Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ប្រកាសថា ការបន្តធ្វើសមយុទ្ធយោធាលើច្រកសមុទ្រតៃវ៉ាន់ ជាភាពស្របច្បាប់ និងថា សហរដ្ឋអាមេរិក ៣

ចិន ៖ ខណៈដែលសមយុទ្ធខ្លាំងក្លារបស់ចិន នៅតែបន្តលើច្រកសមុទ្រតៃវ៉ាន់នោះ ក្រសួងការបរទេសចិន បានប្រកាសនាថ្ងៃចន្ទម្សិលមិញនេះថា តៃវ៉ាន់ គឺជាផ្នែកមួយនៃប្រទេសចិន ហើយចិនកំពុងធ្វើសមយុទ្ធយោធាជាធម្មតានៅក្នុងដែនទឹករបស់ខ្លួនតែប៉ុណ្ណោះ និងក្រោមឥរិយាបថប្រកបដោយការបើកចំហ តម្លាភាព និងមានវិជ្ជាជីវៈត្រឹមត្រូវ, ហើយក្នុងពេលជាមួយគ្នានេះដែរ លោក វ៉ាង យី ទីប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានលើកឡើងថាសហរដ្ឋអាមេរិក មានកំហុស ៣ នៅក្នុងបញ្ហាតៃវ៉ាន់។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា មានក្រុមអ្នកកាសែតមួយចំនួនចោទសួរថា តើការបន្តធ្វើសមយុទ្ធយោធារបស់ចិន នៅជុំវិញកោះតៃវ៉ាន់ ស្របទៅតាមច្បាប់អន្តរជាតិដែរឬអត់ ហើយថា តើនឹងមានការចេញសារជូនដំណឹងថ្មី សម្រាប់កប៉ាល់ និងយន្តហោះស៉ីវិលឬទេ?!

លោក វ៉ាង វិនប៊ីន (Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា ការធ្វើសមយុទ្ធរបស់ចិននាពេលនេះ គឺស្របតាមច្បាប់ជាតិ និងអន្តរជាតិ ព្រោះថា នាយកដ្ឋានពាក់ព័ន្ធរបស់ចិន បានចេញសេចក្តីប្រកាសព័ត៌មានទាន់ពេលវេលា។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទម្សិលមិញនេះ យោធាចិនបានប្រកាសពីការបន្តធ្វើសមយុទ្ធយោធាតាមផ្លូវសមុទ្រ និងផ្លូវអាកាស នៅជុំវិញកោះតៃវ៉ាន់ជាបន្តទៀត បន្ទាប់ពីបានប្រព្រឹត្តទៅអស់ជាច្រើនថ្ងៃមកហើយ ដើម្បីជាការឆ្លើយតបចំពោះដំណើរទស្សនកិច្ច ដ៏ចម្រូងចម្រាសរបស់ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណេនស៉ី ប៉េឡូស៉ី (Nancy Pelosi) នៅតៃវ៉ាន់ កាលពីរាត្រីថ្ងៃអង្គារសប្ដាហ៍មុន។

លោក វ៉ាង យី វិញ អំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសបង់ក្លាដែស កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នោះ ទីប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន រូបនេះ បានដាក់ការចោទប្រកាន់ទៅលើស្ថានភាពថ្មីៗបំផុត និងពាក្យសម្តី មិនសមហេតុផលរបស់សហរដ្ឋអាមេរិកថា សហរដ្ឋអាមេរិកមានកំហុស ៣ នៅក្នុងករណីដែលលោកស្រី ណេនស៉ី ប៉េឡូស៉ី បំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់។

កំហុសទាំង ៣ របស់សហរដ្ឋអាមេរិកនោះ រួមមាន ទី១- បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន, ទី២- បានបណ្តែតបណ្តោយនិងផ្តល់ការគាំទ្រ ចំពោះកម្លាំងអបគមន៍ចង់ឱ្យតៃវ៉ាន់ឯករាជ្យ, និង ទី៣- មានចេតនាបំផ្លាញសន្តិភាព នៅច្រកសមុទ្រតៃវ៉ាន់។

លោក វ៉ាង យី បញ្ជាក់ថា រដ្ឋាភិបាលចិន ធ្វើអ្វីមួយមានភាពត្រឹមត្រូវ សមហេតុផល ស្របច្បាប់ ភាពចាំបាច់ បើកចំហ និងសមរម្យ ក្នុងគោលបំណងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីដ៏ពិសិដ្ឋរបស់ចិន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×