Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យោធាចិន បន្តធ្វើសមយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់ និងប្ដេជ្ញាថា ទោះប្រឈមនឹងសង្គ្រាមជាមួយបរទេស ក៏ត្រូវតែធ្វើដែរ

ចិន ៖ ខណ:ប្រតិភូនៃសមាជិកសភាអាមេរិក បានមកបំពេញទស្សនកិច្ចនៅដែនកោះតៃវ៉ាន់ជាថ្មីទៀត ហើយបានជួបជាមួយ លោកស្រី សៃ អ៉ីងវិន និងថ្នាក់ដឹកនាំតៃវ៉ាន់មួយចំនួនទៀតនោះ ទីបញ្ជាការយោធាចិនភូមិភាគខាងកើត បានប្រកាសថា ខ្លួនបានរៀបចំការធ្វើសមយុទ្ធចម្រុះក្នុងទម្រង់ល្បាត និងប្រយុទ្ធ នៅលើផ្ទៃសមុទ្រ និងផ្ទៃអាកាស ក្បែរកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទម្សិលមិញ។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា យោចិនបានសង្កត់ធ្ងន់ថា វាគឺជាការបង្ហាញពីគោលជំហរយ៉ាងរឹងមាំ ដើម្បីប្រឆាំងសហរដ្ឋអាមេរិក និងតៃវ៉ាន់ ដែលកំពុងបន្តលែងល្បែងនយោបាយ ហើយបង្កការប៉ះពាល់ចំពោះសុខសន្តិភាព និងស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់។ ការធ្វើសមយុទ្ធនេះ គឺជាអ្វីដែលទីក្រុងប៉េកាំង ចាត់ទុកថា ជាការរំលោភបំពានលើអធិបតេយ្យរបស់ខ្លួន។

ចំណែកក្រសួងការពារជាតិចិន បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតថា ទស្សនកិច្ចរបស់ក្រុមសមាជិកសភាអាមេរិក បានបំពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសចិន ហើយបានបកអាក្រាត មុខមាត់ពិតរបស់សហរដ្ឋអាមេរិក ឱ្យឃើញថា ជាអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

ក្រសួងការពារជាតិចិន បានបញ្ជាក់ថា កងទ័ពរំដោះប្រជាជនចិន នឹងបន្តហ្វឹកហាត់យោធា ហើយត្រៀមលក្ខណៈជានិច្ចសម្រាប់សង្រ្គាម ដើម្បីរក្សាការពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដី ព្រមទាំងកម្ទេចកម្លាំងអបគមន៍តៃវ៉ាន់ និងការជ្រៀតជ្រែកនានាពីកម្លាំងបរទេស ទោះក្នុងទម្រង់ណាក៏ដោយ។

បញ្ហាដែនកោះតៃវ៉ាន់នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីង (Wang Wenbin) បានថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ កន្លងទៅ ថា មានជាង១៧០ ប្រទេសនៅជុំវិញ ពិភពលោក បានបង្ហាញការគំាទ្រចំពោះចិនពាក់ព័ន្ធនឹងសំណុំរឿងតៃវ៉ាន់។

តែបើយើងពិនិត្យមើលខ្លឹមសារនៃសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសនៃបណ្ដាប្រទេសនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិកចំនួន ៣៣ រួមមាន តំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អាស៊ីកណ្ដាល និងតំបន់អូសេអានី គេសង្កេតឃើញថា មានការបញ្ចេញប្រតិកម្មផ្សេងៗគ្នា ដោយខ្លះគំាទ្រចិន, ខ្លះគំាទ្រ អាមេរិក, ខ្លះទៀតគាំទ្រចិន តែមិនថ្កោលទោសអាមេរិក ហើយគាំទ្រអាមេរិក តែមិនថ្កោលទោសចិន និងភាគច្រើនចង់នៅអព្យាក្រឹត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×