Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ នឹងក្លាយជាប្រទេសនាំចេញអង្ករច្រើនជាងគេបំផុត នៅលើពិភពលោក

spot_img

រាជធានីបាងកក៖ ក្រោយពេលតំណែង ជាប្រទេសនាំចេញ និង ផ្គត់ផ្គង់អង្ករដ៏ច្រើន លំដាប់លេខ២ នៅលើពិភពលោក ធ្លាក់ទៅវៀតណាមរួចមក ថៃ បានប្ដេជ្ញាថា នៅឆ្នាំ២០២២នេះ នឹងជំរុញឲ្យការនាំចេញអង្ករ កើនឡើងកាន់តែច្រើន ដើម្បីដណ្ដើមគ្រប់គ្រងតំណែងទី២ នៅលើពិភពលោកត្រឡប់មកវិញ។

សារព័ត៌មានថៃ The Nation បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៨ ខែសីហា ថា ការនាំចេញអង្កររបស់ប្រទេសថៃ នៅក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២២ បានកើនឡើង ដល់៥៦,៦ភាគរយ ស្មើនឹង៣,៥លានតោន។ ចំនួននេះ ធ្វើឲ្យព្រះរាជាណាចក្រអាស៊ានមួយនេះ រកបានប្រាក់ចំណូល បានចំនួន៦០,៩៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ឬកើនឡើង៤២,៩ភាគរយ បើធៀបនឹងឆ្នាំមុន។

លោក ឆាឡើមចៃ ស្រ៊ីអន (Chalermchai Sree-on) រដ្ឋមន្រ្ដីក្រសួងកសិកម្ម និង សហប្រតិបត្ដិការថៃ បានបញ្ជាក់ កាលពីថ្ងៃសៅរ៍ ទី៦ ខែសីហា ថា នេះជាដំណឹងដ៏ល្អ សម្រាប់កសិករថៃ។ ការបង្កើននូវការនាំចេញអង្ករ នឹងជួយបង្កើននូវតម្លៃអង្ករ នៅក្នុងប្រទេសអាស៊ានមួយនេះ។

លោករដ្ឋមន្រ្ដីក្រសួងកសិកម្ម និង សហប្រតិបត្ដិការថៃ បានបញ្ជាក់ថា នៅឆ្នាំ២០២២ នេះ ថៃនឹងមានលទ្ធភាព យកឈ្នះលើវៀតណាម ហើយក្លាយជាប្រទេសនាំចេញអង្ករលំដាប់លេខ២ នៅលើពិភពលោក ប្រសិនថៃនាំចេញអង្ករ បានកើនឡើង រហូតដល់ជាង៧លានតោន។

បើតាមទិន្នន័យរបស់សមាគមនាំចេញអង្ករថៃ និង នាយកដ្ឋានគយថៃ បានឲ្យដឹងថា ប្រទេសថៃ បាននាំចេញអង្ករ ចំនួន ៧៦៤ ១៣១តោន ដែលមានតម្លៃ ១៣,១២ពាន់លានបាត (ប្រាក់ថៃ) ឬស្មើនឹង ៣៦៧,៩៨លានដុល្លារសហរដ្ឋអាមេរិក សម្រាប់តែខែមិថុនាប៉ុណ្ណោះ គឺកើនឡើង ៦៩,៤ ភាគរយ និង ៥៧,១ភាគរយ បើធៀបនឹង ៤៥០ ៩៧៣តោន ដែលមានតម្លៃ ៨,៣៥ពាន់លានបាត (លុយថៃ) ឬស្មើនឹង២៦២,២៤លានដុល្លារ សម្រាប់តែខែឧសភា។

លោករដ្ឋមន្រ្ដីក្រសួងកសិកម្មថៃ ក៏បានបញ្ជាក់ទៀតថា គាត់រំពឹងទុកថា ប្រទេសអូស្រ្ដាលី មីយ៉ាន់ម៉ា កម្ពុជា តំបន់អឺរ៉ុប ប៉ារ៉ាហ្គាយ អ៊ុយរ៉ាហ្គាយ និង ការនាំចេញអង្កររបស់ថៃ នឹងកើនឡើង។ ចំណែកការនាំចេញអង្កពីកម្ពុជា អេក្ខាទ័រ ឥណ្ឌា អ៊ីរ៉ាក់ ម៉ាដាហ្កាស្ការ (Madagascar) ហ្វីលីពីន ស្រីលង្កា សហរដ្ឋអាមេរិក និង វៀតណាម នឹងធ្លាក់ចុះ។

