Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចក្រភពអង់គ្លេស នៅតែធ្វើជាស្មាបង្អែកដល់អ៊ុយក្លែន ពេលនេះផ្គត់ផ្គង់ប្រព័ន្ធបា.ញ់រ៉ុក្កែតរយៈចម្ងាយ៨០គីឡូម៉ែត្រចំគោលដៅ

អង់គ្លេស ៖ ជាការរក្សាទឹកចិត្តល្អជួយអ៊ុយក្រែនដែលជាប្រទេសទន់ខ្សោយផ្នែកយោធា និងដែលគេមើលឃើញថា ជាការចូលរួមដុតបា.ញ់ឆេះភ្លើងសង្រ្គាមឱ្យឆេះសន្ធោសន្ធៅកាន់តែយូរអង្វែងនោះ ចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសថា នឹងផ្គត់ផ្គង់ប្រព័ន្ធបាញ់រ៉ុក្កែតបន្ថែមទៀត ទៅដល់អ៊ុយក្រែន ដែលអាចវាយប្រហារគោលដៅរហូតដល់ចម្ងាយ ៨០គីឡូម៉ែត្រ សម្រាប់ប្រឆាំងនឹងរុស្ស៊ី។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក បិន វ៉ាឡេស (Ben Wallace) រដ្ឋមន្រ្តីការពារជាតិអង់គ្លេស បានគូសបញ្ជាក់ថា ការគាំទ្រចុងក្រោយបង្អស់នេះ នឹងអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបន្តការពារប្រឆាំងការឈ្លានពានរបស់រុស្ស៉ី ដែលបានប្រើប្រាស់កាំភ្លើងធំរយៈចម្ងាយឆ្ងាយ លុកលុយអ៊ុយក្រែន។ ការបន្តគាំទ្ររបស់យើង ជាសារមួយបង្ហាញយ៉ាងច្បាស់ថា ចក្រភពអង់គ្លេស និងអន្តរជាតិ នៅតែប្រឆាំងចំពោះសង្រ្គាមខុសច្បាប់ ហើយនឹងធ្វើជាស្មាបង្អែកតាមរយៈការផ្តល់ជំនួយយោធា សម្រាប់អ៊ុយក្រែន។

រដ្ឋមន្រ្តីការពារជាតិអង់គ្លេស រូបនេះ បាននិយាយថា ការផ្គត់ផ្គង់អាវុធខាងលើនេះ នឹងជួយអ៊ុយក្រែនដើម្បីប្រឆាំងនឹងសព្វាវុធទំនើបៗរបស់រុស្ស៉ី ការធ្វើឱ្យអ៊ុយក្រែនមានទុនអាចប្រយុទ្ធគ្នាបាន។

ចាប់តាំងពីសង្រ្គាមផ្ទុះឡើង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បង្កឡើងដោយប្រទេសរុស្ស៊ីលុកលុយទៅក្នុងប្រទេសអ៊ុយក្រែននោះមក អង់គ្លេសបានបញ្ជូនជំនួយផ្នែកយោធា សរុបប្រមាណ ជាង២ពាន់លានដុល្លារ ដល់អ៊ុយក្រែន ដែលមានចំនួនច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក។

ចក្រភពអង់គ្លេស ក្នុងពេលដែល លោក បូរីស ចនសុន កាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស គឺជាប្រទេសមួយដែលបានគាំទ្រខ្លាំងបំផុតនៃកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ដើម្បីទប់ទល់នឹងកងកម្លាំងរុស្ស៊ី ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបើកការឈ្លានពានទៅលើអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។ ក្នុងនោះ ចាប់តាំងពីសង្គ្រាមផ្ទុះឡើង រដ្ឋាភិបាលអង់គ្លេស បានបញ្ជូនមីស៊ីលធំៗ សម្រាប់ប្រឆាំងរថក្រោះរុស្ស៊ី ប្រព័ន្ធការពារដែនអាកាស និងអាវុធផ្សេងទៀតទៅកាន់អ៊ុយក្រែន។

ការធ្វើសង្គ្រាមរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ត្រូវបានមជ្ឈដ្ឋានអន្តរជាតិ មើលឃើញថា ការវាយប្រហាររបស់ប្រធានាធិបតីរុស្ស៊ី លោក ពូទីន គឺមិនត្រឹមតែបង្កឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងគំរាមកំហែងដល់សន្តិភាព និង សន្តិសុខនៅទូទាំងទ្វីបអឺរ៉ុបផងដែរ ដូច្នេះហើយបានជាបណ្ដាប្រទេសលោកខាងលិច ចេះតែភ័យខ្លាចចំពោះរុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×