ខណៈពេលនេះតារាចម្រៀង ស៊ឹម ថៃណា ហាក់ដូចជាអស់កម្លាំងចិត្ត ត្រៀមចិត្តទទួលយកការពិតពីស្ថានភាពជំងឺម្ដាយ បន្ទាប់ពីគ្រូពេទ្យបានប្រាប់ថា ជំងឺម្ដាយរបស់កញ្ញាឈានដល់ដំណាក់កាលចុងក្រោយហើយ ។
កញ្ញា ស៊ឹម ថៃណា បានចំណាយថវិកា ព្រមទាំងពេលវេលាជាច្រើនព្យាបាលជំងឺម្ដាយដែលឈឺរ៉ាំរ៉ៃអស់រយៈពេលយូរខែមកហើយ ហើយមកដល់ពេលនេះ ខណៈដែលម្ដាយរបស់កញ្ញាសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ គ្រូពេទ្យបានប្រាប់ថា សូមឱ្យក្រុមគ្រួសាររបស់កញ្ញាត្រៀមចិត្ត ព្រោះជំងឺម្ដាយឈានដល់ដំណាក់កាលចុងក្រោយពុំមានសង្ឃឹមឡើយ ។
ជាមួយគ្នានេះដែរ តារាម្រៀងនិយមបទមនោសញ្ចេតនារូបនេះ បានឱ្យដឹងជារឿយៗថា ខ្លួនអន់ចិត្តព្រោះពុំមានលទ្ធភាពបញ្ចូនម្ដាយទៅព្យាបាលនៅឯក្រៅប្រទេស ប៉ុន្តែមិនមែនមានន័យថាពេទ្រក្នុងស្រុកពុំមានលទ្ធភាពព្យាបាលទេ គ្រាន់តែកញ្ញាចង់ឱ្យអស់ចិត្តតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ម្ដាយរបស់កញ្ញា ស៊ឹម ថៃណា មានជំងឺក្រលៀន និងបេះដូង ដំណាក់កាលធ្ងន់ធ្ងរ រហូតដល់ពុំមានសង្ឃឹមថានឹងជាសះស្បើយឡើយ ខណៈដែលពេលនេះ កំពុងត្រៀមបញ្ជូនអ្នកជំងឺត្រឡប់ទៅផ្ទះវិញហើយ ៕ សាវុធ