សេអ៊ូល៖ អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារម្សិលមិញថា យ៉ាងហោចណាស់មនុស្សប្រាំបីនាក់បានស្លាប់នៅក្នុងរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូងត្រឹមមួយយប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានផ្តាច់ចរន្តអគ្គិសនី ហើយផ្លូវថ្នល់ និងរថភ្លើងក្រោមដីបានលិចទឹក។

ភាគខាងត្បូងនៃទីក្រុងសេអ៊ូលបានទទួលទឹកភ្លៀងលើសពី 100 មីលីម៉ែត្រក្នុងមួយម៉ោងកាលពីល្ងាចថ្ងៃចន្ទ ដោយផ្នែកខ្លះនៃទីក្រុងបានទទួលទឹកភ្លៀង 141.5 មីលីម៉ែត្រ ដែលជាភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល 80 ឆ្នាំ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលដកស្រង់ពីរដ្ឋបាលឧតុនិយមកូរ៉េ (KMA) ។

ទឹកភ្លៀងបានធ្លាក់ខ្លាំងក្នុងទីក្រុងសេអ៊ូលមានកម្រិត 451mm គិតត្រឹមម៉ោង 2 រសៀលថ្ងៃអង្គារ ដោយមានការព្យាករណ៍ភ្លៀងបន្ថែមទៀត។ ទិន្នន័យបានបង្ហាញថា យ៉ាងហោចណាស់ ទីតាំងចំនួន ៧៦៥ បានរងការខូច ខាត ខណៈផ្លូវហាយវេ និងផ្លូវចំនួន ៥២ ត្រូវបានបិទ។ យោងតាមទិន្នន័យបានឱ្យដឹងថា មានជនរងគ្រោះប្រហែល 391 នាក់នៅទូទាំងតំបន់ធំនៃទីក្រុងសេអ៊ូល ដែលភាគច្រើនត្រូវស្នាក់នៅសាលារៀនក្នុងស្រុក និងកន្លែងហាត់ប្រាណ ខណៈដែល 399 នាក់ផ្សេងទៀតត្រូវបានជម្លៀសជាបណ្តោះអាសន្នទៅកាន់មជ្ឈមណ្ឌល សហគមន៍ និងសាលារៀន។

ទីស្នាក់ការកណ្តាលគ្រោះមហន្តរាយបាននិយាយថា ប្រធានាធិបតី Yoon Suk-yeol បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំឆ្លើយតបបន្ទាន់មួយ ដោយបញ្ជាឱ្យអាជ្ញាធរផ្តោតលើការការពារជនរងគ្រោះ និងការគ្រប់គ្រង និងស្ដារឡើងវិញនូវតំបន់លិចទឹកយ៉ាងឆាប់រហ័ស៕ ប្រភព៖រ៉យទ័រ