លោករដ្ឋមន្រ្ដីក្រសួងកសិកម្មថៃ បានបន្ថែមថា «យើងនឹងមានលទ្ធភាពនាំចេញអង្ករ យ៉ាងតិច ចន្លោះពី ៧ ទៅ៧,៥លានតោន នៅឆ្នាំ២០២២នេះ។ ចំនួន នៃការនាំចេញអង្កររបស់ថៃ នឹងធ្វើឲ្យប្រទេសអាស៊ានមួយនេះ ក្លាជាអ្នកនាំចេញអង្ករដ៏ច្រើនជាងគេបំផុត លំដាប់លេខ២ នៅលើពិភពលោក ដោយនាំមុខប្រទេសវៀតណាម។

ទោះជាយ៉ាងណា លោករដ្ឋមន្រ្ដីក្រសួងកសិកម្មថៃ បានព្រមានថា មានកត្ដាជាច្រើន អាចនឹងប៉ះពាល់ដល់ការនាំចេញអង្កររបស់ថៃ នៅក្នុងឆមាសទី២ នៃឆ្នាំនេះ ដូចជា តម្លៃប្រាក់បាតរបស់ថៃ, ផលិតភាព នៃក្រុមហ៊ុននាំចេញធំៗ, ផលប៉ះពាល់លើការចំណាយ នៅក្នុងសង្គ្រាម រវាងរុស្ស៊ី និង អ៊ុយក្រែន និង វិបត្ដិសេដ្ឋកិច្ច បង្កឡើង ដោយសារជំងឺកូវីដ-១៩។

លោករដ្ឋមន្រ្ដី បានរំពឹងទុកថា ពាណិជ្ជកម្មអង្ករ នៅពិភពលោក នាឆ្នាំនេះ នឹងកើនឡើងដល់ ៤៦,៤ លានតោន ពោលគឺកើនឡើង ចំនួន១០ម៉ឺនតោន បើធៀបនឹងឆ្នាំ២០២១។ ចំណែកទិន្នផលអង្ករជាសកល នៅក្នុងអំឡុងវដ្ដផលិតកម្ម ចន្លោះពិឆ្នាំ២០២១-២០២២ នឹងមានចំនួនប្រមាណ ៥០៥,៤លានតោន ដោយកើនឡើង ១,៩លានតោន បើធៀបនឹងវដ្តផលិតកម្មលើកមុន។

វៀតណាម បាននាំចេញអង្ករ ចំនួន ២,៧៧លានតោន ដែលមានតម្លៃ ១,៣៥លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងរយៈពេល៥ខែដំបូង នៃឆ្នាំ២០២២ ពោលគឺកើនឡើង ៦,៩៥ភាគរយ និង កើនឡើង៤,២៦ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ។

បើតាមគេហទំព័រ Statista បានផ្សាយថា ប្រទេសនាំចេញអង្ករ នៅលើពិភពលោក ចន្លោះពីឆ្នាំ២០២១ ដល់២០២២ រួមមាន ឥណ្ឌា នាំចេញអង្ករ ចំនួន ១៨,៧៥លានតោន, វៀតណាម នាំចេញអង្ករ ចំនួន ៦,៥លានតោន, ថៃ នាំចេញអង្ករ ចំនួន ៦,៥លានតោន, ប៉ាគីស្ថាន នាំចេញអង្ករ ចំនួន ៤លានតោន, សហរដ្ឋអាមេរិក នាំចេញអង្ករ ចំនួន ២,៨៥លានតោន, ចិន នាំចេញអង្ករ ចំនួន២,២លានតោន, ភូមា នាំចេញអង្ករ ចំនួន១,៩លានតោន, កម្ពុជា នាំចេញអង្ករ ចំនួន១,៤លានតោន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×