Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីបរិស្ថាន សង្ឃឹមថា ក្រុមហ៊ុនបរទេសធំៗផ្សេងទៀត អាចទិញកាបូនរបស់កម្ពុជាថែមទៀត

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជាអាចលក់កាបូនបាន គឺជារបត់ថ្មីមួយ ដែលកម្ពុជាអាចរកចំណូលបានពីការអភិរក្សធនធានធម្មជាតិ។ ឯកឧត្តម សាយ សំអាល់ សង្ឃឹមថា ក្រុមហ៊ុនបរទេសធំៗផ្សេងទៀត អាចទិញកាបូនរបស់កម្ពុជាថែមទៀត។

ថវិកាដែលបានមកពីការលក់កាបូននេះ គឺបានយក ទៅការពារ និងអភិរក្សធនធានធម្មជាតិ ពង្រឹងជីវភាព សហគមន៍ ដូចជាការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ការចិញ្ចឹមសត្វ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាត ជួយដល់សាលារៀន មធ្យោបាយរបស់មន្រ្តីឧទ្យានុរក្ស បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការកសាងសមត្ថភាពមន្រ្តីរាជការថ្នាក់ក្រោមជាតិ លើវិស័យបរិស្ថានថែមទៀត។

កម្ពុជាបានលក់កាបូន ទៅក្រុមហ៊ុនអន្តរជាតិធំៗចាប់ពីឆ្នាំ ២០១៦ មកដល់ឆ្នាំ ២០២០ បានទឹកប្រាក់ចំនួន ១១,៦លានដុល្លារអាមេរិក។ ក្រសួងបរិស្ថាន បានចាត់ទុកថាការលក់កាបូននេះ ជាមោទកភាព មួយសម្រាប់កម្ពុជា ជាជោគជ័យក្នុងការលក់កាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក ។ បច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ឬស្មើប្រមាណ ៤១% នៃប្រទេសកម្ពុជា ដែលជាប្រភពផ្តល់កាបូន ដែលគេអាចហៅបែបសាមញ្ញថាខ្យល់បរិសុទ្ធ។

ចាប់តាំងពីឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់កាបូនក្នុងគម្រោងចំនួនពីរ (ដែនជម្រកសត្វព្រៃកែវសីមា និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង) ឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗ។ ហើយក្រុមហ៊ុនធំៗដែលសម្រេចទិញឥណទានកាបូនដោយឈរលើមូលដ្ឋានការវាយតម្លៃពីទីភ្នាក់ងារឯករាជ្យ ដែលបញ្ជាក់ថាកម្ពុជា មានសមត្ថភាពការពារធនធានធម្មជាតិនៅក្នុងតំបន់ដែលលក់ឥណទានកាបូននោះបានល្អប្រសើរស្របតាមលក្ខខណ្ឌកំណត់ ។ ក្រុមហ៊ុនដែលបានទិញឥណទាន ការបូនក្នុងទីផ្សារស្ម័គ្រចិត្តមានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci ។  រាជរដ្ឋាភិបាល និងដៃគូបាននិងកំពុងស្វះស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតដើម្បីលក់ឥណទានកាបូនដែលកម្ពុជាមានយកថវិកាមកបង្កើន និងពង្រឹងការងារការពារ និងអភិរក្សធនធានធម្មជាតិដែលមាន ។

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអភិរក្សព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិ រដ្ឋមន្ត្រីបរិស្ថាន បានវាយតម្លៃខ្ពស់ ចំពោះការលក់កាបូន ដែលកម្ពុជាទទួលបានជោគជ័យ ក្នុងការកៀរគរធនធាន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ តាមរយៈការអនុវត្តគម្រោង រេដបូក REDD+ ដោយធានាដើមឈើឈរ ក៏អាចរកចំណូលសម្រាប់ការងារអភិរក្ស និងអភិវឌ្ឍន៍។

រដ្ឋមន្ត្រីបរិស្ថាន បានគូសបញ្ជាក់ថា សិក្ខាសាលាស្តីពីការអភិរក្សព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិ នាពេលថ្មីៗនេះ នឹងបានផ្សព្វផ្សាយបន្ថែមទៀតដល់មហាជន ឲ្យបានយល់ដឹងថាពីភាពប្រសើរឡើង នៃការការពារអភិរក្ស ដែលអាចរកឃើញរបត់ថ្មីមួយយ៉ាងសំខាន់នៃការលក់កាបូនរបស់កម្ពុជាយើង៕

×