ស្រីៗយើងនេះណា៎ ពេលមានគូស្នេហ៍ ក៏តែងតែមានអារម្មណ៍ ចង់តែគ្រប់គ្រងអ្វីៗគ្រប់យ៉ាង ដែលជារបស់គូស្នេហ៍តែម្នាក់ឯង អ្នកផ្សេងហាមប៉ះ អ្នកណាក៏ដោយ ហាមមើល!…តែអារម្មណ៍ ដែលចង់តែគ្រប់គ្រង ហួងហែងលើគូស្នេហហ៍ខ្លាំងជ្រុលពេក រហូតដល់ក្លាយជាការរុកកួន រំខានភាពឯកជនរបស់គេ ដូចជា ចាប់ផ្ដើមរំខានទៅដល់ធុរៈការងាររបស់គូស្នេហ៍ជាមួយមិត្តភក្តិ ឬក្រុមគ្រួសាររបស់គេ, ចាប់ផ្ដើមហាមប្រាម មិនឱ្យគូស្នេហ៍ទៅធ្វើអ្វីដែលគេចូលចិត្ត, ចាប់ផ្ដើមតាមសួរដេញដោល ពីទីកន្លែងដែលគេទៅរៀងរាល់ ១ម៉ោងម្ដងជាដើមនោះ បែបហ្នឹង គេហៅថា “ប្រចណ្ឌខុសប្រក្រតី” ហើយ ហើយទាំងអស់ហ្នឹង វានឹងនាំមកនូវបញ្ហាដល់សម្ព័ន្ធស្នេហ៍ ឬជីវិតអាពាហ៍ពិពាហ៍របស់អ្នកជាមិនខាន។
ដូច្នេះបើនារីៗយើងណា មិនដឹងថាខ្លួនឯងជាមនុស្សប៉ិនប្រចណ្ឌ ឬយ៉ាងណានោះ សូមសាកល្បងមើលចំណុចទាំង៣ ខាងក្រោមនេះទៅមើល៍ បើមានទង្វើដូច ៣ចំណុចហ្នឹង សូមឱ្យដឹងខ្លួនទៅថា គូស្នេហ៍របស់អ្នក ចាប់ផ្ដើមមានអារម្មណ៍ទើសទាល់នឹងរូបអ្នកហើយ…(និយាយមែនណា៎)។
១.មានអារម្មណ៍ជ្រួលច្រាល នៅមិនសុខ ចំពោះការប្រើប្រាស់ទូរស័ព្ទរបស់គូស្នេហ៍
នៅពេលដែលទង្វើ នៃការប្រើទូរស័ព្ទរបស់គូស្នេហ៍ ក្លាយជារឿងដែលធ្វើឱ្យអ្នកមានអារម្មណ៍ជ្រួលច្របល់ នៅមិនសុខ ឬមិនសប្បាយចិត្ត ដូចជាពេលអ្នកទូរស័ព្ទទៅហើយ តែគាត់មិនលើក ឬពេលទូរស័ព្ទទៅ ឃើញតែជាប់រវល់រហូត ធ្វើឱ្យអ្នកកើតមានអារម្មណ៍ហ្មងសៅ ឬមួម៉ៅឡើងភ្លាមតែម្ដង។ នោះបង្ហាញថា អ្នកជានារីម្នាក់ ដែលប្រចណ្ឌច្រើនជ្រុលពេកហើយ និងមិនមែនត្រឹមតែប្រចណ្ឌទេ តែថែមទាំងគិតផ្ដេសផ្ដាស់ច្រើនទៀតផង ព្រោះថា ពេលខ្លះគាត់អាចមិនបានកាន់ទូរស័ព្ទជាប់ដៃរហូតទេ ឬជួនកាលនៅកន្លែងធ្វើការ គាត់អាចនឹងកំពុងប្រជុំ ជាដើម-ល- ហើយបើ Call ទៅហើយ ទូរស័ព្ទគាត់បែរជាជាប់រវល់យូរនោះ តើរឿងអី បានជាអ្នកទៅជាគិតថា គាត់កំពុងតែនិយាយជាមួយស្រីផ្សេងទៅវិញ? ជួនកាលគាត់អាចជាប់ជជែករឿងការងារជាមួយមិត្តភក្តិ ឬជាមួយម្ដាយរបស់គាត់ផង ក៏អាចថាបានដែរ។ ដូច្នេះ ចូរកាត់បន្ថយការគិតច្រើននេះចេញខ្លះ ហើយបន្ថែមក្ដីជឿទុកចិត្តលើគាត់ ឱ្យបានច្រើនឡើង ទើបជាការល្អ។ ការជឿទុកចិត្តគ្នាទៅវិញទៅមក គឺជារឿងសំខាន់ខ្លាំងណាស់ សម្រាប់គូស្នេហ៍នីមួយៗ។
២.តាមដានជីវិតគាត់ជាប់ស្អិត បែបមិនឱ្យដឹងខ្លួន
