Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកសារព័ត៌មាន៥រូប ជាប់ជ័យលាភី ក្នុងកម្មវិធីប្រកួតប្រជែងនិពន្ធអត្ថបទសារព័ត៌មាន របស់សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

ភ្នំពេញ៖ ម្ចាស់ជ័យលាភីពានរង្វាន់៥រូប ដែលបានចូលរួមប្រកួតប្រជែងនិពន្ធអត្ថបទសារព័ត៌មានស្ដីពី «ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការលើកស្ទួយជីវភាពប្រជាជនកម្ពុជា» ត្រូវបានប្រកាស​ឱ្យដឹង​ជាផ្លូវការ កាលពីថ្ងៃសុក្រទី៥​ ខែសីហា នៅសណ្ឋាគារកាំបូឌីយ៉ាណា។

  1. ម្ចាស់ជ័យលាភីលេខ ១ បានទៅ កញ្ញា អ៊ូ សុខមាន អ្នកសារព័ត៌មានមកពី សារព័ត៌មានថ្មីៗ ដែលផលិតអត្ថបទមានចំណងជើងថា៖«ធនាគារក្នុងទូរសព្ទដៃពលរដ្ឋខ្មែរប្រែក្លាយខ្លួនទៅជាពលរដ្ឋឌីជីថល» (https://thmeythmey.com/?page=detail&id=113564)

2. ជ័យលាភីលេខ២ បានដល់ កញ្ញា អ៊ីសា រ៉ហ៊ីណី អ្នកសារព័ត៌មានមកពី សារព័ត៌មានថ្មីៗដូចគ្នា ដែលផលិតអត្ថបទព័ត៌មានមានចំណងជើងថា៖« ការប្រើប្រាស់កម្ចីចំគោលដៅនាំឱ្យអាជីវកម្មរីកចម្រើននិងគេចផុតពីអន្ទាក់បំណុល»(https://thmey​thmey.com/​?page=​detail&id​=113551) ,

3. ជ័យលាភីលេខ៣ បានទៅលោក ស៊ុំ ម៉ាណេត អ្នក​សារព័ត៌មាន មកពីសារព័ត៌មាន AMS Economy ដែលផលិតអត្ថបទព័ត៌មានមានចំណងជើងថា៖«កម្ចីឥណទានផ្លូវការជាប្រភពទុនដ៏សំខាន់សម្រាប់ការពង្រីកអាជីវកម្ម» https://economy.ams.com.kh​/finance​/news​/official-loans-are-an​-important-source-of-capital-for-business-expansion./

4. ជ័យលាភីលេខ៤ បានលើកញ្ញា សាន ស្រីនិច អ្នក​សារព័ត៌មាន បណ្តាញសារព័ត៌មានអប្សរា (AMS) ដែលផលិតអត្ថបទព័ត៌មានមានចំណងជើងថា៖«ការប្រើប្រាស់ឥណទានឲ្យចំគោលដៅពិតជាធ្វើឲ្យអាជីវកម្មលូតលាស់ទៅតាមការគ្រោងទុក» (https://economy.​ams.​com​​.kh/finance/news/​using-credit-on-purpose-really-makes-the-business-grow/)

5. ជ័យលាភីលេខ៥ បានលើ លោក ម៉ៅ សំណាង អ្នកសារព័ត៌មានមកពី បណ្តាញព័ត៌មានអប្សរា (AMS) ដែលផលិតអត្ថបទមានចំណងជើងថា៖« ១ម៉ឺនដុល្លារសម្រាប់អនាគតសុវត្ថិភាពស្បៀងអាហារ និងមុខរបរគ្រួសារខ្ញុំ»។

ពិធីប្រគល់ពានរង្វាន់ដល់អ្នកសារព័ត៌មាននេះ ធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន, ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងឯកឧត្តម លោកជំទាវ ប្រតិភូអមក្រសួងព័ត៌មាន ធនាគារជាតិនៃកម្ពជា ក្លិបអ្នកកាសែតកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មិត្តៗអ្នកសារព័ត៌មាន និងភ្ញៀវជាតិ អន្តរជាតិប្រមាណជាង ១០០នាក់។

