ប្រភពពីគេហទំព័រស្ថានីយ៍វិទ្យុ និងទូរទស្សន៍វៀតណាម ឲ្យដឹងថា ដើមទឹកដោះគោតៃវ៉ាន់កំពុងត្រូវបានមជ្ឈដ្ឋានអ្នកដាំដើមឈើហូបផ្លែរុករក ព្រោះកន្លងមកផ្លែនេះត្រូវបាននាំចូល និងលក់ដាច់ក្នុងតម្លៃយ៉ាងថ្លៃ ។ ម្យ៉ាងទៀត វាជាអម្បូរផ្លែទឹកដោះខុសប្លែកពីយើងធ្លាប់ឃើញ ដោយហេតុពេលទុំវាមានពណ៌លឿង ទិន្នផលខ្ពស់ ហើយសំខាន់នោះវាចេញផ្លែមករហូត ។
ក្នុងចម្ការរបស់លោក Tran Van Ro នៅប្រជុំជន Nga Bay ខេត្ត Hau Giang មានដាំប្រភេទដើមទឹកដោះគោចម្លែកច្រើនគួរសម ។ ម្ចាស់ចម្ការនេះឲ្យដឹងថា វាជាពូជទឹកដោះគោតៃវ៉ាន់ ត្រូវបានអ្នកស្គាល់គ្នាម្នាក់ផ្តល់ដើមពូជឲ្យ ។
លោកបានដាំដើមទឹកដោះនេះ ៣-៤ ឆ្នាំមកហើយ វាចាប់ផ្តើមចេញផ្លែ ហើយពេលផ្លែវានៅខ្ចី វាមានពណ៌បៃតងលឿងស្រាល ហើយរលោងគួរឲ្យគយគន់ ។
បន្ទាប់មកផ្លែទឹកដោះគោនេះ វាចាប់ផ្តើមប្តូរទៅកាន់ពណ៌លឿងឆ្អៅដូចមាសនៅពេលវាទុំ ហើយពេលយើងបរិភោគវាមានឱជារសផ្អែមឆ្ងាញ់ និងមានក្លិនទឹកដោះ ។
ម្ចាស់ចម្ការរូបនេះ ប្រាប់ថា ពេលសំឡឹងមួយភ្លែតដើមទឹកដោះនេះងាយច្រឡំនឹងដើម Lekima ថ្វីត្បិតលោកទើបដាំបានមួយរយៈខ្លី ប៉ុន្តែចម្ការដើមទឹកដោះចម្លែកនេះ ត្រូវបានគេមកសុំមើលមិនឈប់ ព្រមទាំងសាកសួររកពូជដើម្បីដាំ ។
ផ្លែទឹកគោលឿង គឺជាផ្លែឈើពិសេសមួយរបស់តៃវ៉ាន់ វាត្រូវបាននាំចូលលក់ក្នុងទីផ្សាវៀតណាម ក្នុងតម្លៃប្រមាណ 300.000-350.000 ដុង ។ ថ្វីបើវាមានតម្លៃខ្ពស់យ៉ាងនេះក្តី ក៏មានអ្នកស្វែងរកទិញ ដើម្បីហូបសាកល្បង និងដោយសារវាមានសារជាតិបំប៉នខ្ពស់ ។
ផ្លែទឹកដោះគោលឿងតៃវ៉ាន់ មានរូបភាពខុសប្លែកទាំងស្រុងនឹងទឹកដោះគោនៅវៀតណាម សំបកក្រៅរបស់វាពណ៌លឿងឆ្អៅ ហើយរលោង នៅចុងផ្លែវាមានរាងដូចក្បាលដោះ ។ ពេលពុះវាជាពីរនឹងឃើញថា សំបកវាស្តើងណាស់ តែប្រហែល 2 mm ប៉ុណ្ណោះ នៅសាច់ខាងក្នុងមានគ្រាប់តែ១គត់ ប៉ុនម្រាមដៃ សាច់វាក្រាស់មានឱជារសផ្អែមត្រជាក់ និងក្លិនក្រអូប ។
ផ្លែទឹកដោះតៃវ៉ាន់មានបរិមាណវីតាមីន A ខ្ពស់ ហើយក៏សម្បូរទៅដោយវីតាមីន C ហេតុនេះវាពិតជាមានប្រសិទ្ធភាពបង្កើនថាមពលដល់ប្រព័ន្ធការពាររាងកាយប្រឆាំងតបនឹងជំងឺដង្កាត់ ជាហេតុនាំឲ្យមានអ្នកស្វែងរកទិញច្រើន ។
ម្ចាស់ចម្ការខាងលើដដែលប្រាប់ថា ដើមទឹកដោះនេះងាយដាំណាស់ ហើយវាចេញផ្លែរហូតគ្មានរដូវកាល ៕ លីសា