Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី និងសម្រស់៖ មហាកំពូលរឹងមាំ!! លោកយាយ វ័យ៩១ ប្រែក្លាយខ្លួនឯងជា គ្រូបង្វឹកហ្វ៊ីតនេស ទោះក្បាច់ពិបាកប៉ុនណា ក៏មិនខ្លាច!

spot_img

យើងនាំគ្នាមកស្គាល់ លោកយាយ «ថាឃិឈិម៉ាក់ មិកៈ» គ្រូបង្វឹកហ្វ៊ីតនេស ដ៏រឹងមាំ ទោះជាអាយុ ៩០ឆ្នាំហើយក៏ដោយ តែនៅតែមាំមួន បង្ហាត់ក្បាច់ហាត់ប្រាណ បានយ៉ាងសប្បាយៗ ចង់ក្បាច់ពិបាកប៉ុនណា ក៏មិនខ្លាចដែរ!

អាចនិយាយបានថា អាយុមិនមែនជាឧបសគ្គសោះឡើយសម្រាប់ «ថាឃិឈិម៉ាក់ មិកៈ» លោកយាយ វ័យ ៩១ឆ្នាំ ដែលទោះជាអាយុច្រើនហើយក៏ដោយ តែក៏នៅតែមាំមួន ជាគ្រូបង្វឹកហាត់ប្រាណ និងថែមទាំងប្រាប់ថា នឹងធ្វើការងារនេះ រហូតដល់អាយុគ្រប់ ១០០ឆ្នាំទៀតផង។

លោកយាយ ថាឃិឈិម៉ាក់ កើតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៣១ បាននិយាយរៀបរាប់អំពីការក្លាយជាគ្រូបង្វឹកហាត់ប្រាណនេះថា លោកយាយរៀបការតាំងពីអាយុ ២៩ឆ្នាំ បន្ទាប់ពីនោះ ក៏បំពេញតួនាទីជាមេផ្ទះរហូតមក ធ្វើឱ្យមិនសូវមានពេលវេលាមើលថែទាំខ្លួនឯងប៉ុន្មានឡើយ និងត្រូវគេសួរនាំពីរឿងទម្ងន់ខ្លួន(ធាត់)ជាប្រចាំ។ រហូតដល់អាយុ ៦៥ឆ្នាំ ទើបសម្រេចចិត្តធ្វើការហាត់ប្រាណយ៉ាងពិតប្រាកដ។

តមក ពេលលោកយាយ ថាឃិឈិម៉ាក់ អាយុ ៧៩ឆ្នាំ ក៏ចាប់ផ្ដើមជួលគ្រូបង្វឹកមកបង្ហាត់ក្បាច់ហាត់ប្រាណ។ ច្រើនឆ្នាំក្រោយមក គ្រូបង្វឹកក៏មើលឃើញពីទេពកោសល្យ និងក្ដីព្យាយាមរបស់លោកយាយ ក៏សាកល្បងស្នើឱ្យលោកយាយមកធ្វើជាគ្រូបង្វឹកម្ដង។ លោកយាយ ក៏ឆ្លើយយល់ព្រម និងក្លាយជាគ្រូបង្វឹកហ្វ៊ីតនេស នៅពេលអាយុ ៨៧ឆ្នាំ។

«ខ្ញុំចូលក្លិបហ្វ៊ីតនេសហាត់ប្រាណ ព្រោះត្រូវការសម្រកទម្ងន់តែប៉ុណ្ណោះ ពេលសម្រកបានសម្រេចហើយ តមក ខ្ញុំក៏ចង់បានរាងកាយផ្នែកខាងក្រោមឱ្យរឹងប៉ឹង និងតាមដោយការចង់បានស្មាបើកធំ និងចង្កេះរៀវ តែយូរៗទៅ មិនដឹងយ៉ាងម៉េច ស្រាប់តែខ្ញុំ ក្លាយជាគ្រូបង្ហាត់ក្បាច់ហាត់ប្រាណដល់អ្នកឯទៀត(សើច)»

ចំណែកគន្លឹះក្នុងការមើលថែទាំសុខភាព លោកយាយ ថាឃិឈិម៉ាក់ ប្រាប់ថា មិនដែលគ្រប់គ្រងការហូបចុកទេ គ្រាន់តែប្រយ័ត្នអ្វីដែលយើងញ៉ាំចូលទៅប៉ុណ្ណោះ។ លោកយាយចូលចិត្តទទួលទានអាហារ ពពួកជ្រក់ត្រាំ គិមឈី ណាត់តូ មិសូ ចំណែកបន្លែ និងអាហារពពួកប្រូតេអ៊ីន ក៏សំខាន់ដែរ គួររៀបចំឱ្យមានតុល្យភាព តាមដោយការក្រេបស្រាក្រហមស្រាលៗ និងប្រកាន់ទស្សនៈ “ហាត់ប្រាណឱ្យស្មើគ្នានឹងញ៉ាំ”។

ឧទាហរណ៍ដូចជា អាហារពេលព្រឹក លោកយាយនឹងទទួលទាន ណាត់តូ ស៊ុតឆៅ បន្លែជ្រក់ ស៊ុបមីសូ និងផ្សេងៗទៀត ដែលល្អចំពោះពោះវៀន និងប្រព័ន្ធរំលាយអាហារ។ អាហារថ្ងៃត្រង់ នឹងទទួលទានបែបស្រាលៗដូចជា ផ្លែចេក យ៉ាអួ ចំណែកអាហារពេលល្ងាច មានបន្លែភាគច្រើន និងញ៉ាំស្រាក្រហម 1កែវពេញ។

លោកយាយ ថាឃិឈិម៉ាក់ ចំណាយពេលគេងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយចូលសម្រាន្តតាំងពីម៉ោង២៣.០០ និងភ្ញាក់នៅអំឡុងម៉ោង៣.០០-៥.០០ ទៀបភ្លឺ ដើម្បីហាត់ប្រាណនៅពេលព្រឹកព្រលឹម ដោយការដើរ និងរត់ យ៉ាងតិច ២ម៉ោង ឬបើរាប់ជំហានវិញ ត្រូវដើរ ឬរត់យ៉ាងតិច ១៥ ០០០ជំហាន និងមុនចូលសម្រាន្ត តែងធ្វើម៉ាស្សាជើងជាប្រចាំ ដើម្បីជាការជំរុញចលនាម្រាមជើង និងបាតជើង។

ការក្លាយមកជាគ្រូបង្វឹកហ្វ៊ីតនេស ឬគ្រូបង្វឹកហាត់ប្រាណ នៅពេលដែលអាយុច្រើនបែបនេះ មិនមែនជារឿងងាយឡើយ តែក៏មិនមែនជារឿងពិបាកដែរ ដោយលោកយាយ ថាឃិឈិម៉ាក់ យល់ឃើញថា បើយើងធ្វើបានល្អបំផុត ព្យាយាមឱ្យដល់ទីបំផុត យើងក៏អាចទទួលបានជោគជ័យដែរ និងអ្វីដែលសំខាន់ អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ គ្មាននរណាម្នាក់ចាស់ហួសនោះទេ បើចង់ចាប់ផ្ដើមធ្វើរឿងអ្វីមួយ៕

spot_img
×