Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៣ ត្រូវបានព្យាករថា នឹងបន្តអត្រាខ្ពស់ ៦,៦% និងអតិផរណាប្រមាណ ២,៥%

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកចិ្ច និងហិរញ្ញវត្ថុ បានលើកឡើងថា កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២៣ ត្រូវបានព្យាករថា នឹងបន្តសម្រេចបានក្នុងអត្រាខ្ពស់ ៦,៦% ជាមួយនឹងអតិផរណាក្នុងអត្រាប្រមាណ ២,៥% គាំទ្រដោយការបន្តកើនឡើងនូវតម្រូវការសកល និងនិន្នាការកាន់តែល្អប្រសើរនៃទំនុកចិត្តរបស់វិនិយោគិនបរទេស និងការបន្តអនុវត្តនូវក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកចិ្ច និងហិរញ្ញវត្ថុ បាន​លើកឡើងដូចនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី ១ ឆ្នាំ ២០២២ និងទិសដៅការងារអនុវត្តបន្តរបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម បានមានប្រសាសន៍ថា ផ្អែកតាមការវាយតម្លៃក្នុងឆមាសទី១ សម្រាប់ឆ្នាំ ២០២២នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងសម្រេចបានកំណើន ក្នុងអត្រាប្រមាណ ៥,៤% ជាមួយនឹងអត្រាអតិផរណា ក្នុងរង្វង់ ៥% ដោយសារការបន្តនិន្នាការល្អប្រសើរនៃតម្រូវការខាងក្រៅ, ការងើបឡើងវិញនៃសកម្មភាពធុរកិច្ច-ពាណិជ្ជកម្មក្នុងស្រុក និង ការបន្តអនុវត្តវិធានការអន្តរាគមន៍សង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ខណៈដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បង្កផលប៉ះពាល់ដោយប្រយោលមកលើកម្ពុជាក្នុងកម្រិតទាប។ សម្រាប់ ឆ្នាំ ២០២១, សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញ ក្នុងជវភាពល្អប្រសើរ ដោយសម្រេចបានកំណើនក្នុងអត្រា ៣% ធៀបនឹងកំណើនអវិជ្ជមាន ក្នុងអត្រា -៣,១%នៅឆ្នាំ ២០២០។

គួរដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានយកជ័យជម្នះលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ​ដោយបានឆ្លុះបញ្ចាំងឱ្យឃើញ ពីសមត្ថភាពរបស់កម្ពុជា ក្នុងការគ្រប់គ្រងការឆ្លងជំងឺកូវីដ-១៩ បានល្អប្រសើរជាងបណ្តាប្រទេសជាច្រើន ទាំងក្នុងតំបន់ និងពិភពលោក និងការសម្រេចបាននូវភាពស៊ាំសហគមន៍ពេញលេញ។ រាជរដ្ឋាភិបាល ក៏មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការកាត់បន្ថយផលប៉ះពាល់សង្គម-សេដ្ឋកិច្ច ឱ្យស្ថិតក្នុងកម្រិតអប្បបរមា តាមរយៈការដាក់ចេញវិធានការអន្តរាគមន៍ជាបន្តបន្ទាប់ និងទាន់ពេលប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជន តាមរយៈការដាក់ចេញនូវវិធានការកែទម្រង់ចំៗ និងមុតស្រួច និង គោលនយោបាយសំខាន់ៗ សំដៅកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើង៕

×