មានមតិស្វាគមន៍ក្នុងអង្គពិធី លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា បានអបអរសាទរដល់ជ័យលាភីទាំង៥រូប។ លោកបានមានប្រសាសន៍ថា៖«អ្នកសារព័ត៌មានគឺជាដៃគូដែលមិនអាចខ្វះបាន ពីព្រោះតាមរយៈមាតិកាព័ត៌មានដែលផលិតឡើងដោយអ្នកសារព័ត៌មានជាច្រើន ជុំវិញវិស័យហិរញ្ញវត្ថុ នឹងជាជំនួយស្មារតីដល់ប្រជាពលរដ្ឋ ក្នុងការយល់ដឹង​ពីសិទ្ធិក្នុងការប្រើប្រាស់ ជ្រើសរើស ចរចា និង ប្រាស្រ័យទាក់ទងទៅនឹងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ។ 

លោក សោភ័ណ បានគូសបញ្ជាក់ទៀតថា៖«ជាមួយនឹងកម្មវិធីប្រឡងប្រជែងនិពន្ធអត្ថបទសារព័ត៌មានស្តីពី “ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការលើកស្ទួយជីវភាពប្រជាជនកម្ពុជា ដែលបានធ្វើឡើងនេះ វិស័យធនាគារនិងហិរញ្ញវត្ថុ និងវិស័យសារព័ត៌មាន នឹងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីចូលរួមចំណែកផ្សព្វផ្សាយ បង្កើតមាតិកាព័ត៌មានឱ្យបានច្រើនអំពីតថភាព នៃវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជាឧត្តមប្រយោជន៍ដល់សារធារណជន។ លើសពីនេះជាមួយនឹងវេទិកានាពេលនេះមិត្តៗអ្នកសារព័ត៌​មានក៏អាចកសាងបណ្តាញ​បន្ថែមទៀតរវាងធនាគារិក និងអ្នកនៅក្នុងវិស័យផ្សេងៗទៀតផងដែរ។»

មានមតិបិទកម្មវិធីបណ្តុះបណ្តាលនិងពិធីប្រគល់ពានរង្វាន់ដល់អ្នកសារព័ត៌មាន ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ​ ធនាគារជាតិនៃកម្ពុជា បានកោតសសើរចំពោះគំនិតផ្តួច​ផ្តើមរបស់ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា ដែលបានសហការរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន និងកម្មវិធីប្រកួតប្រជែងពានរង្វាន់លើការនិពន្ធអត្ថបទសារព័ត៌មានស្តីពី ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការការលើកស្ទួយជីវភាពប្រជាជនកម្ពុជា។ ​ឯកឧត្តមបានបន្តទៀតថា គំនិតផ្តួចផ្តើមនេះ នឹងជួយឱ្យអ្នកសារព័ត៌មានយល់ដឹងបន្ថែមទាក់ទងនឹងប្រព័ន្ធធនាគារនៅកម្ពុជា ដែលក្នុងនោះរួមមាន មុខងារភារកិច្ចរបស់ធនាគារជាតិនៃកម្ពុជា ប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ច្បាប់ និងបទប្បញ្ញត្តិសំខាន់ៗ ព្រមទាំងវឌ្ឍនភាពនិងបញ្ហាប្រឈមរបស់ប្រព័ន្ធធនាគារ។

ឯកឧត្តម អគ្គនាយកត្រួតពិនិត្យ បានបញ្ជាក់យ៉ាងដូច្នេះថា៖«វត្តមានអ្នកសារព័ត៌មានទាំងអស់នាពេលនេះ ឆ្លុះបញ្ចាំងអំពីការចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។​ ធនាគារជាតិនៃកម្ពុជា សូមលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបន្តផ្សព្វផ្សាយព័ត៌មានហិរញ្ញវត្ថុ ដើម្បីចែករំលែកចំណេះដឹងដ៏សំខាន់នេះទៅសាធារណជន និងប្រជាជនដែលមិនទាន់បានយល់ដឹងអំពីការប្រើប្រាស់សេវាហិរញ្ញវត្ថុច្បាស់លាស់។»

យ៉ាងណាមិញ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអបអរសាទរដល់ជ័យលាភីទាំង៥រូប និងបានគូសបញ្ជាក់ថា សមាគមមីក្រូហិរញ្ញវត្ថុតែងតែបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់តួនាទីរបស់អ្នកសារព័ត៌មានក្នុងការបំពេញការងារវិជ្ជាជីវៈរបស់ខ្លួន។ លោក​បានបន្ថែមទៀតថា វាពិតជាមានសារៈសំខាន់ណាស់ដែលបងប្អូនអ្នកសារព័ត៌មានបានយល់ច្បាស់ និងស៊ីជម្រៅពីវិស័យធនាគារនិងហិរញ្ញវត្ថុ និងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងអស់ ក្នុងការអភិវឌ្ឍវិស័យនេះឱ្យមានការរីកចម្រើនប្រកបដោយបរិយាបន្ន ការទទួលខុសត្រូវសង្គម​ និងការការពារអតិថិជន ហើយវិស័យនេះក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងកំណើនសេដ្ឋកិច្ចជាតិផងដែរ។ លោក សុខ វឿន ក៏បានលើកទឹកចិត្តដល់គ្រឹះស្ថានជាសមាជិកទាំងអស់ឱ្យចូលរួមធ្វើការងារកាន់តែជិតស្និទ្ធិ ជាមួយប្រព័ន្ធផ្សព្វ​ផ្សាយក្នុងការចែករំលែកព័ត៌មានដល់មិត្តអ្នកសារព័ត៌មានផងដែរ។

