រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលកម្លាំងភ្នាក់ងារការិយាល័យស៊ើបការណ៍សម្ងាត់របស់សហពន្ធន៍ FBI បានឆ្មក់ចូលទៅឆែកឆេរលំនៅឋានរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នោះមក អ្នកគាំទ្រគណបក្សរបស់គាត់បានផ្ទុះនូវការខឹងសម្បា និងថ្កោលទោសយ៉ាងខ្លាំងដល់ឧប្បត្ដិហេតុនេះ ប៉ុន្ដែអ្នកប្រជាធិបតេយ្យនិយម បានអះអាងថា គ្មានអ្នកណាម្នាក់ ស្ថិតនៅពីលើច្បាប់នោះឡើយ។
សារព័ត៌មាន The Telegraph បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១០ ខែសីហា ថា អ្នកគាំទ្រគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ (Donald Trump) បាននាំគ្នា ទៅការពារអតីតប្រធានាធិបតីរូបនេះ ក្រោយពេលទីភ្នាក់ងារ FBI បានបញ្ជូនកម្លាំងសមត្ថកិច្ចរបស់ខ្លួន ចុះអនុវត្ដនូវការឆែកឆេរ នៅក្នុងគេហដ្ឋានរបស់គាត់ ស្ថិតក្នុងរដ្ឋហ្លរីដា (Florida) ។ ដោយឡែក សមាជិកសភាអភិរក្សនិយមជាច្រើន បានប្តេជ្ញាស៊ើបអង្កេត ទៅលើទីភ្នាក់ងារអនុវត្តច្បាប់ ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ។
ការខឹងសម្បានេះ បានបង្ហាញ ដោយក្រុមបាតុករស្តាំនិយម ក៏ដូចជា មេដឹកនាំសភា មកពីគណបក្សសាធារណរដ្ឋ បានអះអាង ដោយគ្មានភស្តុតាងថា ការឆ្មក់ចូលឆែកឆេរ នៅក្នុងគេហដ្ឋានរបស់លោក ដូណាល់ ត្រាំ កាលពីយប់ ថ្ងៃចន្ទ ជាហេតុផលនយោបាយ។

លោក ខេវិន មឺកខាធី (Kevin McCarthy) មេដឹកនាំសភាមតិភាគតិច បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «ខ្ញុំបានយល់កាន់តែច្បាស់ថា ក្រសួងយុត្តិធម៌ បានឈានដល់ស្ថានភាពមួយ មិនអាចអត់ឱនឲ្យបាន ជុំវិញការប្រើប្រាស់នយោបាយ ធ្វើជាអាវុធ។ ប៉ុន្ដែនៅពេលគណបក្សសាធារណរដ្ឋ ឈ្នះលើការគ្រប់គ្រងសភាតំណាងរាស្រ្ត ពួកគេនឹងត្រួតពិនិត្យភ្លាមៗ លើក្រសួងនេះ ដោយថែមទាំងបានព្រមានថា លោក ម័ររិក ហ្កាឡែនដ៍ (Merrick Garland) រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ គួរតែរក្សាឯកសាររបស់គាត់ និង សម្អាតប្រតិទិនរបស់គាត់។
ដោយឡែក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក បានរិះគន់ដល់សេចក្តីថ្លែងការណ៍របស់លោក McCarthy ដោយចាប់ផ្តើមបដិសេធនូវការបំផុសគំនិតរបស់គាត់ ថា គណបក្សសាធារណរដ្ឋ នឹងកាន់កាប់សភាតំណាងរាស្រ្ត បន្ទាប់ពីការបោះឆ្នោត ពាក់កណ្តាលអាណត្តិ នៅក្នុងខែវិច្ឆិកា ខាងមុខនេះ៕រក្សាសិទ្ធិដោយ ៖ សារាយSN







