អ៊ីរ៉ង់ ៖ កិច្ចសហការរវាង អ៊ីរ៉ង់ និងរុស្ស៊ី ក្នុងឧស្សាហកម្មអវកាស បានឈានទៅដល់ការសម្រេចជោគជ័យ ដោយអ៊ីរ៉ង់ បានជួលរុស្ស៊ីឲ្យផលិតផ្កាយរណបកម្រិតខ្ពស់មួយ ហើយមកដល់ពេលនេះ ត្រូវបានបាញ់បង្ហោះឡើងទៅកាន់ទីអវកាស ចេញពីមូលដ្ឋានមួយក្នុងប្រទេសកាហ្សាក់ស្ថាន តាមរយៈគ្រាប់រ៉ុក្កែតរបស់រុស្ស៉ី, ប៉ុន្តែសហអាមេរិក កំពុងមានការសង្ស័យអំពីការប្រើប្រាស់នៃផ្កាយរណបនេះ ខ្លាចក្រែងមានលក្ខណៈប្រព័ន្ធយោធានៅក្នុងនោះ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Al-Jazeera នៅថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២ បានបង្ហាញថា ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ បាននិយាយដល់ស្ថានភាពផ្កាយរណបនេះថា មានឈ្មោះ ខាយយ៉ាំ (Khayyam) , ហើយត្រូវបាន អ៊ីរង់ អះអាងថា មិនមានគោលដៅប្រើប្រាស់សម្រាប់យោធាឡើយ, ផ្កាយរណបខាយយ៉ាំនេះ ត្រូវបានបាញ់បង្ហោះដោយជោគជ័យ កាលពីថ្ងៃអង្គារមុននេះ។

ផ្កាយរណបខាយយ៉ាំ ត្រូវបានអ៉ីរ៉ង់ជួលឱ្យរុស្ស៉ីផលិតឡើង ដោយមានសមត្ថភាពចាប់យករូបភាពច្បាស់ខ្លាំងជាងផ្កាយរណបទូទៅ ដែលរដ្ឋាភិបាលតេហេរ៉ង់ ផលិតដោយខ្លួនទៅទៀត។
ទោះជាយ៉ាងណាក៏ដោយ កាលពីដើម ខែសីហា នេះ កាសែតវ៉ាស៉ីនតោន ប៉ុស្តិ៍ (Washington Post) បានរាយការណ៍ ដោយដកស្រង់ប្រភពពីមន្រ្តីចារកម្មអាមេរិកថា រុស្ស៉ីមានផែនការប្រើប្រាស់ផ្កាយរណបរបស់អ៉ីរ៉ង់ សម្រាប់រយៈពេលច្រើនខែ ឬយូរជាងនេះ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន, ប៉ុន្តែការអះអាងនេះ ត្រូវបានច្រានចោលដោយទីភ្នាក់ងារអវកាសរបស់អ៉ីរ៉ង់ កាលពីសប្តាហ៍មុន ដោយអះអាងត្រឡប់ទៅវិញថា ខ្លួនមានសិទ្ធិផ្តាច់មុខលើការគ្រប់គ្រងផ្កាយរណបនេះ ចាប់តាំងពីការបាញ់បង្ហោះថ្ងៃទី១។
ទាក់ទងនឹងករណីនេះផងដែរ រដ្ឋមន្ត្រីព័ត៌មាន និងបច្ចេកវិទ្យាគមនាគមន៍ របស់ អ៊ីរ៉ង់ លោក អ៉ីសសា ហ្សារ៉េពួ (Issa Zarepour) បាននិយាយនៅក្នុងវីដេអូមួយ កាលពីថ្ងៃចន្ទសប្តាហ៍នេះថា «វា គឺជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ រវាងអ៊ីរ៉ង់ និងរុស្ស៊ី នៅក្នុងឧស្សាហកម្មអវកាស» , រឿងនេះ អ៊ីរ៉ង់មានបំណងសម្រេចឱ្យបាននូវបច្ចេកវិទ្យា ដើម្បីដាក់ផ្កាយរណបទម្ងន់ ១០០គីឡូក្រាម ចូលទៅក្នុងគន្លងអវកាសចម្ងាយ ៥០០គីឡូម៉ែត្រពីផែនដី នៅឆ្នាំ២០២៣, នេះជាការប្រកួតប្រជែងប្រព័ន្ធបច្ចេកវិទ្យា មិនមែនសម្រាប់យោធានោះទេ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN










