ក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យុល (Yoon Suk-yeol) និង លោក អាន់តូនីញ៉ូ ហ្គូទែររ៉ែស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២ ដែលគ្រានោះ ហ្គូទែររ៉ែស បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងទាំងស្រុង ហើយក៏ធ្វើឲ្យរដ្ឋាភិបាលកូរ៉េខាងជើងឆេះដុំ ព្រមានធ្ងន់ៗថា ប្រយ័ត្នសម្ដី សម្រាប់ការនិយាយលម្អៀងបែបនេះ។
ក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្ដីថ្លែងការណ៍មួយ ប្រតិកម្មយ៉ាងខ្លាំង ហើយត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកូរ៉េខាងជើង KCNA និងដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ការណ៍ដែល លោក អាន់តូនីញ៉ូ ហ្គូទែររ៉ែស ថ្លែងគាំទ្រដល់ការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងទាំងស្រុងនោះ គឺសូមឱ្យប្រមុខ UN រូបនេះ ប្រយ័ត្នប្រយែងពាក្យសម្ដី នៅចំពោះមុខភាពតានតឹងនៃតំបន់ឧបទ្វីបកូរ៉េ។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើង បានបង្ហាញថា ខ្លួនចាត់ទុកថា ការកត់សម្គាល់របស់ លោក ហ្គូទែររ៉ែស មានភាពលម្អៀង ដោយសារតែកន្លងមក ទីក្រុងព្យុងយ៉ាង បានបញ្ជាក់ជំហរថា ការរំសាយអាវុធនុយក្លេអ៊ែរ ត្រូវតែធ្វើឡើងនៅទូទាំងតំបន់ឧបទ្វីបកូរ៉េទាំងមូល ហើយក្នុងនោះរួមមានទាំងការដកកងទ័ព និងសព្វាវុធរបស់សហរដ្ឋអាមេរិកចេញពីតំបន់ផងដែរ មិនមែនប្រើពាក្យរំសាយអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើងតែម្នាក់ឯងនោះទេ។
ករណីនេះ ក្រុមអ្នកជំនាញភាគច្រើនយល់ថា កូរ៉េខាងជើង គ្មានផ្លូវរំសាយ ឬបោះបង់ចោលអាវុធនុយក្លេអ៊ែរឡើយ រីឯ សហរដ្ឋអាមេរិក ក៏នឹងមិនព្រមដកកងទ័ពរបស់ខ្លួន ដែលកំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង និងជប៉ុន ចេញនោះដែរ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលរាប់សិបគ្រាប់ ខណៈក្រុមមន្ត្រីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបាននិយាយថា របបដឹកនាំដោយលោក គីម ជុងអ៊ុន កំពុងត្រៀមខ្លួនធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧មក។
ទោះជាយ៉ាងនេះក្ដី ភាពជាក់ស្ដែងដែលកំពុងតែធ្វើឲ្យមានហានិភ័យសម្រាប់ពិភពលោកនោះ គឺរុស្ស៉ី និងអ៊ុយក្រែន កំពុងចោទប្រកាន់គ្នាទៅវិញទៅមក ទាក់ទងនឹងការវាយប្រហារនៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរ៉ូហ្ស៉ីយ៉ា (Zaporozhia) ដែលកំពុងគ្រប់គ្រងដោយរុស្ស៊ីដណ្ដើមបានពីអ៊ុយក្រែន, ហើយថា គ្រាប់បែក កាំភ្លើងធំ របស់អ៊ុយក្រែនកំពុងតែហោះហើរកៀកៗរោងចក្រនេះ ដែលវានឹងអាចប៉ះទង្គិចផ្ទុះឆេះលេចធ្លាយសារធាតុវិទ្យុសកម្ម ឬមហន្តរាយ ដោយនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានបង្ហាញថា ហ្សាប៉ូរ៉ូហ្ស៉ីយ៉ា (Zaporozhia) គឺជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅអឺរ៉ុប ហើយរក្សាទុកសារធាតុអ៊ុយរ៉ានីញ៉ូម និងប្លាតូនីញ៉ូមរាប់សិបតោន នៅក្នុងម៉ាស៉ីនរ៉េអាក់ទ័រ បន្ថែមពីលើប្រេងឥន្ធនៈដែលមានស្រាប់។ មន្រ្តីជំនាញនុយក្លេអ៊ែរ មិនអាចចូលទៅកាន់កន្លែងនេះបានទេ ចាប់តាំងពីកងកម្លាំងរុស្ស៊ីដណ្តើមកាន់កាប់បានកាលពីសង្គ្រាមលុកលុយដំបូងរបស់រុស្ស៊ី៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN










