Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ ដឹងទេថា នារីៗនឹកសង្ឃឹម ចង់បានអ្វីខ្លះ ពីអនាគតស្វាមី…

ភ្នំពេញ ៖ នារីៗគ្រប់រូប សុទ្ធតែមានក្តីស្រមៃក្នុងការមានក្រុមគ្រួសារដែលល្អ មានកូនៗល្អ និងដែលសំខាន់បំផុតនោះគឺ “មានស្វាមីល្អ ឬឪពុកល្អ”។ ការបានជួបគូស្នេហ៍ដែលល្អ អាចមិនមែនជារឿងពិបាកនោះទេ តែការបានជួបនឹងស្វាមីដែលល្អ មិនមែនជារឿងងាយឡើយ។ យើងជឿថា នារីៗយើងភាគច្រើន ច្បាស់ជាមានក្តីនឹកសង្ឃឹមចង់បានដូចៗគ្នា នៅក្នុងខ្លួនអនាគតស្វាមី ឬមេគ្រួសាររបស់ខ្លួនមិនខាន…ដូច្នេះ តើអនាគតស្វាមីដ៏ល្អ ដែលនារីៗយើងនឹកសង្ឃឹមចង់បាននោះ ត្រូវតែជាមនុស្សបែបណាទៅ?

១-គេត្រូវតែមានចំណែករួមជាមួយកូន
យើងសង្ឃឹមថា បុរសម្នាក់នោះនឹងលេងជាមួយកូន យកចិត្តទុកដាក់លើកិច្ចការងារផ្សេងៗរបស់កូន ដូចជា លេងបាល់ លេងឧបករណ៍តន្ត្រីផ្សេងៗ ឬអ្វីក៏ដោយ។ គេត្រូវតែមិនព្រងើយកន្តើយ ឬបណ្តោយកូន និងផ្តល់ភាពសំខាន់លើអ្វីដែលកូនចូលចិត្ត។
២-គេត្រូវតែធ្វើជាគំរូដ៏ល្អសម្រាប់គ្រួសារ និងកូនៗ
កូនរបស់យើងនឹងមានគំរូដែលល្អ ហើយសម្រាប់មេគ្រួសារវិញនោះ ការធ្វើជាគំរូដ៏ល្អ ពិតជាសំខាន់ចំពោះកូនខ្លាំងណាស់។

៣-គេត្រូវតែមិនធ្វើអ្វីលាក់កំបាំង
យើងមិនចង់ឱ្យកើតមានហេតុការណ៍ ដូចជា នៅពេលដែលកូនមកសុំការអនុញ្ញាតអ្វីមួយពីយើងហើយ យើងឆ្លើយថា “ទេ” តែកូនបែរជានិយាយថា “ទៅសុំប៉ាល្អជាង ប៉ាច្បាស់ជាឱ្យ” បែបហ្នឹងកើតឡើងឡើយ។ យើងសង្ឃឹមថា យើង ២នាក់ ត្រូវតែប្រកាន់ខ្ជាប់ និងមានភាពនឹងនរគ្រប់គ្រាន់។

៤-គេត្រូវតែបំពេញតួនាទីរបស់គេបានល្អ
យើងមិននឹកសង្ឃឹមថា អ្វីៗគ្រប់យ៉ាង ត្រូវតែជាតួនាទីរបស់យើងតែម្នាក់ឯងនោះទេ ដូចជា ប្តូរក្រណាត់កន្ទបកូន ងូតទឹកឱ្យកូន ឬភ្ញាក់ឡើងពេលយប់ជ្រៅ ដើម្បីលួងលោមកូនឱ្យបាត់យំនៅពេលយប់តែម្នាក់ឯង។ យើងនឹកសង្ឃឹមថា គេត្រូវតែជួយយើងបាន បើមិនច្រើនក៏តិចដែរ។

៥-យើងសង្ឃឹមថា គេនឹងមិនទម្រើសកូន
ក្នុងខណៈដែលយើងក្លាយជានាងយក្ខិណីក្នុងកែវភ្នែកកូន ហើយគេប្រែក្លាយជាលោកឪពុកចិត្តល្អ ដែលឱ្យអ្វីគ្រប់យ៉ាងដល់កូននោះ យើងនឹកសង្ឃឹមថា គេគួរតែជាឪពុកដែលកាច នៅពេលដែលត្រូវកាច និងស្លូតនៅពេលដែលគួរស្លូត។
៦-យើងសង្ឃឹមឱ្យគេបើកចិត្តទូលាយ
បញ្ហាក្នុងក្រុមគ្រួសារ យើងសង្ឃឹមថា យើង ២នាក់ត្រូវតែជួយគ្នា ហើយគេត្រូវតែហ៊ានបង្ហាញគំនិតយោបល់ ហ៊ានសម្រេចចិត្ត និងអាចកែបញ្ហាចំពោះមុខបាន។

៧-យើងសង្ឃឹមឱ្យគេស៊ូទ្រាំ
កូន គឺកែវភ្នែក និងបេះដូងរបស់យើងទាំង ២នាក់ ហើយយើងក៏សង្ឃឹមថា គេនឹងស៊ូទ្រាំជាមួយអាការងង៉ក់ ឌឺរឹង រពឹស និងអ្វីផ្សេងៗទៀតរបស់កូន និងរឿងដែលយើងត្រូវចាំទប់ទល់ជានិច្ចនោះ បានមិនខាន។
៨-យើងសង្ឃឹមថា គេនឹងមិនឈ្លោះជាមួយយើង នៅមុខកូន
អ្វីដែលយើងនឹកសង្ឃឹមនោះគឺ យើងនឹងមិនមួម៉ៅឡូឡា ឱ្យកូនឃើញជាដាច់ខាត រឹតតែការឈ្លោះគ្នានៅនឹងមុខកូនផងនោះ រឹតតែជារឿងមួយ ដែលត្រូវហាមឃាត់ជាដាច់ខាត ព្រោះគ្មានហេតុផលណាមួយ ដែលក្មេងម្នាក់ ត្រូវមកចាំទទួលរងអារម្មណ៍ក្រេវក្រោធ ធុញថប់ មួម៉ៅរបស់ឪពុកម្តាយនោះទេ។

៩-យើងសង្ឃឹមថា គេនឹងមិនធ្វើឱ្យកូនត្រូវជ្រើសរើសថា តើត្រូវទៅនៅជាមួយប៉ា ឬម៉ាក់ឡើយ
សម្រាប់ឪពុកម្តាយ យើងគឺមនុស្សតែ១។ ការចែកបក្ខ ចែកពួកនៅក្នុងផ្ទះ ឬការបែកបាក់ លែងលះគ្នា នឹងធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។
១០-យើងសង្ឃឹមថា គេនឹងផ្តល់កម្លាំងចិត្តដល់កូន
យើងនឹកសង្ឃឹមថា គេនឹងផ្តល់កម្លាំងចិត្តដល់កូន ដោយឈរលើមូលដ្ឋានរបស់ពាក្យថា “ពេញចិត្តបំផុត” មិនមែន “ឥតខ្ចោះបំផុត” នោះទេ៕

×