ចិន ៖ ការលុបចោលមធ្យោបាយទំនាក់ទំនងមួយចំនួនជាមួយសហរដ្ឋអាមេរិក របស់រដ្ឋាភិបាលចិន ដែលឆ្លើយតបទៅនឹងការបំពេញទស្សនកិច្ចរបស់ លោកស្រី ណេស៊ី ប៉េឡូស៊ី ប្រធានសភាតំណាងរាស្ត្រអាមេរិក នៅកោះតៃវ៉ាន់ កាលពីរាត្រីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នោះ ត្រូវបានចិនប្រកាសថា អាមេរិក មានហេតុផលមិនសមស្រប និងបង្ហាញនូវការវៀចវេរនៃ អំនួត ក្អេងក្អាង។
លោក វ៉ាង វិនប៊ីន អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ដោយសង្កត់ធ្ងន់ថា ប្រទេសចិនសូមដាស់តឿនសហរដ្ឋអាមេរិក ពិចារណាឱ្យបានហ្មត់ចត់លើកំហុសរបស់ខ្លួន និងកែតម្រូវកំហុសរបស់ខ្លួនភ្លាម ឈប់បណ្តែតបណ្តោយ និងគាំទ្រកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ, ” ឈប់លេងសន្លឹកបៀតៃវ៉ាន់ និង ប្រើតៃវ៉ាន់ដើម្បីទប់ស្កាត់ប្រទេសចិន ” ទៀតទៅ។

រដ្ឋាភិបាលចិន បានប្រកាសជាផ្លូវការប្រាប់ដល់មជ្ឈដ្ឋានអន្តរជាតិហើយថា តៃវ៉ាន់ ជាផ្នែកមួយរបស់ចិន, តៃវ៉ាន់ស្ថិតក្នុងគោលការណ៍ចិនតែមួយ, ដូច្នេះ សហរដ្ឋអាមេរិក ត្រូវគោរពតាមគោលការណ៍ចិនតែមួយ តាមការអនុវត្តជាក់ស្តែង និងការកំណត់នៃសេចក្តីប្រកាសរួមទាំង ៣ រវាងចិន និងអាមេរិក។
លោក វ៉ាង វិនប៊ីន បានសង្កត់ធ្ងន់ទៅកាន់សហរដ្ឋអាមេរិកថា ការសន្ទនា និងការប្រាស្រ័យទាក់ទងគ្នា ត្រូវតែមានភាពស្មោះត្រង់, តើសហរដ្ឋអាមេរិក បានបង្កសកម្មភាពនយោបាយអ្វីខ្លះ នៅកោះតៃវ៉ាន់ដែលជាតំបន់អបគមន៍ផ្ដាច់ខ្លួនពីចិននោះ?!
គួរបញ្ជាក់ថា លោក វ៉ាង យី ទីប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន អំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសបង់ក្លាដែស កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានដាក់ការចោទប្រកាន់ទៅលើស្ថានភាពថ្មីៗបំផុត និងពាក្យសម្តី មិនសមហេតុផលរបស់សហរដ្ឋអាមេរិកថា សហរដ្ឋអាមេរិកមានកំហុស ៣ នៅក្នុងករណីដែលលោកស្រី ណេនស៉ី ប៉េឡូស៉ី បំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់។
កំហុសទាំង ៣ របស់សហរដ្ឋអាមេរិកនោះ រួមមាន ទី១- បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន, ទី២- បានបណ្តែតបណ្តោយនិងផ្តល់ការគាំទ្រ ចំពោះកម្លាំងអបគមន៍ចង់ឱ្យតៃវ៉ាន់ឯករាជ្យ, និង ទី៣- មានចេតនាបំផ្លាញសន្តិភាព នៅច្រកសមុទ្រតៃវ៉ាន់។
សូមរំលឹកខ្លីថា ប្រវត្តិ ទឹកដី ចិន និងការបំបែកតំបន់អបគមន៍តៃវ៉ាន់ គឺប្រទេសចិនបានរងនូវសង្គ្រាមស៊ីវិលនៅឆ្នាំ ១៩៤៩ ជាសង្គ្រាមរវាង ក្រុមអ្នកជាតិនិយម លោក ចៀង កាយចៀក និងក្រុមអ្នកគាំទ្រលោក ម៉ៅ សេទុង។ កាលណោះកងទ័ព មេដឹកនាំជាតិនិយម ចៀង កាយចៀក បានច្បាំងចាញ់ក្រុមម៉ៅនិយម, ហើយគ្រានោះប្រជាជនចិនប្រមាណ ២លាន នាក់ ដែលគាំទ្រ លោក ចៀង កាយចៀកបានរត់ភៀសទៅ កាន់កោះតៃវ៉ាន់ និងបានប្រកាសបង្កើតសាធារណរដ្ឋចិន ដែលគេគិតថា គ្រាន់តែជាតំបន់អបគមន៍មួយប៉ុណ្ណោះ។ ចាប់តាំងពីពេលនោះមក ប្រជាជននៅកោះតៃវ៉ាន់ និងប្រជាជនចិនដីគោក តែងតែទាមទារ ថា ខ្លួនជាម្ចាស់ប្រទេសចិនរៀងៗខ្លួន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN


















