែរដល់តំបន់អាហ្វ្រិក ដោយរង់ចាំតែការអនុម័តពីសភាប៉ុណ្ណោះ។
ផលលំបាកសម្រាប់ពិភពលោកបណ្តាលមកពីការដាក់ទណ្ឌកម្មលើរុស្ស៉ីនេះទៀត ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងនៅក្នុងជំនួយជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក និងអនុគណៈកម្មការអឺរ៉ុបផងដែរ ក្នុងជំនួបដោយផ្ទាល់កាលពីថ្ងៃទី០៤ ខែសីហា កន្លងទៅនេះ។ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក និងអនុគណៈកម្មការអឺរ៉ុប ពិចារណាលើវិធានការដាក់ទណ្ឌកម្មនេះឡើងវិញ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN





















