ភ្នំពេញ៖ ដើម្បីអបអរសាទរទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០១៨ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានលើកទឹកចិត្តឱ្យមន្ត្រីជំនាញ ភាគីពាក់ព័ន្ធ និងដៃគូ រួមគ្នាបង្កើតព្រឹត្តិការណ៍យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិកនៅកម្ពុជា។
ខណៈនៅប្រទេសកម្ពុជានៅពេលទិញសម្ភារៈផ្សេងៗ ថង់ប្លាស្ទិក ត្រូវបានម្ចាស់អាជីកម្មផ្តល់ជូនអតិថិជនដោយឥតគិតថ្លៃ។ ការស្រាវជ្រាវបង្ហាញយ៉ាងច្បាស់ថា ថង់ប្លាស្ទិកបង្កផលប៉ះពល់ដល់បរិស្ថាន សុខភាពមនុស្សសត្វ និងជីវចម្រុះផ្សេងៗ។ មន្ត្រីជាន់ខ្ពស់ផ្នែកបរិស្ថានលើកឡើងថា ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាជំរើសដ៏ល្អមួយ ប៉ុន្តែទាមទារឲ្យមានការយល់ដឹងនិងការចូលរួមពីសំណាក់ពលរដ្ឋគ្រប់រូប។
នៅក្នុងកិច្ចប្រជុំជាមួយ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីគ្រប់អគ្គនាយកដ្ឋាននៃក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ លោក សាយ សំអាល់ បានគាំទ្រចំពោះយុទ្ធនាការរួមគ្នាកាត់បន្ថយប្លាស្ទិក ដើម្បីជំរុញការអនុវត្តអនុក្រឹត្យលេខ១៦៨ របស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការលើកទឹកចិត្ត ឱ្យមានការចូលរួម ពិវិស័យឯកជន ក៏ដូចជាដើម្បីអបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខផងដែរ។
លោក សៅ សុភាព នាយកខុន្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងពិនិត្យ ពិភាក្សាជាមួយមន្ត្រីជំនាញ ពាក់ព័ន្ធដើម្បីត្រៀមរៀបចំសកម្មភាពឆ្លើយតបនឹងគំនិតផ្តួចផ្តើម របស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ដូចមានសកម្មភាពលម្អិតដូចជា៖ ១- ត្រៀមបង្កើតយុទ្ធនាការរួមគ្នាកាត់បន្ថយប្លាស្ទិក រួមទាំងការបង្កើតស្លាកសញ្ញាសាមញ្ញមួយ សម្រាប់សម្គាល់យុទ្ធនាការនេះ ២- សហការជាមួយសភាពាណិជ្ជកម្ម និងបណ្តាញសារព័ត៌មាន ព្រមទាំងនៅក្នុងគេហទំព័រ និងផេកហ្វេសបុករបស់ក្រសួងបរិស្ថាន ដើម្បីធ្វើការផ្សព្វផ្សាយជាសាធារណៈ ឲ្យបានទូលំទូលាយទៅលើព្រឹត្តិការណ៍នានា នៃយុទ្ធនាការ ៣- បង្កលក្ខណៈ ឱ្យម្ចាស់អាជីវកម្មចុះឈ្មោះ ចូលរួមបញ្ឈប់ការផ្តល់ថង់ប្លាស្ទិកដោយឥតគិតថ្លៃ ទៅកាន់អតិថិជន ៤- ម្ចាស់អាជីវកម្ម ដែលបានចុះឈ្មោះ ទទួលបានការផ្សព្វផ្សាយតាមគេហទំព័រនៃយុទ្ធនាការជាផ្លូវការ និងមានសិទ្ធទទួលបានផ្លាកសញ្ញារង្វាន់លើកទឹកចិត្ត ពីក្រសួងបរិស្ថានផងដែរ។