លួចតាមដាន លួចឆែកឆេរលើបណ្ដាញសង្គមរបស់គាត់ ជាពិសេស Facebook ព្រោះក្នុងចិត្តចេះតែគិតថា គាត់អាចធ្វើដូចជាមិនមានអ្វីកើតឡើង ដើម្បីបន្លំភ្នែកភរិយា ឬគូស្នេហ៍ដូចជារូបយើង តែគាត់អាចនឹងទៅលួចជួបគ្នានៅកន្លែងណាមួយ ក៏ថាបានដែរ…គិតចប់ពឹប! ក៏ស្ទុះវឹង ទៅលួចតាមដានមើលគាត់នៅក្បែរកន្លែងធ្វើការ ឬនៅកន្លែងដែលគាត់តែងចូលចិត្តទៅញឹកញាប់នោះ មិនឱ្យគាត់ដឹងខ្លួនឡើយ។ ទៅលបពួនសម្ងំ ដើម្បីលួចមើលទង្វើរបស់គាត់ពីចម្ងាយ យ៉ាងហួងហែង និងចាំចាប់កំហុស…។ អៃយ៉ា! ម៉េចបានជាធ្វើអ៊ីចឹងទៅកើតហ្ន៎? គាត់ហ្នឹង ជាស្វាមីរបស់អ្នកតើ! ម៉េចបានទៅលួចតាមដាន ធ្វើដូចគាត់ជាឧក្រិដ្ឋជនធ្ងន់ធ្ងរអីយ៉ាងនេះ?!។ បើអ្នកនាងកញ្ញាៗណាដឹងខ្លួនថា ខ្លួនឯងកំពុងធ្វើដល់ថ្នាក់ហ្នឹងហើយ យើងសូមប្រាប់ទៅចុះថា វាដូចជាខុសប្រក្រតីខ្លាំងពេកហើយ។ អ្នកគឺជាមនុស្ស ដែលមិនទុកចិត្តគូស្នេហ៍ខ្លួនឯងយ៉ាងខ្លាំងបំផុត ហ្នឹងបើគាត់ចាប់បានថា អ្នកបាននិងកំពុងលួចតាមដានគាត់ ហើយគាត់នឹងសុំលែងលះគ្នាផងនោះ សូមប្រាប់ទៅចុះថា គាត់អត់ខុសទេណា៎ ប្រាប់ឱ្យដឹងទៅ…។
៣.អត់ទុកចិត្តមនុស្សថ្មីៗ
រឿងចាស់មិនទាន់បាត់ភ័យ រឿងថ្មីក៏មកដល់ទៀត នេះគឺជាអារម្មណ៍របស់អ្នក នៅពេលគូស្នេហ៍របស់អ្នក ណែនាំឱ្យស្គាល់មនុស្សថ្មីៗ ហើយបើរឹតតែនារីម្នាក់នោះ មានមុខមាត់ស្អាតបាតផងនោះ អ្នកអាចនឹងមានអារម្មណ៍ គិតតែផ្ដេសតែផ្ដាស់តែម្នាក់ឯងថា នារីម្នាក់នោះ ជាមនុស្សដែលមកធ្វើឱ្យស្វាមីរបស់អ្នកញាប់ញ័រមិនខាន…។ គិតឃើញភ្លាម ក្ដីប្រចណ្ឌក៏ពុះគ្រាក់ៗឡើងភ្លែត រហូតដល់លាក់អាការលែងជាប់តែម្ដង ហើយវាក៏ក្លាយជារឿង ដែលធ្វើឱ្យអ្នកមានអារម្មណ៍ចង់តែតាមស៊ើប ឱ្យដឹងថា តើស្រីម្នាក់ហ្នឹងជានរណា? មកពីណា? ស្និទ្ធស្នាលជាមួយប្ដីយើង កម្រិតណា?!។ តែ ឈប់សិន!! យើងចង់ប្រាប់ថា ទោះរូបគេជានារី ដែលស្គាល់គ្នាជាមួយគូស្នេហ៍របស់អ្នក បែបជិតស្និទ្ធមែនក្ដី តែនាងអាចរៀបការមានស្វាមី និងកំពុងមានកូនខ្ចីទៀតផងក៏មិនដឹង? ឬអាចជាមិត្តរួមការងារ ដែលអាចនឹងក្លាយជាមិត្តជិតដិតនឹងរូបអ្នកនៅថ្ងៃក្រោយផង ក៏អាចថាបានដែរ។ ដូច្នេះកុំអាលជ្រួលច្របល់ ទៅប្ដឹងផ្ដល់មុនកើតរឿងឱ្យសោះ។ រឿងមិនទុកចិត្តអ្នកដទៃ វាមិនអីប៉ុន្មានទេ តែត្រូវចេះទុកចិត្តស្វាមីខ្លួនឯងខ្លះផង គាត់អាចនឹងស្រឡាញ់អ្នក ខ្លាំងជាងអ្នកគិតទៅទៀត ក៏ថាបានដែរណា៎…ម៉េចបានមិនគិតដល់ចំណុចហ្នឹងផង ហ្អា៎!?។
…ម៉េចដែរ ត្រូវប៉ុន្មានចំណុចដែរ? បើបានអានហើយដឹងថា ខ្លួនមានក្ដីប្រចណ្ឌដូចក្នុងទាំង ៣ចំណុចហ្នឹងមែននោះ ចូរឆាប់ៗផ្លាស់ប្ដូរគំនិតជាបន្ទាន់ ព្រោះអាទាំងអស់ខាងលើហ្នឹង ប្រុសៗគេមិនចូលចិត្តទេ ហេងស៊យអាចក្លាយជាមូលហេតុចម្បង ដែលធ្វើឱ្យមានការលែងលះគ្នាបានទៀតផង តិចថាចាស់ៗមិនបានប្រាប់…៕