មានប្រសាសន៍អបអរសាទរ និងបិទកម្មវិធី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានវាយតម្លៃខ្ពស់ចំពោះសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា ដែលរៀបចំនូវវគ្គបណ្តុះបណ្តាលការយល់ដឹងពីវិស័យធនាគារ និងហិរញ្ញវត្ថុឡើង ហើយក៏មានការរៀបចំការប្រកួតប្រជែងពានរង្វាន់ស្ដីពី «ការចូលរួមចំណែករបស់គ្រឹះស្ថានធនា​គារ និងហិរញ្ញវត្ថុ ក្នុងការលើកស្ទួយជីវភាពប្រជាជនកម្ពុជា» ផងដែរ។

ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានលើកឡើងថា ការយល់ដឹងរបស់អ្នកសារព័ត៌មានអំពីវិស័យ​​ធនាគារ និងហិរញ្ញវត្ថុ គឺពិតជាមានសារសំខាន់ណាស់ ដើម្បីផ្តល់នូវព័ត៌មានច្បាស់លាស់ពីវិស័យធនាគារ និងហិរញ្ញវត្ថុជូនប្រជាជន ក្នុងការសម្រេចចិត្តជ្រើសរើស រកសេវាហិរញ្ញវត្ថុបានត្រឹមត្រូវ។ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកវិស័យធនាគារ និងហិរញ្ញវត្ថុ ជាបេះដូងនៃសេដ្ឋកិច្ចរបស់ប្រទេសដូច្នេះដែរ កាលណាវិស័យធនាគារ និងហិរញ្ញវត្ថុរីកចម្រើន វិស័យសេដ្ឋកិច្ចក៏រីកចម្រើនដូចគ្នា។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសុំឲ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ សូមបន្តធ្វើយ៉ាងណាជំរុញអក្ខរកម្មធនាគារ ហិរញ្ញវត្ថុនេះចំពោះអ្នកសារព័ត៌មានឲ្យកាន់តែរីកចម្រើន ហើយចំពោះអ្នកសារព័ត៌មានយើងសំខាន់បំផុត មូលដ្ឋាននៃធនាគារ ហិរញ្ញវត្ថុ គឺទំនុកចិត្ត ត្រូវស្វែងរកប្រភពព័ត៌មាន ឲ្យបានច្បាស់លាស់ ដើម្បីធានាឲ្យមានស្ថិរភាពផ្នែកអារម្មណ៍ដល់ប្រជាជន ធ្វើឲ្យមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងធនាគារ ក្នុងប្រទេសយើង»។

គូសបញ្ជាក់ថា កម្មវិធីប្រឡងប្រជែងនិពន្ធអត្ថបទសារព័ត៌មានស្តីពី “ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការលើកស្ទួយជីវភាពប្រជាជនកម្ពុជា បានចូលរួមចំណែក ទី១/-លើកកម្ពស់ការយល់ដឹងពីវិស័យហិរញ្ញវត្ថុ និងបង្កើនកិច្ចសហប្រតិបត្តិការ កសាង/បង្កើតប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តរវាងវិស័យហិរញ្ញវត្ថុនិងអ្នកសារព័ត៌មាន, ទី២/-​ ចែករំលែកបទពិសោធន៍ផ្ទាល់របស់អ្នកជំនាញក្នុងការពង្រឹងការប្រា​ស្រ័យ​ទាក់ទងគ្នាឱ្យមានប្រសិទ្ធ​ភាពខ្ពស់រវាងវិស័យព័ត៌មាន និងវិស័យហិរញ្ញវត្ថុ និង​ទី៣/- កសាងបណ្តាញទំនាក់ទំនងបន្ថែមរវាង ធនាគារិក និងអ្នកសារព័ត៌មាន៕

×