ជាមួយគ្នានេះដែរលោក សៅ សុភាព បានបញ្ជាក់ដែរថា យុទ្ធនាការរួមគ្នាកាត់បន្ថយប្លាស្ទិក ជាក់ស្តែងគឺចាប់ផ្តើមចាប់ពីការប្រារព្ឋទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ឆ្នាំ២០១៨ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ផ្សារដើមថ្កូវ រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨។ ក្នុងឱកាសនោះក្រសួងបរិស្ថានគ្រោងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ការផ្តួចផ្តើមចូលរួមកាត់បន្ថយការប្រើប្រាសថង់ប្លាស្ទិក ជូនម្ចាស់ផ្សារទំនើបមួយចំនួន ដែលបានអនុវត្តន៍តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកផងដែរ។
អ្នកស្រាវជ្រាវផ្នែកបរិស្ថានលើកឡើងថា កម្ពុជា ត្រូវហាមប្រាមកុំឲ្យប្រើប្រាស់ថង់ប្លាស្ទិក និងត្រូវដំឡើងពន្ធ ចំពោះការនាំចូលថង់ប្លាស្ទិក និងត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីឲ្យដឹងពីផលប៉ះពាល់របស់ថង់ប្លាស្ទិក ក្នុងន័យការពារកុំឲ្យមានផលវិបាកចំពោះជីវភាពរស់នៅរបស់ប្រជាជន ចំណែកនាបច្ចុប្បន្ននៅតាមផ្សារទំនើប មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នោះទេ ហើយបើអ្នកទិញទំនិញ ទាមទារយកថង់ប្លាស្ទិកពីអ្នកលក់នោះ អ្នកលក់នឹងគិតតម្លៃបន្ថែមទៀតលើតម្លៃមុខទំនិញ។
គេសង្កេតឃើញថា ថង់ប្លាស្ទិកមានភាពងាយស្រួលប្រើ ស្រាល មិនជ្រាបទឹក និងមានតម្លៃថោក ហើយលក់ចេញជាគីឡូក្រាម។ ម្ល៉ោះហើយ ការប្រើថង់ប្លាស្ទិក ក្លាយជាទម្លាប់សាមញ្ញនៃជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋកម្ពុជា។
ថង់បរិស្ថាន ឬថង់ក្រណាត់ ត្រូវបានក្រសួងបរិស្ថាន លក់ចេញនៅលើទីផ្សារ។ គេសង្កេតឃើញថា នៅតាមផ្សារទំនើបមួយចំនួនក្នុងក្រុងភ្នំពេញ ដាក់លក់ថង់ក្រណាត់ដែរ ប៉ុន្តែតម្លៃក្នុងថង់មួយរាងថ្លៃបន្តិច ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនដែលមានជីវភាពក្រីក្រ មិនហ៊ានទិញថង់បរិស្ថានប្រើឡើយ។
ថង់ប្លាស្ទិកបណ្ដាលឲ្យស្ទះប្រព័ន្ធលូបង្ហូរទឹក ក្លាយជាសំរាមរាយប៉ាយនៅតាមដងផ្លូវ និងធ្វើឲ្យទីលានចាក់សំរាមងាយពេញយ៉ាងឆាប់រហ័ស។ នៅភ្នំពេញមានសំរាមរហូតដល់ ១៧.៨០០តោន។ ប្រការនេះ ត្រូវមានការចូលរួមកាត់បន្ថយការប្រើថង់ប្លាស្ទិក និងមិនត្រូវបោះសំរាមចោលផ្ដេសផ្ដាសនោះទេ។
មាត្រា៤៨ នៃអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ចែងថា បុគ្គលដែលធ្វើការទុកដាក់ វេចខ្ចប់ ឬប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន លាយឡំជាមួយសំណល់រឹងឧស្សាហកម្ម សំណល់វេជ្ជសាស្ត្រ ឬសំណល់គ្រោះថ្នាក់ ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥សែនរៀលសម្រាប់អាជីវកម្មសិប្បកម្ម មន្ទីរពេទ្យ និងសម្ភព ៨សែនរៀលសម្រាប់រោងចក្រ សហគ្រាស ក្រុមហ៊ុន និង ១លានរៀលសម្រាប់ក្រុមហ៊ុនសេវាប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹងទីប្រជុំជន៕ ដោយ៖បញ្ញាស័ក្តិ