Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបែងចែកបក្សសម្ព័ន្ធជួយគ្នាក្នុងសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាកោះតៃវ៉ាន់ ជំរុញឱ្យហានិភ័យនុយក្លេអ៊ែរវិលត្រឡប់មកវិញ

អ៊ុយក្រែន ៖ អស់រយៈពេលរាប់ទស្សវត្សមកហើយជាមួយការអំពាវនាវឲ្យរដ្ឋនុយក្លេអ៊ែរទាំអស់ប្តេជ្ញាមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប៉ុន្តែ ពេលនេះ ហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរបានត្រឡប់មកវិញហើយ ចាប់ផ្ដើមពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងការលូកដៃចូលជួយអ៊ុយក្រែន រួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងជប៉ុន, ឯក្រុមអ្នកជួយរុស្ស៊ី មាន ចិន កូរ៉េខាងជើង ឥណ្ឌា អ៊ីរ៉ង់ និងបណ្ដាប្រទេសមួយចំនួនទៀត។

នេះជាការលើកឡើងរបស់ ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញ ហើយត្រូវបានដកស្រង់សម្ដីដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២, ការលើកឡើងនេះផងដែរ លោក ហ្គូទែររ៉េស ចង់ឆ្លើយតបនឹងរបាយការណ៍នៃការបាញ់ផ្លោងជាថ្មីរបស់រុស្ស៉ីលើរោងចក្រ ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) នៅអ៊ុយក្រែនដែលជារោងចក្រថាមពលនុយក្លេអ៊ែរ ដ៏ធំបំផុតក្នុងតំបន់អឺរ៉ុប, ដោយ លោក ហ្គូទែររ៉េស បានសង្កត់ថា ការវាប្រហារណាមួយលើរោងចក្រនុយក្លេអ៊ែរ គឺប្រៀបដូចនឹង ការធ្វើអត្តឃាតដូច្នោះដែរ។

ការធ្វើអត្ថាធិប្បាយរបស់ប្រមុខ UN នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីក្រុងតូក្យូ បន្ទាប់ពីលោកបានចូលរួមពិធីរំលឹកសន្តិភាព ទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដើម្បីរំលឹកខួបលើកទី៧៧ នៃការទម្លាក់គ្រាប់បែកបរមាណូលើកដំបូងរបស់អាមេរិក។

ទម្ទឹមគ្នានេះ មជ្ឈដ្ឋានអន្តរជាតិបានមើលឃើញថា សង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាកោះតៃវ៉ាន់ បានធ្វើឲ្យក្រុមប្រទេសមហាអំណាច និងបណ្ដាប្រទេសអ្នកមាន បានចែកបក្សសម្ព័ន្ធគ្នា ហើយពួកគេបានបង្កសង្គ្រាមត្រជាក់ជារៀងរាល់ថ្ងៃ ក្នុងនោះ គេមើលឃើញសហរដ្ឋអាមេរិក រុកគួន កកូរកកាយកិច្ចការផ្ទៃក្នុង និងធ្វើទុក្ខបុកម្នេញទៅលើប្រទេសនានា ដែលទីបំផុតទៅ រុញឲ្យ ចិន កូរ៉េខាងជើង អ៊ីរ៉ង់ ឥណ្ឌា និងរុស្ស៊ី រួមគ្នា, ដល់ពេលនោះ ថាមិនត្រូវនោះទេ ការបាញ់នុយក្លេអ៊ែ គឺផុយស្រួយបំផុត, ឥឡូវ បានលេចចេញជារូបរាងច្បាស់ហើយ គឺកូរ៉េខាងជើង កំពុងត្រៀមកម្លាំងទ័ព ១០ម៉ឺននាក់ចេញទៅជួយរុស្ស៊ី។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post កាលពីថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២ ដោយផ្អែកលើសម្ដីអ្នកជំនាញខាងយោធារុស្ស៉ីម្នាក់ គឺលោក អ៉ីហ្គ័រ កូរ៉ុតឈិនកូ (Igor Korotchenko) បានបញ្ជាក់ដូច្នេះថា មានសេចក្ដីរាយការណ៍មួយចំនួនថាកងទ័ពស្ម័គ្រចិត្តកូរ៉េខាងជើង ១០ម៉ឺននាក់ កំពុងត្រៀមខ្លួនធ្វើដំណើរមកកាន់រុស្ស៉ី និងចូលរួមក្នុងសង្គ្រាមអ៊ុយក្រែន។

លោក កូរ៉ុតឈិនកូ បន្ថែមទៀតថា ប្រសិនបើកូរ៉េខាងជើង បង្ហាញពីឆន្ទៈដើម្បីបំពេញកាតព្វកិច្ចអន្តរជាតិរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងជាមួយហ្វាស៊ីសអ៊ុយក្រែន នោះ យើងគួរតែអនុញ្ញាតឱ្យពួកគេធ្វើវាចុះ។ ប៉ុន្តែ ទាំងខាងរដ្ឋាភិបាលរុស្ស៉ី និងកូរ៉េខាងជើង មិនបានធ្វើអត្ថាធិប្បាយអ្វី ឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍នេះយ៉ាងណានៅឡើយទេ។

បណ្ដាប្រទេសមហាអំណាច និងប្រទេសខ្លាំងៗផ្នែកគ្រឿងសព្វាវុធ នៅពេលដែលពួកគេបែងចែកបក្សសម្ព័ន្ធជួយគ្នាក្នុងសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាតៃវ៉ាន់ ដូច្នេះ បានជំរុញឱ្យហានិភ័យនុយក្លេអ៊ែរត្រឡប់មកវិញហើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×