អាមេរិក ៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឆ្លើយតបទៅនឹង បញ្ហាជុំវិញការចុះឆែកឆេរស្វែងរកឯកសារសម្ងាត់ ជាពិសេស ឯកសារពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរនៅឯផ្ទះរបស់លោកនៅរដ្ឋផ្ល័រីដានោះ លោកបានបានបដិសេធថា លោកមិនបានលួចលាក់ ទុកឯកសារសម្ងាត់ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរនោះទេ។
អតីតប្រធានាធិបតីអាមេរិក ដែលមានឥរិយាបថរបិញរបុញរូបនេះបានបរិហារសមត្ថកិច្ច FBI ថា មានស្ដង់ដារពីរ និងចោទប្រកាន់ថា អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ក៏ធ្លាប់បានលួចលាក់ទុកឯកសារសម្ងាត់ផងដែរ ហេតុម៉េចមិនមានវិធានការ ?! មានវិធានការអ្វីតែមកលើរូបលោក ?! លោកចាត់ទុកថា នេះគឺជារឿងនយោបាយដើម្បីទម្លាក់ប្រជាប្រិយភាពរបស់លោក ព្រោះថា លោកក៏មានបំណងត្រៀមខ្លួនឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកនៅអាណត្តិថ្មីនេះទៀតផងដែរ។
បើតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន New York Times នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា លោក ដូណាល់ ត្រាំ បានធ្វើសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនទៅកាន់ក្រុមអ្នកគាំទ្ររបស់លោកថា លោកសូមបដិសេធថា លោកមិនបានលួចលាក់ ទុកឯកសារសម្ងាត់ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ ដូចដែលប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយយ៉ាងព្រោងព្រាតនោះទេ។

ករណីដែលគេលើកឡើងនេះគឺអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ក៏ធ្លាប់បានលួចលាក់ទុកឯកសារសម្ងាត់ដែរ នៅពេលលោកចាកចេញពីសេតវិមាន។
លោក ដូណាល់ ត្រាំ បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ថា អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ធ្លាប់បានរក្សាទុកឯកសារជាង ៣៣លានទំព័រឯណោះ ហើយក្នុងនោះ ភាគច្រើនជាឯកសារសម្ងាត់ជាតិ។ ថាតើ នៅក្នុងចំណោមឯកសារទាំងនោះ មានពាក់ព័ន្ធនឹងនុយក្លេអ៊ែរច្រើនប៉ុនណាទៅ? ពោលគឺ វាមានច្រើនណាស់។
ទាក់ទងនឹងការរាលដាលដល់ លោក បារ៉ាក់ អូបាម៉ា ផងដែរ ត្រូវបានមជ្ឈមណ្ឌលឯកសារជាតិអាមេរិក អះអាងថា លោក បារ៉ាក់ អូបាម៉ា មិនមានលួចលាក់ទុក ឯកសារសម្ងាត់ ដូច លោក ត្រាំ លើកឡើងនោះទេ ព្រោះសមត្ថកិច្ច FBI បានធ្វើការនេះយ៉ាងល្អិតល្អន់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN







