Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរជ័យលាភីអាហារូបករណ៍ជប៉ុន JDS និងចាត់ទុកជ័យលាភីទាំងអស់ គឺជាធនធានដ៏មានសក្តានុពល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលជួបសំណេះសំណាល  និង​រៀប​ចំពិធីអាហារសាមគ្គីជូនដំណើរជ័យលាភីអាហារូបករណ៍JDS  និងអាហារូបករណ៍MEXT ក្នុងក្របខ័ណ្ឌ​អ្នកដឹក​នាំវ័យក្មេង ឆ្នាំ២០២២-២០២៣ ដែលត្រូវចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន។ លោក ហេង សួរ បានចាត់ទុកជ័យលាភីទាំងអស់គឺជាធនធានដ៏មានសក្តានុពល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ការលើកឡើងនេះ គឺធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ហេង សួរ​ប្រធានក្រុមការងាររៀបចំអង្គការ​ចាត់តាំង​យុវជន​គណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍  បានអញ្ជើញជាអធិបតីតំណាង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយនិស្សិត​ទទួល​ជ័យលាភីអាហាររូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២២-២០២៣  ចំនួន៣១រូប នៅសណ្ឋាគារភ្នំពេញ នាល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។

ពិធីនេះក៏មានការចូលរួមពីអតីតនិស្សិតសិក្សានៅប្រទេសជប៉ុន និងក្រុមការងាររៀប​ចំអង្គការចាត់តាំង​យុវជន​គណបក្ស​ប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ សរុបចំនួន ៨១រូប។

នាឱកាសនោះ ឯកឧត្តមហេង សួរ បានពាំនាំនូវការផ្តាំសួរសុខទុក្ខ និងសេចក្តីអបអរសាទររបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះជ័យលាភីអាហារូបករណ៍ទាំងអស់។  ឯកឧត្តម ហេង សួរ ​បានផ្តល់​អនុសាសន៍​ដល់និស្សិតជ័យលាភីអាហាររូបករណ៍ទាំងអស់ ឲ្យយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ដោយ​សារ​កត្តាសុខភាព គឺជាកត្តាសំខាន់បំផុតមុននឹងឈានទៅរកភាពជោគជ័យក្នុងការសិក្សា និងការបំពេញ​ការ​ងារផ្សេងៗ។ ជាពិសេសក្នុងបរិបទកូវីដ-១៩នេះ និសិ្សតគប្បីយកចិត្តទុកដាក់រៀនរស់ជាមួយកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវវិធានអនាម័យ ធ្វើលំហាត់ប្រាណ និងលេងកីឡា ឲ្យបានជាប្រចាំ។

ឯកឧត្តមក៏បានជម្រាបជូនប្អូនៗនិស្សិតថា អាហាររូបករណ៍ដែលប្អូនៗទទួលបាននាពេលនេះ គឺកើត​ឡើង​ពីកត្តាសន្តិភាពដែលកម្ពុជាកំពុងមានដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងកិត្តិ​បណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ហេង សួរ បន្តថា ក្រៅពីសិក្សាជំនាញសិក្សានៅឯសាលា និស្សិតក៏ត្រូវព្យាយាមក្រេបយ​កបទ​ពិសោធន៍​រស់នៅក្នុងប្រទេសជប៉ុន ព្រោះថាប្រជាជនជប៉ុនមានវិន័យ និងការគោរពគ្នាបានយ៉ាងល្អ។ ឯកឧត្តមហេង សួរ ក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ធ្វើជាទូតសុឆន្ទៈរបស់កម្ពុជា ក្នុងការបង្ហាញពីវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីដ៏ផូរផង់របស់កម្ពុជាទៅកាន់និស្សិត និងប្រជាជនជប៉ុន ក៏ដូចជាប្រជាជាតិដទៃទៀត ដែលនិស្សិតបានជួបប្រាស្រ័យទាក់ទង ក្នុងអំឡុងពេលសិក្សានៅក្នុងប្រទេសនោះ។

គួរបញ្ជាក់ជូនដែរថា អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន (Human Resource Development Scholarship by Japanese Grant Ad/JDS) ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០០០ ក្រោមជំនួយឥត​សំណង​របស់រាជរដ្ឋាភិបាលជប៉ុន។ អាហារូបករណ៍ JDS ផ្តោតសំខាន់​លើមន្ត្រីរាជការវ័យក្មេង​ដែលមាន​សមត្ថភាព ដើម្បីចូលរួមក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចក្នុងនាម​ជាអ្នកដឹកនាំ​នាពេល​អនាគត។

គិតមកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូននិស្សិតសរុបប្រមាណជិត ៥០០នាក់ ទៅសិក្សានៅប្រទេសជប៉ុន​ក្រោម​គម្រោងអាហារូបករណ៍JDS។ ក្នុងឆ្នាំ២០២២នេះ មន្រ្តីរាជការកម្ពុជា សរុបចំនួន ២៦រូប បានទទួល​អាហា​រូបករណ៍ JDS ក្នុងនោះចំនួន ២រូប សិក្សាថ្នាក់បណ្ឌិត និង ២៤រូប សិក្សាថ្នាក់អនុបណ្ឌិត៕

×